អន្តរជាតិ
មហា​យក្ស​ចិន​គ្មាន​មហិច្ឆតា​ប្រើ​គំនិត​ផ្តួចផ្តើម​«​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​»​ដើម្បី​កែប្រែ​សណ្តាប់ធ្នាប់​សេដ្ឋកិច្ចពិភពលោក​ឡើយ​
13, May 2017 , 8:19 pm        
រូបភាព
​កិច្ចប្រជុំ​កំពូល «​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​ដើម្បី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​»​ថ្ងៃ​១៤ ឧសភា នឹង​ប្រមូលផ្តុំ​បណ្តា​ភាគី​ពាក់ព័ន្ធ​តាំងពី​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​, តំណាង​ស្ថាប័នហិរញ្ញវត្ថុ​, អង្គការ​អន្តរជាតិ និង​អ្នកជំនាញ​ផង​ដើម្បី​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​និង​កំណត់​យុទ្ធសាស្ត្រ​ថ្មីៗ​ដើម្បី​អាចអនុវត្ត​គម្រោង​អភិវឌ្ឍ​ហេ​រដ្ឋា​ច​នា​សម្ព័ន្ធ​នេះ​ដោយ​ជោគជ័យ​។ មានមតិ​រិះគន់ថា ដោយ​ទទួលបាន​គាំទ្រ​ច្រើន​ពី​បណ្តា​ប្រទេស​នានា​ពាសពេញ​ពិភពលោក ចិន​កំពុង​ត្រៀម​ផ្លាស់ប្តូរ​សណ្តាប់ធ្នាប់​សេដ្ឋ​កិច្ច​ពិភពលោក​ស្រប​ពេលដែល​អាមេរិក​ព្យាយាម​ដកខ្លួន​ចេញ​ឆ្ងាយ​ពី​ចរន្ត​សាកលភាវូបនីយកម្ម​។ តែ​អ្នកជំនាញ​ជឿជាក់ថា ចិន​គ្មាន​មហិច្ឆតា​ប្រើប្រាស់​គំនិត​ផ្តួចផ្តើម​នេះ​ដើម្បី​ឈានទៅ​កែប្រែ​សណ្តាប់ធ្នាប់​សេដ្ឋកិច្ចពិភពលោក​ឡើយ​។



​ក្រុង​ប៉េកាំង​នឹង​រៀបចំ​ស្វាគមន៍​មេដឹកនាំ​ពិភពលោក​និង​បណ្តា​ប្រតិភូ​ជាន់ខ្ពស់​ជាច្រើន​ដែល​នឹង​មក​ចូលរួម​កិច្ចប្រជុំ​កំពូល ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​ដើម្បី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ចាប់ពី​ថ្ងៃ ១៤ ដល់​ថ្ងៃ ១៥ ខែឧសភា​នេះ​។ វេទិកា​ដ៏​ធំ​និង​សំខាន់​នេះ​នឹង​បើកទ្វារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដែល​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​ជជែក​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​និង​កំណត់​យុទ្ធសាស្ត្រ​ថ្មីៗ​ដើម្បី​ឈានទៅ​អនុវត្ត​គម្រោង​នេះ​ដោយ​ជោគជ័យ​។​
 
​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ចិន​សម្រាប់​ការសិក្សា​អន្តរជាតិ លោក Lui Chang បាន​រំពឹងថា ​កិច្ចប្រជុំ​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​របស់​ចិន​នៅពេល​ខាងមុខ​នឹង​ផ្តល់ឱកាស​ច្រើន​សម្រាប់​រាល់​ភាគី​ដែល​ចូលរួម​ទាំងអស់​ជាពិសេស​បង្កើត​ទំនាក់ទំនង​និង​ជំរុញ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការបន្ថែម​ឲ្យ​កាន់តែ​ស៊ីជម្រៅ​។ ហើយ​កិច្ចប្រជុំ​ខាងមុខនេះ ចិន​ក៏​ត្រៀម​បញ្ចេញ​គម្រោង ឬ​គំនិត​ផ្តួចផ្តើម​ថ្មី​ផ្សេងទៀត​។​

​លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​អ្វីដែល​សំខាន់​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង នឹង​បញ្ចេញ​សារសំខាន់​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​គម្រោង តាមរយៈ​សុន្ទរកថា​របស់លោក​នា​កិច្ចប្រជុំ​ខាងមុខនេះ​។ យើង​អាច​រំពឹង​បាន​ថា លោក​នឹង​ផ្តល់​សុន្ទរកថា​សង្ខេប​ពី​ភាពជោគជ័យ ក៏ដូចជា​អនុសាសន៍​នានា​ពាក់​ព័ន្ធគំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​ដែល​ត្រូវបាន​អនុវត្ត​ប៉ុន្មាន​ឆ្នាំ​មកនេះ រួមទាំង​សេចក្តីប្រកាស​ផ្សេងទៀត​ជាច្រើន​ទៀត​»​។​

​រដ្ឋាភិបាល​ចិន​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​គៀងគរ​រក​ការគាំទ្រ​ពី​សំណាក់​ប្រទេស​នានា​លើ​ពិភពលោក​ដើម្បី​ឲ្យ​គំនិត​ផ្តួចផ្តើម​នេះ​អាច​សម្រេច​ជោគជ័យ​នៅពេល​អនាគត​។ កិច្ចប្រជុំ​កំពូល​ថ្ងៃ ១៤ ដល់​ថ្ងៃ ១៥ ឧសភា នឹង​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ពី​ការគាំទ្រ​ជាស​កល​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ​ព្រោះ​មេដឹកនាំ​ប្រទេស​ជិត ៣០ រួមទាំង​ប្រតិភូ​តំណាង​ប្រទេស​, តំណាង​អង្គការ​អន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុ​ជាច្រើន​ទៀត​នឹងចូលរួម​ប្រជុំ​នៅ​ចិន​នេះ​។​

អវត្តមាន​មេដឹកនាំ​លោកខាងលិច មិនមែនជា​ការព្រងើយ​កន្តើយ​ដាក់​ចិន​

​ក្នុង​កិច្ចប្រជុំ​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​នៅ​ចិន វា​នឹងមាន​បណ្តា​ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​បរទេស​ចំនួន ២៨ ចូលរួម​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​បណ្តា​ប្រទេស​អឺរ៉ុប​ភាគច្រើន​មិនមាន​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​មក​ចូលរួម​ដោយផ្ទាល់​ឡើយ​។ សូម្បីតែ​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Theresa May ដែល​ទទួលបាន​លិខិតអញ្ជើញ​ផ្ទាល់​ពី​ក្រុង​ប៉េកាំង​ក៏​បដិសេធ​មក​ចូលរួម​ដោយផ្ទាល់​ដែរ ដោយមាន​លេស​ថា​លោកស្រី​មាន​បញ្ហា​ផ្ទៃក្នុង​ដែល​ត្រូវ​ដោះស្រាយ​។  បើ​សហរដ្ឋអាមេរិក​វិញ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បញ្ជូន​ជំនួយការ​ពិសេស​របស់ខ្លួន និង​មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​អាស៊ី​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ ឲ្យ​មក​ចូលរួម​កិច្ចប្រជុំ​នៅ​ចិន​នេះ​។ ប្រទេស​ផ្សេងទៀត​ដូចជា​អាល្លឺម៉ង់​និង​បារាំង​ក៏​មិនមាន​ប្រធានាធិបតី​ឬ​នាយករដ្ឋមន្ត្រី​មក​ចូលរួម​ដែរ​។ ដូច្នេះហើយ​ទោះ​សារព័ត៌មាន​មួយចំនួន​ផ្សាយ​ថា ចិន​រង​ការរើសអើង​ពី​សំណាក់​លោកខាងលិច​។​

