ជាតិ
 សាលា​រាជធានី ដាក់​សេវា​ជិះ​កង់ balance wheel សម្រាប់​ភ្ញៀវទេសចរ​កម្សាន្ត​ជុំវិញ​វត្តភ្នំ
20, May 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ បានដាក់​សេវា​ជិះ​ឧបករណ៍​ទំនើប​ថ្មី ដែលមាន​ឈ្មោះថា Balance Wheel សម្រាប់​ភ្ញៀវទេសចរ​ជិះ​កម្សាន្ត នៅ​តំបន់​រមណីយដ្ឋាន​វត្ត​ភ្នំ​។ ឧបករណ៍ Balance Wheel ដែល​បម្រើ​សេវាកម្ម​ជិះ​កម្សាន្ត​នេះ ត្រូវបាន​សាលា​រាជធានី រៀបចំ​ដាក់​សាកល្បង​ចំនួន​១០​គ្រឿង​។ ហើយ​ឧបករណ៍ Balance Wheel ប្រើ​ដោយ​កម្លាំង​អគ្គិសនី​។


​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹងថា ការដាក់​ឧបករណ៍​ជិះ​កម្សាន្ត Balance Wheel នេះ ក្រោម​ហេតុផល​ទី​១ គឺ​ជួយ​សម្រួល​ដល់​កងកម្លាំង​សន្តិសុខ សម្រាប់​ជិះ​ត្រួតពិនិត្យ​សណ្ដាប់ធ្នាប់ អនាម័យ​នៅ​តំបន់​វត្តភ្នំ​។ រីឯ​ហេតុផល​ទី​២​នោះ សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ជិះ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នេះ​។
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក មាស​ភក្តី បាន​បញ្ជាក់ថា​៖«​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ អាច​ប្រើប្រាស់​សេវា​ជិះ​កង់​នេះ ដោយ​ពួកគេ​ត្រូវ​ថវិកា​២​ម៉ឺន​រៀល ក្នុងការ​ជិះ​កម្សាន្ត​រយៈពេល​មួយ​ម៉ោង និង​តម្លៃ​១​ម៉ឺន​រៀល សម្រាប់​រយៈពេល​កន្លះ​ម៉ោង​។ ហើយ​ថវិកា​ដែល​យើង​ប្រមូលបាន​ពី​សេវា​ជិះ​ឧបករណ៍ Balance Wheel យើង​នឹងដាក់​ប​ញ្ជូ​ល​ជា​ថវិការដ្ឋ​ទាំងអស់ ប្រៀប​ដូច​យើង​លក់​សំបុត្រ​ដើម្បី​យក​ថវិកា​ចូល​រដ្ឋ​អ៊ីចឹង​ដែរ​»​។
​លោក មាស​ភក្តី រំពឹងថា ឧបករណ៍ balance wheel នេះ នឹង​ក្លាយជា​ចំណែក​មួយ ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​វត្តភ្នំ​ឲ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត ខណៈដែល​តំបន់​នេះ ត្រូវបាន​រដ្ឋាភិបាល​រៀបចំ​ជាទី​កន្លែង​ដ៏​ស្រស់បំព្រង ស្របតាម​អត្ថន័យ​ទីតាំង​ប្រវត្តិសាស្ត្រ​ខ្មែរ​៕









Tag:
 សាលា​រាជធានី​
 ​ កង់​
  ​វត្តភ្នំ
© រក្សាសិទ្ធិដោយ thmeythmey.com