អន្តរជាតិ
ត្រាំ ត្រៀមជួប ម៉ាក្រុង នៅព្រុចសែលដើម្បីស្គាល់ចិត្តគ្នា
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីថ្មីបារាំង អេម៉ានុយអែល ម៉ាក្រុង នឹងជួបគ្នានៅទីក្រុងព្រុចសែល ដើម្បីស្គាល់ចិត្តគ្នាទៅវិញទៅមក ព្រោះទាំងលោក ត្រាំ ទាំងលោក ម៉ាក្រុង ទើបក្លាយជាមេដឹកនាំប្រទេសក្នុងរយៈពេលខ្លីដូចគ្នា។ លោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ ខែមករា ឯលោក ម៉ាក្រុង ទើបស្បថនៅថ្ងៃទី១៤ ខែឧសភាប៉ុណ្ណោះ។ របៀបវារៈនៃជំនួបដែលគ្រោងធ្វើនៅថ្ងៃទី២៥ ខែឧសភា អាចជាបញ្ហាភេរវកម្ម និងការចំណាយសម្រាប់សម្ព័ន្ធយោធាណាតូ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំជាមួយបណ្ដាមេដឹកនាំរដ្ឋសមាជិកសម្ព័ន្ធយោធាណាតូនៅចុងខែឧសភានេះក្នុងទីក្រុងព្រុចសែល។ ឆ្លៀតពេលនោះ លោក ត្រាំ នឹងជួបពិភាក្សាអាហារថ្ងៃត្រង់ជាមួយប្រធានាធិបតីបារាំងថ្មី អេម៉ានុយអែល ម៉ាក្រុង សំដៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក ព្រោះនយោបាយរបស់លោក ត្រាំ ខុសគ្នាស្ទើរទាំងស្រុងនឹងនយោបាយរបស់លោក ម៉ាក្រុង តែដូចគ្នានឹងនយោបាយលោកស្រី ម៉ារីន ឡឺប៉ែន ។
កាលពីពេលបោះឆ្នោត លោក ត្រាំ ថែមទាំងបានគាំទ្រលោកស្រី ឡឺប៉ែន សម្រាប់តំណែងប្រធានាធិបតីនេះ ហើយលោកស្រី ឡឺប៉ែន វិញ ក៏ត្រូវបានគេហៅថា «ដូណាល់ ត្រាំ បារាំង» ទៀតផង។ ប៉ុន្តែលោកស្រី ឡឺប៉ែន បានចាញ់ឆ្នោតទៅហើយ ដូច្នេះលោក ត្រាំ ក៏ងាកមករកលោក ម៉ាក្រុង វិញដើម្បីសហការគ្នាទៅមុខទៀត បើទោះជាមាននយោបាយមិនដូចគ្នាក្ដី។ រឿងមួយដែលមេដឹកនាំទាំង២ដូចគ្នា គឺអ្នកទាំង២ សុទ្ធតែមានប្រភពក្រៅពីនយោបាយទាំងអស់។
ក្នុងជំនួបទល់មុខដែលរៀបចំនៅថ្ងៃទី២៥ ខែឧសភា ប្រធានាធិបតីអាមេរិក និងសមភាគីបារាំង ទំនងជាពិភាក្សាលើបញ្ហាច្រើនរាប់ពីបញ្ហសេដ្ឋកិច្ច, ការប្រយុទ្ធប្រឆាំងភេរវកម្ម និងការបង់ថ្លៃវិភាគទានឲ្យណាតូជាដើម។ ចាប់តាំងពីឡើងកាន់អំណាចមកនោះ លោក ត្រាំ បានមិនខ្វល់នឹងការធ្វើពាណិជ្ជកម្មសេរីឡើយ ហើយផ្ដោតតែលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចទ្វេភាគីប៉ុណ្ណោះ ដែលខុសគ្នាពីនយោបាយបើកចំហរបសលោក ម៉ាក្រុង ។
ចំណែកឯរឿងការចំណាយរបស់សម្ព័ន្ធយោធាណាតូវិញ លោក ត្រាំ នៅតែទទូចដដែលជាដដែលរឿងចំណាយ២ភាគរយ។ មន្ត្រីសេតវិមានបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា លោក ត្រាំ មិនចង់ឲ្យសមាជិកណាតូទាំងអស់ អនុវត្តតាមការសន្យារបស់ខ្លួនឲ្យបានកាន់តែឆាប់ និងមិនត្រូវបង្អង់យូរឡើយ។ នេះក៏ព្រោះរដ្ឋបាលអាមេរិករបស់ ត្រាំ មិនសុខចិត្តទទួលយកអម្រែកហិរញ្ញវត្ថុដ៏ធ្ងន់នេះម្នាក់ឯងទៀតឡើយ។
បើទោះជាមានគោលនយោបាយគ្នាក្ដី លោក ត្រាំ នៅតែមិនអាចបោះបង់បារាំងបាន។ ច្បាស់ណាស់ថា អស់ពីអង់គ្លេសទៅ បារាំង ព្រមគ្នានឹងអាល្លឺម៉ង់ ត្រូវទទួលបន្ទុកដឹកនាំអឺរ៉ុបបន្តទៀត។ ចង់មិនចង់ អាមេរិក ត្រូវបន្តរក្សាមិត្តភាពមានយូរអង្វែងមកហើយជាមួយបារាំងដើម្បីដឹកនាំការងារពិភពលោក ព្រោះប្រធានាធិបតីបារាំងថ្មី ម៉ាក្រុង កំពុងចង់ស្ដារមុខមាត់បារាំងលើឆាកអន្តរជាតិឡើងវិញស្រាប់ផងនោះ៕
Tag:
អាមេរិក
បារាំង
ដូណាល់ ត្រាំ
អេម៉ានុយអែល ម៉ាក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com