​យ៉ាងណាក៏ដោយ អ្នកជំនាញ​ចិន​ខាងលើ​បាន​ទាត់ចោល​ការលើកឡើង​នេះ​។ លោក Lui Chang បាន​ពន្យល់ថា ប្រទេស​អឺរ៉ុប​មួយចំនួន​កំពុង​ប្រឈម​ការលំបាក​ជាពិសេស​បញ្ហា​ក្នុងស្រុក​ដូចជា​ការរៀបចំ​បោះឆ្នោត​និង​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​មក​ចូលរួម​កិច្ចប្រជុំ​នៅ​ចិន​ឡើយ​។ លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ប្រទេស​អឺរ៉ុប​ខ្លះ​គេ​រវល់​រឿង​បោះឆ្នោត​ចំពេល​ជាមួយគ្នានេះ​។ បារាំង​ក្តី អាល្លឺម៉ង​ក្តី និង​អង់គ្លេស​ក្តី ប្រទេស​ទាំងបី​នេះ​នឹង​បញ្ជូន​រដ្ឋមន្ត្រី​មក​ជំនួស​ដើម្បី​ចូលរួម​វេទិកា ហើយ​ពួកគេ​ជា​តំណាង​ពិសេស​របស់​ប្រទេស​ថែមទៀត​»​។​

​អាល្លឺម៉ង់​នឹង​រៀបចំ​ការបោះឆ្នោត​សភា​នៅ​ខែកញ្ញា​។ ចំណែក​បារាំង​រវល់​រឿង​បោះឆ្នោត​ជុំ​ទី​ពីរ​ទើប​រួចរាល់​កាលពី​ថ្ងៃ ៧​ខែឧសភា ដែល​ស្ថិតនៅ​រយៈពេល​មួយ​សប្តាហ៍​ពី​ការរៀបចំ​កិច្ចប្រជុំ​កំពូល​នៅ​ចិន​។ ចំណែក​អង់គ្លេស​វិញ ក្រោយ​អនុវត្ត​មាត្រា ៥០​នៃ​សន្ធិសញ្ញា Lisbon អង់គ្លេស​ចាប់ផ្តើម​ដំណើរការ​ចាកចេញ​ពីស​ហ​ភាព​អឺរ៉ុប ហើយ​អ្វីដែល​សំខាន់​នាយករដ្ឋមន្ត្រី​អង់គ្លេស​បានប្រកាស​រៀប​ចំ​បោះឆ្នោត​មុន​អាណត្តិ​ថែមទៀត​នៅ​ខែមិថុនា​ខាងមុខ​ផង​។ ដូច្នេះហើយ​វា​សម​ហេតុផល​ម្យ៉ាងដែរ ដែល​មេដឹកនាំ​ប្រទេស​ទាំងនេះ​មិនអាច​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ចិន​បាន​នៅ​ពាក់កណ្តាល​ខែឧសភា​ខាងមុខ​។​

​ថ្វីបើ​អ្នកជំនាញ​ចិន​យល់ឃើញ​វិជ្ជមាន​ចំពោះ​អវត្តមាន​មន្ត្រី​កំពូល​ប្រទេស​លោកខាងលិច​នា​កិច្ចប្រជុំ​នៅ​ចិន​ក៏ដោយ អ្នកវិភាគ​សេដ្ឋកិច្ច​នៃ​ស្ថាប័ន PARAMI ROUNDTABLE GROUP លោក​បណ្ឌិត Myo Thant បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​សារ​អេឡិចត្រូនិក​ថ្មីៗ​ថា លោកខាងលិច​មិនសូវ​ពេញចិត្ត​គម្រោង​ចិន​ឡើយ​។ ប៉ុន្តែ​បណ្ឌិត​រូបនេះ​ចង់ឃើញ​លោកខាងលិច​សម្រប​ខ្លួន និង​ទទួលយក​ការ​ផុស​ត្រដែត​ឡើង​របស់​ចិន​ដើម្បី​ទទួលបាន​ប្រយោជន៍​ទាំងអស់គ្នា​។​

