សម្តេច ហ៊ុន សែន នឹងទទួលសព​កងទ័ពមួកខៀវកម្ពុជា​ទាំង៤​នៅ​យប់ថ្ងៃអាទិត្យ
20, May 2017 , 4:56 pm        
រូបភាព
 សាកសព​កងទ័ព​រក្សាសន្តិសុខអង្គការសហប្រជាជាតិ​របស់​កម្ពុជា​នឹង​ត្រូវ​បញ្ជូន​មកដល់​អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ​នៅ​យប់​ថ្ងៃអាទិត្យ​​ទី​២១​ខែ​ឧសភា​នេះ។ ពិធី​ទទួល​សព​ទាហាន​មួក​ខៀវ​កម្ពុជា​ទាំង​៤​ដែលបាន​ពលី​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល នឹង​ត្រូវ​រៀបចំ​ ក្រោម​វត្តមាន​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។



នៅម៉ោង​៧និង​៤៥​នាទី​យប់​ថ្ងៃទី​២១​ខែឧសភា សម្តេច ហ៊ុន សែន នឹងទៅដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នាច្រក​ទ្វារ VIP។ នេះបើតាម​យោងតាម​កម្មវិធី​ស្តីពីការ​ទទួល​សាក​សព​​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជាទាំង៤​ ដែលបង្ហាញ​ថា​ នឹង​មាន​ការ​ចូលរួម​ពី​ភ្ញៀវជាតិ និងអន្តរជាតិ មន្ត្រីរាជការ និង​ផែនកងទ័ព​ទៀតផង​។ សម្តេច​នាយករដ្ឋមន្ត្រីនឹង​ជួបសំណេះសំណាល​ជាមួយ​គ្រួសារ​សពទាំង​៤​ផងដែរ មុន​នឹង​សម្តេច​ដឹកនាំ​គណប្រតិភូ​ទាំងមូលគោរព​វិញ្ញាណក្ខន្ធ​សព។

វត្តមាន​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី ក្នុង​ពិធី​ទទួល​សាកសព​ គឺ​ជា​កាយវិការ​នៃ​ការ​ផ្តល់​តម្លៃ និង​លើកទឹក​ចិត្ត​ដល់​កងទ័ព​​កម្ពុជា។ នេះ​គឺ​ជាការ​អះអាង​របស់​នាយឧត្តមសេនីយ៍ ឈុំ សុជាតិ ដែលជា​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​។

មន្ត្រីជាន់ខ្ពស់​ក្រសួង​ការពារជាតិ​ដដែល​បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ល្ងាច​ថ្ងៃទី​២០​ឧសភា​នេះ​ថា៖«វាគឺជាការលើកទឹកចិត្ត និង​ការ​ផ្តល់​តម្លៃ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន ពីព្រោះ​អ្នកទាំង៤​ដែលជា​កងទ័ព​ស្ម័គ្រចិត្ត​នៃ​កង​រក្សាសន្តិភាពរបស់​អង្គការ​សហប្រជាជាតិ ពួកគេ​បាន​ពលី​ក្នុងបុព្វហេតុ​នៃ​កិត្តិយស​ប្រទេស​ជាតិ​»។

កាលពី​ថ្ងៃ​ទី​៨​ខែ​ឧសភា ពួកឧទ្ទាម​ Anti-Balaka បាន​ពួន​ស្ទាក់​វាយប្រហារ​ទៅលើ​ក្បួន​កង​កម្លាំង​រក្សា​សន្តិសុខ​នៃអង្គការ​សហប្រជាជាតិ​នៅប្រទេស​​អាហ្វ្រិក​កណ្តាល។ កង​រក្សា​សន្តិភាព​កម្ពុជា​៤​នាក់​បាន​ស្លាប់ និង​ម្នាក់របួស​នៅ​ក្នុងការ​វាយ​ប្រហារ​នោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com