អន្តរជាតិ
ទោះ​ត្រូវអស់​ឋានៈ ក៏​ចៅស្រី​អធិរាជ​ជប៉ុន នៅ​ស្ម័គ្រ​រៀបការ​ជាមួយ​រាស្ត្រសាមញ្ញ​ម្នាក់
17, May 2017 , 8:39 pm        
រូបភាព
ព្រះនាងម៉ាកុ រាជនត្តាក្សត្រីយ៍របស់អធិរាជជប៉ុន អាគីហ៊ីតុ (រូបភាព Kyodo)
ព្រះនាងម៉ាកុ រាជនត្តាក្សត្រីយ៍របស់អធិរាជជប៉ុន អាគីហ៊ីតុ (រូបភាព Kyodo)
​ព្រះ​នាង​ម៉ា​កុ (Mako) ព្រះរាជ​នត្តា​ក្ស​ត្រី​យ៍ (​ចៅស្រី​) របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន​អាគី​ហ៊ី​តុ នឹង​ភ្ជាប់ពាក្យ​ជាមួយ​ជាមួយ​គូស្នេហ៍​ជា​រាស្ត្រសាមញ្ញ​នៅពេល​ខ្លី​ខាងមុខ មុននឹង​រៀបការ​នៅ​ឆ្នាំក្រោយ​។ ទូរទស្សន៍​ជប៉ុន NHK ផ្សាយ​ថា ព្រះ​នាង​ម៉ា​កុ នឹង​ភ្ជាប់ពាក្យ​ជាមួយ​លោក Kei Komuro ដែល​ធ្លា​ប់រៀន​ជាមួយគ្នា​នៅ​សកលវិទ្យា​ល័យ International Christian University ។ រឿងរ៉ាវ​នេះ បាន​បង្ក​ឲ្យ​មានការ​ជជែក​ដេញដោល​ជាថ្មី​លើ​ចំនួន​សមាជិក​រាជវង្ស​ជប៉ុន ដែល​ត្រូវ​ថយចុះ​ជា​បន្តបន្ទាប់​។​



​ជា​បុត្រី​ច្បង​ព្រះអង្គម្ចាស់​អាគី​ស៊ី​ណុ ដែលជា​បុត្រា​ទី​២ របស់​អធិរាជ​អាគី​ហ៊ី​តុ ព្រះ​នាង​ម៉ា​កុ នឹងត្រូវ​អស់​ឋានៈ​ក្នុង​ខ្សែ​រាជវង្ស​ជប៉ុន ពេល​ព្រះ​នាង​រៀបការ​ជាមួយ​គូស្នេហ៍​ជា​រាស្ត្រសាមញ្ញ​។ រាជវាំង​ជប៉ុន បាន​ចេញមក​បញ្ជាក់ថា ព្រះ​នាង​ម៉ា​កុ នឹង​ភ្ជាប់ពាក្យ​ជាមួយ​មិត្ត​រួម​ថ្នាក់​នៅ​សកល​វិទ្យាល័យ​របស់​ទ្រង់ បន្ទាប់ពី​បាន​ទាក់ទង​គ្នា​អស់​ពេល​ជាច្រើន​ឆ្នាំ​។ អនាគត​គូស្រករ​បស់​ព្រះ​នាង​មាន​ឈ្មោះថា Kei Komuro មាន​វ័យ​២៥​ឆ្នាំ ហើយ​កំពុងធ្វើការ​នៅ​ក្រុមហ៊ុន​ច្បាប់​មួយកន្លែង​។​

​បើតាម​សារព័ត៌មាន​ជប៉ុន The Japan Times ដែល​ស្រង់​ប្រភពពី​រាជវាំង ព្រះ​នាង​ម៉ា​កុ បាន​ជួប​ជាមួយ Komuro អំឡុងពេល​៥​ឆ្នាំ​នៃ​ការសិក្សា​នៅឯ​សកលវិទ្យា​ល័យ International Christian University ហើយ​ក៏បាន​យល់ព្រម​ទទួលសំណើសុំ​រៀបការ​របស់ Komuro តែម្ដង​។ ប្រភពព័ត៌មាន​បន្តថា រឿងរ៉ាវ​ស្នេហា​នេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី​មាតាបិតា​របស់​ព្រះ​នាង​ដែរ ឯ​ព្រះ​ចៅ​អធិរាជ​ក៏បាន​ដឹងឮ​ដូចគ្នា​។​

