ជាតិ
អគ្គលេខាធិការរង UN បង្ហាញ​ពី​ឆ​ន្ទៈពង្រឹង​សន្តិភាព​នៅ​អាហ្វ្រិក​កណ្តាល ស្របពេល​មានការ​វាយប្រហារ​ថ្មី​
15, May 2017 , 6:15 pm        
រូបភាព
លោក Jean Pierre Lacroix  គោរពវិញ្ញាណក្ខន្ធទាហានមួកខៀវកម្ពុជា និងម៉ារ៉ុក។ រូបថត MINUSCA
លោក Jean Pierre Lacroix គោរពវិញ្ញាណក្ខន្ធទាហានមួកខៀវកម្ពុជា និងម៉ារ៉ុក។ រូបថត MINUSCA
ដោយ: រួបរួម
​អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ជា​ប្រធាន​បេសកកម្ម​រក្សា​សន្តិភាព បានបង្ហាញ​ពី​ឆ​ន្ទៈ​ដ៏​មុតមាំ​របស់​របស់​អង្គការសហប្រជាជាតិ ក្នុង​កិច្ចសហការ​ជាមួយ​អាហ្វ្រិក​កណ្តាល​ក្នុង​ដំណើរ​ការពង្រឹង​សន្តិភាព​នៅក្នុង​ប្រទេសមួយ​នេះ​។ លោក Jean Pierre Lacroix បាន​ទៅដល់​ក្រុង Bangui កាលពី​ថ្ងៃទី​១២ ខែឧសភា ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​២៤​ម៉ោង ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ទាហាន​មួក​ខៀវ​៥​នាក់ ដែល​បានទទួល​មរណភាព​ដោយ​ការ​វាយឆ្មក់​របស់​ក្រុម​ឧទ្ទាម នា​ថ្ងៃទី​៨ ខែឧសភា​។​



​លោក Jean Pierre Lacroix ដែល​ទទួល​បានការ​តែង​តែ​ជា​អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ជា​ប្រធាន​បេសកកម្ម​រក្សា​សន្តិភាព កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ បានបង្ហាញ​ពី​ការគោរព​ចំពោះ​កងទ័ព​មួក​ខៀវ​កម្ពុជា​៤​នាក់ និង​ម៉ា​រ៉ុ​ក​១​នាក់ ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​សន្តិភាព​នៅ​ប្រទេស​អាហ្វ្រិក​កណ្តាល​។​

​ថ្លែង​ទៅកាន់​សារព័ត៌មាន ដែលមាន​វត្តមាន​នាយករដ្ឋមន្ត្រី​អាហ្វ្រិក​កណ្តាល លោក Simplice Mathieu Sarandji ផងដែរ​នោះ បាន​អះអាងថា បុគ្គលិក​ស៊ីវិល និង​កម្លាំង​កងទ័ព​មួក​ខៀវ នៅតែ​បន្ត​បេសកកម្ម​ទៅមុខ​ជានិច្ច​។ ជាមួយគ្នានេះ លោក Lacroix បាន​ចុះទៅ​សួរសុខទុក្ខ​កងទ័ព​មួក​ខៀវ ១០​នាក់ [​កម្ពុជា​១​នាក់ និង​ម៉ា​រ៉ុ​ក​៩​នាក់​] ដែល​រងរបួស​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​កង​បេសកកម្ម MINUSCA ផងដែរ​។​

​ស្រប​ពេលដែល​ប្រធាន​បេសកកម្ម​រក្សា​សន្តិភាព UN កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អាហ្វ្រិក​កណ្តាល ការវាយប្រហារ​ថ្មី​មួយទៀត បានកើត​ឡើង កាលពី​ថ្ងៃទី​១២ និង​១៣ ខែឧសភា នៅ​ទីក្រុង Bangassou ដែល​បណ្តាល​ឲ្យ​កងទ័ព​មួក​ខៀវ​ម៉ា​រ៉ុ​ក​ម្នាក់​ស្លាប់ និង​ជន​ស៊ីវិល ស្លាប់ និង​របួស​ជាច្រើន​នាក់​។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​ថ្កោល​ការវាយប្រហារ​ថ្មី​នេះ ដែល​បង្កឡើង​ដោយ​ក្រុម​ឧទ្ទាម anti-Balaka ដដែល​។ ប្រធាន​សហភាព​អាហ្វ្រិក លោក Moussa Faki Mahamat និង​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ ក៏បាន​ចូលរួម​រំលែក​ទុក្ខ និង​ថ្កោលទោស​ក្រុម​ឧទ្ទាម​ផងដែរ​៕













ប្រភពរូបថត និងវីដេអូ៖ MINUSCA

Tag:
 MINUSCA
  អាហ្វ្រិកកណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com