«​លោកខាងលិច មិន​ចូលចិត្ត​គម្រោង​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​ឡើយ​។ ប៉ុន្តែ​ពួកគេ​មិនអាច​ហាម​ចិន​មិន​ឲ្យ​រះ​ត្រដែត​ឡើង​នៅ​អាស៊ី​ឡើយ​។ វា​ជា​ដំណើរ​ការដែល​ចាប់ផ្តើម​តាំងពី​ក្រោយ​សង្គ្រាមលោកលើកទី​២​ម្ល៉េះ​។ បន្តិច​ម្តងៗ ចិន​អាចនឹងទទួល​បានការ​ចូលរួម​ពី​មហា​យក្ស​ឥណ្ឌា​មួយទៀត​។ ជារួម​លោកខាងលិច​ត្រូវតែទទួលស្គាល់ ហើយ​សម្រប​ខ្លួន​។ ប៉ុន្តែ​ចិន​រីកលូតលាស់​រហ័ស​ពេក​រហូតដល់​មនុស្ស​ភាគ​ច្រើន​ពិបាក​គិតដល់​ថា​តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ឆ្លើយតប​វិជ្ជមាន​ដើម្បី​បង្កើត​ប្រយោជន៍​រួមគ្នា​នោះ​    ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Myo Thant​។

​ចិន​មិនមាន​ម​ហិ​ច្ឆ​កែប្រែ​សណ្តាប់ធ្នាប់​ពិភពលោក​ឡើយ តែ​ជា​អ្នកការពារ​និង​កែទម្រង់​


​បច្ចុប្បន្ន​គំនិត​ផ្តួចផ្តើម ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​នេះ ហាក់​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ពី​អាស៊ី​ដល់​អឺរ៉ុប ដល់​អាហ្វ្រិក​។ គេ​យល់ថា វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​ក្នុងនាម​ជា​មហាអំណាច​ពិភពលោក​ថ្មី ហើយ​ចិន​អាច​នឹង​ត្រៀម​កែប្រែ​សណ្តាប់ធ្នាប់​សេដ្ឋកិច្ចពិភពលោក​ផង​។

​អ្នកជំនាញ​ចិន​លោក Lui Chang បកស្រាយ​ថា «​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​»​របស់​ចិន​មាន​គោលដៅ​ពង្រឹង​ការផ្សាភ្ជាប់ និង​បង្កើត​ប្រយោជន៍​ដល់​រាល់​ភាគី​មិន​ថា​ប្រទេស​អភិវឌ្ឍ ឬ​កំពុង​អភិវឌ្ឍ​ឡើយ​។ អ្វីដែល​គេ​គួរ​យល់​គឺ​ចិន​មិនមាន​មហិច្ឆតា​ធំ​រហូតដល់​រៀបចំ​ឡើងវិញ​នូវ​សណ្តាប់ធ្នាប់​សេដ្ឋកិច្ចពិភពលោក ដូច​លោកខាងលិច​ធ្លាប់​បារម្ភ​ឡើយ​។​

«​ចិន​គ្មាន​មហិច្ឆតា​ធំ​រហូតដល់​កែប្រែ​សណ្តាប់ធ្នាប់​សេដ្ឋកិច្ចពិភពលោក​ឡើយ​។ អ្វីដែល​ចិន​កំពុង​ព្យាយាម​ធ្វើ​គឺ​ការពារ​សណ្តាប់ធ្នាប់​សេដ្ឋ​កិច្ច​ពិភពលោក​ដែលមាន​ស្រាប់ និង​លើកស្ទួយ​ពាណិជ្ជកម្ម​សេរី​និង​ចរន្ត​សាកលភាវូបនីយកម្ម ដើម្បី​ប្រឆាំង​ការ​គាំពារ​និយម​ដែល​កើនឡើង​ខ្លាំង​នៅ​លោកខាងលិច​។ វា​ចាំបាច់​ត្រូវមាន​កែទម្រង់​មួយ​ដែលមាន​ការចូលរួម​ពី​បណ្តា​ភាគី​ពាក់ព័ន្ធ​ជាពិសេស​ប្រទេស​អ្នកមាន​និង​ប្រទេស​អ្នកក្រ​ទាំងអស់​។ នេះ​ជា​អ្វីដែល​ចិន​កំពុង​ធ្វើ​»​។ លោក Lui Chang បានបញ្ជាក់​ដូ​ច្នះ​។​

