អន្តរជាតិ
ដូណាល់ ត្រាំ រិះគន់សមាជិកណាតូចំៗក្នុងជំនួបទល់មុខលើកទីមួយ ប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំរដ្ឋសមាជិកសម្ព័ន្ធយោធាណាតូផ្សេងទៀតនៅឯទីស្នាក់ការណាតូ (រូបភាព Reuters)
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបន្តរិះគន់សមាជិកសម្ព័ន្ធយោធាណាតូជុំវិញរឿងថ្លៃចំណាយសម្រាប់អង្គការយោធាមួយនេះ។ លោក ត្រាំ បង្ហាញការមិនពេញចិត្តរបស់ចំពោះសមាជិកណាតូជាច្រើនដែលមិនទាន់ធ្វើតាមពាក្យសន្យារបស់ខ្លួនក្នុងការបង្កើនលុយចំណាយឲ្យគ្រប់ចំនួនពីរភាគរយនៃផលិតផលក្នុងស្រុករបស់សមាជិកនីមួយៗ។ លោក ត្រាំ ក៏ព្រមានដែរថា សកម្មភាពភេរវកម្មនឹងមានកើតឡើងទៀត បើណាតូមិនព្រមចាត់វិធានការឲ្យបានច្រើនទៀតនោះ។
ជំនួបទល់មុខលើកទីមួយរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំរដ្ឋសមាជិកណាតូ មិនបានធ្វើឡើងដោយរលូនឡើយ។ ប្រធានាធិបតី ត្រាំ មិនបានទុកមុខទុកមាត់ឲ្យសមាជិកណាតូអ្វីសោះឡើយ គឺលោកបាននិយាយរិះគន់សមាជិកសម្ព័ន្ធយោធានេះ ដែលមិនព្រមគោរពសន្យារបស់ពួកគេក្នុងការចូលរួមវិភាគទានហិរញ្ញវត្ថុសម្រាប់ណាតូ។ សម្រាប់លោក ត្រាំ នេះជារឿងអយុត្តិធម៌ ដ្បិតសមាជិកខ្លះបង់ថ្លៃចំណាយ តែសមាជិកខ្លះទៀតមិនទាន់ចេញលុយគ្រប់គ្រាន់នៅឡើយ។
ចំពោះមុខមេដឹកនាំសមាជិកណាតូទាំង២៨ប្រទេសដែលឈរនៅក្បែរ ប្រធានាធិបតីអាមេរិកនិយាយថា សមាជិកចំនួន២៣ប្រទេស ជំពាក់លុយអាមេរិក និងសម្ព័ន្ធយោធាណាតូច្រើនណាស់ ព្រោះប្រទេសទាំងនោះមិនបានបង់ថ្លៃចំណាយតាមការទទួលខុសត្រូវរបស់ពួកគេនៅឡើយទេ។ លោកបន្តថា វាជារឿងអយុត្តិធម៌សម្រាប់ប្រជាជន និងអ្នកបង់ពន្ធនៅអាមេរិក ហើយសមាជិកទាំង២៣ប្រទេស គួរតែបង្កើនថ្លៃចំណាយលើការការពារប្រទេសពួកគេ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក ត្រាំ ក៏បានព្រមានដែរថា ការវាយប្រហារភេរវកម្មនៅមេនឆេស្ទ័រកាលពីថ្មីៗនេះ ក៏ដូចជានៅកន្លែងផ្សេងទៀត នឹងបន្តកើតមាន បើភេរវកម្មមិនត្រូវបានទប់ស្កាត់ទេនោះ។ ទំនងដោយសាររឿងនេះហើយ ទើបលោក ត្រាំ និយាយម្ដងហើយម្ដងទៀតថា សមាជិកណាតូទាំងអស់ ត្រូវតែចេញថ្លៃចំណាយរបស់ពួកគេ និងទទូចឲ្យសមាជិកទាំងអស់ធ្វើសកម្មភាពបន្ទាន់មិនអាចរង់ចាំឡើយ។
ក្នុងការជួបគ្នាលើកដំបូងនេះ ប្រធានាធិបតីអាមេរិក ក៏បញ្ជាក់ពីជំហររបស់អាមេរិកក្នុងជួយការពារសម្ព័ន្ធមិត្តរបស់ខ្លួន ដែលធ្លាប់ឆ្លងកាត់ព្យុះភ្លៀងជាមួយគ្នាជាច្រើនឆ្នាំមកនេះដែរ។ ប៉ុន្តែសមាជិកណាតូ ក៏សង្ឃឹមចង់ឃើញអាមេរិកគាំទ្រគោលការណ៍ជួយការពារគ្នាទៅវិញទៅមក តាមរយៈការបង្ហាញសកម្មភាពផង មិនមែនថាតែមាត់នោះទេ។ នេះ ក៏ព្រោះតែលោក ត្រាំ ធ្លាប់ហៅណាតូ ជាអង្គការហួសសម័យ និងងាកទៅរករុស្ស៊ីដែលជាគូប្រជែងនោះ។
ទាក់ទងការចំណាយពីរភាគរយវិញ ដើម្បីធ្វើឲ្យលោក ត្រាំ ស្ងប់ចិត្តនោះ សមាជិកសម្ព័ន្ធយោធាណាតូ ក៏មានផែនការបង្កើនថវិកាប្រចាំឆ្នាំ២០១៨ របស់ខ្លួន ដើម្បីបំពេញពាក្យសន្យារបស់ខ្លួនក្នុងការជួយចេញថ្លៃចំណាយរបស់ណាតូចំនួនពីរភាគរយនៃ GDP ដែរ។ ប៉ុន្តែលោក ត្រាំ បែរជាត្អូញថា ពីរភាគរយនេះ មិនគ្រប់គ្រាន់ឡើយ ហើយគ្រាន់តែជាចំនួនតិចតួចស្ដួចស្ដើងក្នុងការទប់ទល់នឹងការគំរាមកំហែងធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
ណាតូ
អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com