អន្តរជាតិ
ឧទ្ទាម​ឃើ​ដ នៅតែ​ជា​របាំង​ឧបសគ្គ​នៃ​ទំនាក់ទំនង​អាមេរិក​និង​តួ​ក​គី​
17, May 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានទទួល​ជួប​ជាមួយ​ប្រធានាធិបតី​តួ​ក​គី រ៉េ​ស៊ី​ប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ (Recep Tayyip Erdogan) ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឡើងវិញ ក្រោយ​រកាំរ​រ​កូ​ស​មួយ​ដោយសារ​រដ្ឋប្រហារ​នៅ​តួ​ក​គី និង​ការផ្ដល់​ជំនួយ​របស់​អា​មេ​រិ​ក​ដល់​ក្រុម​ឧទ្ទាម ឃើ​ដ នៅ​ស៊ី​រី​។ លោក ត្រាំ និង​លោក អ៊ែរ​ដូ​ហ្កា​ន់ ប្រឹង​ញញឹម​ដាក់គ្នា ជា​សញ្ញា​នៃ​ការវិលត្រឡប់​រក​ប្រក្រតី​ឡើងវិញ​ក្នុង​ទំនាក់ទំនង​សមាជិក​ណា​តូ​ទាំងពីរ ទោះ​ជាមាន​បញ្ហា​ច្រើន​នៅ​មិនទាន់​ដោះស្រាយ​ដាច់ស្រេច​ក្ដី​។​



​មេដឹកនាំ​អាមេរិក និង​តួ​ក​គី បាន​សរសើរ​គ្នា​ទៅវិញទៅមក ក្រោយ​ជំនួប​ទ្វេភាគី​នៅឯ​សេត​វិមាន​នៅ​ថ្ងៃទី​១៦ ខែឧសភា ដែល​ឡោមព័ទ្ធ​ដោយ​បញ្ហា​មិន​ចុះសម្រុង​ជាច្រើន​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​តួ​ក​គី តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ បាន​ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់​ស៊ីជម្រៅ ខណៈ​លោក ត្រាំ ធានា​ជួយ​ការពារ​សន្តិសុខ​របស់​តួ​ក​គី​ក្នុងនាម​ជា​សមាជិក​ណា​តូ ក៏ដូចជា​ការសហការ​គ្នា​ប្រឆាំង​ភេរវកម្ម​ដែរ​។

​យ៉ាងណាមិញ ក្នុងជំនួប​លើកដំបូង​នៅ​សេត​វិមាន​ជាមួយ​សម​ភាគី​តួ​ក​គី លោក ត្រាំ មិនបាន​និយាយ​អ្វី​សោះ​ទាក់ទង​ការបង្ក្រាប​ចលនា​រដ្ឋប្រហារ​នៅ​តួ​ក​គី តែ​លោក​បានចាត់ទុក​ប្រធានាធិបតី​តួ​ក​គី អ៊ែរ​ដូ​ហ្កា​ន់ ជា​សម្ព័ន្ធមិត្ត​សំខាន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​។ ប៉ុន្តែ​លោក អ៊ែរ​ដូ​ហ្កា​ន់ បែរជា​លើកឡើង​ត្រង់ៗ​ប្រា​ប់លោក ត្រាំ ពី​ការជំទាស់​របស់​តួ​ក​គី ជុំវិញ​ការបំពាក់​អាវុធ​ឲ្យ​ក្រុម​ឃើ​ដ​ស៊ី​រី YPG ដែល​តួ​ក​គី​ចាត់ទុកជា​ក្រុម​ភេរវកម្ម​។​

​បើតាម​សារព័ត៌មាន ABC News លោក អ៊ែរ​ដូ​ហ្កា​ន់ បាន​លើកឡើងថា តួ​ក​គី​មិន​ទទួលយក​ក្រុម​ឃើ​ដ​ជា​ដៃគូ​នៅក្នុង​តំបន់​ឡើយ ព្រោះ​វា​មិន​ស្រប​នឹង​អ្វីដែល​បាន​ឯកភាពគ្នា​ឡើយ​។ លោក​បន្តថា តួ​ក​គី ប្ដេជ្ញាចិត្ត​រួចហើយ​ក្នុង​កម្ទេច​រាល់​ក្រុម​ភេរវកម្ម​ទាំងអស់ មិន​ថា​ក្រុម​ដែ​ស្ហ ឬ​រដ្ឋ​ឥស្លាម​, ក្រុម​ឃើ​ដ​ស៊ី​រី YPG ឬ​ក្រុម​ឃើ​ដ​តួ​ក​គី PKK ឡើយ​។​

​ដោយ​មិនចាំបាច់​រាប់បញ្ចូល​ក្រុម​រដ្ឋ​ឥស្លាម តួ​ក​គី និង​អាមេរិក សុទ្ធតែ​យល់ព្រម​គ្នា​រួច​ហើយដោយ​ចាត់ទុក​ក្រុម​ឧទ្ទាម​ឃើ​ដ​តួ​ក​គី PKK ជា​ក្រុម​ភេរវកម្ម​។ ប៉ុន្តែ​ក្រុង​អង់កា​រ៉ា និង​ក្រុង​វ៉ាស៊ីនតោន នៅតែ​ខ្វែងគំនិត​គ្នា​លើ​តួនាទី​របស់​ក្រុម​ឃើ​ដ​ស៊ី​រី​។ ក្រុម​ឧទ្ទាម​ឃើ​ដ​ស៊ី​រី ដែលជា​កម្លាំង​ប្រយុទ្ធ​នៃ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី បាន​ដើរតួ​សំខាន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម ហើយ​ត្រូវបាន​គាំទ្រ​ដោយ​អាមេរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច​។    

​ចុងក្រោយ​នេះ រដ្ឋបាល​ប្រធានាធិបតី ត្រាំ បានសម្រេច​ផ្គត់ផ្គង់​អាវុធ​ឲ្យ​ក្រុម​ឃើ​ដ​ស៊ី​រី ដើម្បី​ត្រៀម​រំដោះ​ទីក្រុង Raqqa ដែល​កំពុង​គ្រប់គ្រង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​។ រឿងនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​តួ​ក​គី​មិន​សប្បាយចិត្ត ព្រោះ​ខ្លាចក្រែង​ក្រុម​ឧទ្ទាម​មួយ​នេះ​មាន​សមត្ថភាព​កាន់តែខ្លាំង ហើយ​អាច​វាយ​ដណ្ដើម​ត្រួតត្រា​ទឹកដី បង្កើតជា​រដ្ឋ​ឯករាជ្យ​ជាមួយ​ក្រុម​ឧទ្ទាម​ឃើ​ដ​តួ​ក​គី ដែល​កំពុង​អុកឡុក​តួ​ក​គី​ស្រាប់​។ យ៉ាងណាក្ដី គេ​មិនឃើញ​សញ្ញា​បង្ហាញថា​អាមេរិក​បោះបង់​ពួក YPG ឡើយ​៕

Tag:
 អាមេរិក​
  តួ​ក​គី​
  ឃើ​ដ​
  ភេរវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com