​ចំណែក​លោក Myo Thant មើលឃើញថា ថ្វីបើ​គំនិត​ផ្តួចផ្តើម​របស់​ចិន​មាន​មាន​មហិច្ឆតា​នយោបាយ​និង​សេដ្ឋកិច្ច​ធំ​ក៏ដោយ វា​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​សម្រេច​គោលដៅ​នេះ​។ ហើយ វា​ក៏​មិនមែន​មាន​ថា សម្រេច​គោលដៅ​នេះ​ធ្វើ​ឲ្យ​ចិន​អាច​ក្តោប​ក្តាប់​ពិភពលោក​ដែរ​។ នេះ​ក៏ដោយ​សារ មិនមែន​មានតែ​ចិន​

​ជំនួស​ឲ្យ​ការបារម្ភ គេ​គួរ​យល់ថា គម្រោង​នេះ​នឹង​អាច​ផ្តល់​ប្រយោជន៍​ច្រើន​សម្រាប់​ពិភពលោក ដោយ​ប្រទេស​ទាំងអស់​អាច​ចូលរួម​និង​ទាញយក​ប្រយោជន៍​បាន​។ វា​មិន​ខុសពី​ការបង្កើត​អ៊ី​ន​ធឺ​ណែ​ត​ដើម្បី​បម្រើ​ប្រយោជន៍​យោធា​អាមេរិក តែ​ឥឡូវនេះ​វា​ក្លាយជា​បណ្តាញ​ដែល​គ្រប់គ្នា​អាច​ប្រើប្រាស់​បាន​។​

​សូមបញ្ជាក់ថា គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ (OBOR)  ឬ​វិថី​សូត្រ ខ្សែក្រវ៉ាត់​សេដ្ឋកិច្ច និង គំនិត​ផ្តួចផ្តើម​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី ២១ (The Silk Road Economic Belt and the 21st Century Maritime Road Initiative) ត្រូវបាន​ដាក់ចេញ​នៅក្នុង​ឆ្នាំ ២០១៣ ដោយ​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង ។ គោលបំណង​ស្នូល​នៃ​គំនិត​ផ្តួចផ្តើម​នេះ​គឺ​ធ្វើយ៉ាងណា​កសាង​ចំណង​សេដ្ឋកិច្ច​តាមរយៈ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បង្កើត​ការផ្សាភ្ជាប់​ពី​អាស៊ី​ទៅ​អឺរ៉ុប ឆ្លង​ទៅដល់​អាហ្វ្រិក​ដោយ​វា​ផ្អែក​លើផ្លូវ​ពាណិជ្ជកម្ម​សម័យបុរាណ​។ មកដល់​ពេលបច្ចុប្បន្ន​នេះ គំនិត​ផ្តួចផ្តើម​នេះ​មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​នានា​ទាំង​ពិភពលោក​ច្រើនជាង ៦៥ មាន​ទាំង​អាស៊ី​, អាហ្វ្រិក​និង​អឺរ៉ុប​ផងដែរ​។ ដើម្បី​គាំទ្រ​ហិរញ្ញវត្ថុ​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​នេះ ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)​ក៏​ត្រូវបាន​បង្កើតឡើង​ផងដែរ​នៅ​ចុងឆ្នាំ​២០១៥ ៕


Tag:
 OBOR
  ចិន​
  Lui Chang
  Myo Thant
© រក្សាសិទ្ធិដោយ thmeythmey.com