ជាតិ
ពលរដ្ឋ​នៅ​ប៊ូ​ឌី​ញ ៨៣​ភាគរយ​ហើយ បាន​ចុះ​កិច្ចសន្យាលក់​ទិញ​បន្ទប់
21, May 2017 , 5:32 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​២០ ខែឧសភា មាន​ពលរដ្ឋ​រស់នៅ​អគារ​ប៊ូ​ឌី​ញ «​ស​» ចំនួន​៤០៩​គ្រួសារ​ហើយ​បាន​ចុះកិច្ចសន្យា​លក់​ទិញ​បន្ទប់​ជា​ផ្លូវការ​។ ចំនួន​នេះ ស្មើនឹង​៨៣​ភាគរយ នៃ​ពលរដ្ឋ​សរុប​ដែល​កំពុង​រស់នៅ​អគារ​ប៊ូ​ឌី​ញ​។ ជាមួយគ្នានេះ មាន​ពលរដ្ឋ​ចំនួន​២៧​គ្រួសារ​ទៀត បាន​ណាត់​ពេល​ជួប​ជាមួយ​ក្រុមការងារ​ចុះកិច្ចសន្យា​លក់​ទិញ ដែល​ចំនួន​បន្ថែម​នេះ ធ្វើ​ឲ្យ​មាន​កំណើន​ពលរដ្ឋ​ព្រម​ទទួល​សំណង​មាន​ដល់​៨៨​ភាគរយ​។


​ក្នុងចំណោម​ពលរដ្ឋ​នៅ​អាគារ​ប៊ូ​ឌី​ញ​ចំនួន ៤៩៣​គ្រួសារ មាន​ពលរដ្ឋ​ចំនួន​៤០៩​គ្រួសារ ឬ​បន្ទប់ ស្មើនឹង​៨៣​ភាគរយ បានមក​ចុះ​កិច្ចសន្យាលក់​ទិញ ដើម្បី​ទទួលបាន​សំណង​ពី​ក្រុមហ៊ុន​។ សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានបញ្ជាក់​ទៀតថា មាន​ពលរដ្ឋ​ចំនួន​២៧​បន្ទប់​ទៀត បាន​ណាត់​ពេល​ជួប​ជាមួយ​ក្រុមការងារ​ចុះកិច្ចសន្យា​លក់​ទិញ​។ ចំនួន​បន្ថែម​នេះ ធ្វើ​ឲ្យ​ចំនួន​ពលរដ្ឋ កើនឡើង​រហូតដល់​៤៣៦​គ្រួសារ ស្មើនឹង​៨៨​ភាគរយ​។ 
 
​ក្នុង​សេចក្តីជូនដំណឹង​ដដែល ក្រសួង​ដែនដី​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខាងលើ ឲ្យ​រួសរាន់​មក​ចុះ​កិច្ចសន្យាលក់ ទិញ​បន្ទប់​ស្នាក់នៅ​របស់ខ្លួន នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ធ្វើជា​រាល់ថ្ងៃ រួមទាំង​ថ្ងៃ​ឈប់សម្រាក​ផង​។
 
​សូមបញ្ជាក់ថា អគារ​ប៊ូ​ឌី​ញ​ដែលមាន​វ័យ​ចំណាស់ និង​មាន​សភាព​ទ្រុឌទ្រោម​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ត្រូវបាន​ក្រុមហ៊ុន​ជប៉ុន​មួយ​ឈ្មោះ អា​រ៉ា​កា​វ៉ា ទិញ​ពី​ពលរដ្ឋ​ក្នុងតម្លៃ​១៤០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ម៉ែត្រការ៉េ​។ ទីតាំង​អគារ​ប៊ូ​ឌី​ញ​នេះ នឹងត្រូវ​សង់​ជា​អគារ​ពាណិជ្ជកម្ម​កម្ពស់​៣០​ជាន់ ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​ចន្លោះ​ពី​៧០​លាន ទៅ​៨០​លាន​ដុល្លារ​អាមេរិក​៕

Tag:
 អាគារ​ប៊ូ​ឌី​ញ
© រក្សាសិទ្ធិដោយ thmeythmey.com