​លោក Komuro ហាក់​លាក់លៀម​នឹង​ព័ត៌មាន​នៃ​ការ​ភ្ជាប់ពាក្យ​នេះ ខណៈ​ត្រូវបាន​អ្នកសារព័ត៌មាន​ចោមរោម​នៅឯ​ក្រុមហ៊ុន​នៅ​ថ្ងៃទី​១៧ ខែឧសភា​។ លោក​បាន​ត្រឹម​និយាយថា នេះ​មិនមែនជា​ពេលដែល​ត្រូវ​និយាយ​បញ្ហា​នេះឡើយ ហើយ​លោក​នឹង​បកស្រាយ​រឿងនេះ ពេលវេលា​មកដល់​។

​អ្វីដែល​គួរកត់សម្គាល់​នោះ នេះ គឺជា​ការភ្ជាប់​ពាក្យ​លើក​ទី​១ ក្នុងចំណោម​ចៅប្រុស​ស្រី​ទាំង​៤​អង្គ​របស់​អធិរាជ​ជប៉ុន​។ បើតាម​ច្បាប់​ជប៉ុន ក្រោយពេល​រៀបការ​រួចរាល់ ព្រះ​នាង​ម៉ា​កុ នឹង​លែង​ជា​សមាជិក​រាជវង្ស​ទៀត ហើយនឹង​ទទួលបាន​ប្រាក់​ក្នុង​ចំនួន​កំណត់​ណាមួយ​ផងដែរ​។ នេះ​មានន័យថា សមាជិក​រាជវង្ស​ជប៉ុន នឹង​នៅតែ​សល់​ចំនួន​១៨​អង្គ ក្នុងនោះ​មាន​១៣​អង្គជា​ស្ត្រី​។

​ព័ត៌មាន​នេះ ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ជុំវិញ​អនាគត​រាជវង្ស​ជប៉ុន ដែល​ភាគច្រើន​ជា​ស្ត្រី​នោះ​។ ច្បាប់​ជប៉ុន​ចែង​ច្បាស់​ថា មានតែ​សមាជិក​រាជវង្ស​ជា​បុរស​ប៉ុណ្ណោះ ដែល​អាច​គ្រងរាជ្យសម្បត្តិ​បាន​។ សមាជិក​មាន​សិទ្ធិ​ស្នង​តំណែង​បន្ត​ពី​អធិរាជ​អាគី​ហ៊ី​តុ ដែល​នឹងដាក់​រាជ្យ​នៅពេល​ខាងមុខ​មានតែ​៤​អង្គ គឺ រជ្ជទាយាទ​ណា​រ៉ូ​ហ៊ី​តុ​, អនុជ​២​អង្គ​របស់​អធិរាជ និង​ព្រះអង្គម្ចាស់​ហ៊ី​សា​ហ៊ី​តុ ជា​បុត្រា​ព្រះអង្គម្ចាស់​អាគី​ស៊ី​ណុ​។ 

​ដោយសារ​កង្វះ​សមាជិក​រាជវង្ស​ជា​បុរស គេ​សង្កេតឃើញ​មាន​ការជជែក​ជាច្រើន​ជុំវិញ​ការកែប្រែ​ច្បាប់​ដើម្បី​ទុក​សិទ្ធិ​ឲ្យ​សមាជិក​រាជវង្ស​ជា​ស្ត្រី​អាច​ស្នងរាជ្យ​បាន ឬក៏​មិនចាំបាច់​លះបង់​ឋានៈ​រាជវង្ស ពេល​រៀប​អភិសេក​ជាមួយ​រាស្ត្រសាមញ្ញ​។ ប៉ុន្តែ​រឿងនេះ​ទំនងជា​មិនអាច​កែប្រែបាន​ក្នុងពេល​ខ្លី​នេះឡើយ ព្រោះ​រដ្ឋាភិបាល​កំពុង​ផ្ដោតលើ​ការអនុម័ត​ច្បាប់​ដែល​បើកផ្លូវ​ឲ្យ​អធិរាជ​អាគី​ហ៊ី​តុ ដាក់រាជ្យ​ជាមុនសិន​៕ 


Tag:
 ​ជប៉ុន​
  Mako
  Kei Komuro
© រក្សាសិទ្ធិដោយ thmeythmey.com