អន្តរជាតិ
អធិការបតី​អាល្លឺម៉ង់​ថា អឺរ៉ុប​មិនអាច​ពឹង​លើ​សម្ព័ន្ធមិត្ត​អាមេរិក​ទាំងស្រុង​ដូច​មុន​ឡើយ​
29, May 2017 , 3:19 pm        
រូបភាព
អធិការបតីអាល្លឺម៉ង់ អែនជេឡា មើហ្គែល ជួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មុនជំនួប​ G7 នៅអ៊ីតាលី (រូបភាព Reuters)
អធិការបតីអាល្លឺម៉ង់ អែនជេឡា មើហ្គែល ជួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មុនជំនួប​ G7 នៅអ៊ីតាលី (រូបភាព Reuters)
​អធិការបតី​អាល្លឺម៉ង់ លោកស្រី អែន​ជេ​ឡា មឹ​ហ្គែ​ល (Angela Merkel) និយាយថា អឺរ៉ុប​មិនអាច​ពឹង​ផ្អែកលើ​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន​បាន​ដូច​មុន​ទៀតឡើយ តែ​អឺរ៉ុប​ត្រូវ​ឈរ​ដោយ​ខ្លួនឯង និង​រួបរួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​កំពុង​កើតឡើង​។ លោកស្រី មឺ​ហ្គែ​ល ថ្លែង​ដូចនេះ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​កិច្ចប្រជុំ​មហាអំណាច​សេដ្ឋកិច្ច​ទាំង​៧ (G7) បានបញ្ចប់​ដោយ​សោះកក្រោះ ដោយសារតែ​ការខ្វែងគំនិត​គ្នា​រវាង​អាមេរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។



​ទំនាក់ទំនង​ប្រពៃណី​រវាង​អាមេរិក និង​អឺរ៉ុប ទំនង​ដើរមក​ដល់​ដំណាក់កាល​ថ្មី​មួយទៀត ក្រោយ​សម្ព័ន្ធមិត្ត​ទាំងពីរ​ទាស់ទែង​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ជាច្រើន​។ រដ្ឋបាល​អាមេរិក​ក្រោម​អាណត្តិ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កំពុង​ធ្វើ​ឲ្យ​អឺរ៉ុប​ស្រឡាំងកាំង​ខ្លាំង ដោយសារ​គោលនយោបាយ​មិន​ច្បាស់លាស់​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​។ លោក ត្រាំ នៅតែ​ប្រកាន់​យកគំនិត American First ជាធំ ហើយ​មិនសូវ​ខ្វល់​ពី​អ្នកដទៃ​ឡើយ ដែល​រឿងនេះ​ធ្វើ​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​មិន​សប្បាយចិត្ត​ឡើយ​។​

​កិច្ចប្រជុំ​មហាអំណាច​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​៧ នៅ​អ៊ីតាលី បានបង្ហាញ​យ៉ាងច្បាស់​ពី​ភាពមិន​ចុះសម្រុង​រវាង​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន ជាពិសេស​អឺរ៉ុប​។ លោក ត្រាំ មិនទាន់​ផ្ដល់​ចម្លើយ​ឲ្យ​សមាជិក​ផ្សេង​ឡើយ​ជុំវិញ​បំណង​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ ដែល​សម្រេចបាន​នៅ​ទីក្រុង​ប៉ារីស ក្នុង​ឆ្នាំ​២០១៥ ។ ប្រធានាធិបតី​អាមេរិក សុំ​ជំពាក់​ចម្លើយ​សិន ហើយ​លោក​នឹង​ប្រាប់​ពី​ជំហរ​របស់​អាមេរិក ពេល​លោក​ត្រឡប់​ទៅ​អាមេរិក​វិញ​។​

​ដោយសារ​ជំហរ​បែបនេះ អធិការបតី​អាល្លឺម៉ង់ អែន​ជេ​ឡា មើ​ហ្គែ​ល បាន​និយាយ​របៀប​ដៀមដាម​ដាក់​អាមេរិក​ថា អឺរ៉ុប​មិនអាច​ពឹង​លើ​អ្នកណា​បានឡើយ តែ​ត្រូវ​ចេះ​រស់​ដោយ​ខ្លួនឯង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថ្លែង​ក្នុងពេល​ឃោសនា​របស់​បក្ស CDU នៅ​ថ្ងៃទី​២៨ ខែឧសភា លោកស្រី មើ​ហ្គែ​ល និយាយថា ឆ្លងកាត់​រយៈពេល​ពីរ​បី​ថ្ងៃនេះ ពេលវេលា​ដែល​អឺរ៉ុប​អាច​ពឹងពាក់​លើ​អ្នកដទៃ​បាន ដូចជា​ត្រូវ​ចប់​ហើយ​។

​ដោយសារ​មិនអាច​ពឹង​អាស្រ័យ​លើ​សម្ព័ន្ធមិត្ត​បាន​ដូច​មុន អធិការបតី​អាល្លឺម៉ង់​ក៏​ប្រាប់​ឲ្យ​អឺរ៉ុប​ត្រូវ​ចាប់ដៃគ្នា​ជា​ធ្លុង​មួយ និង​ត្រូវ​ពឹង​ផ្អែកលើ​វាសនា​ខ្លួន​ដើម្បី​បន្តដំណើរ​ទៅមុខ​។ យ៉ាងណាមិញ នេះ​មិនមែន​មានន័យថា អឺរ៉ុប​លែង​រាប់រក​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន​ទេ​។ អឺរ៉ុប នឹង​បន្ត​សម្ព័ន្ធភាព​ជាមួយ​អាមេរិក ជាមួយ​ចក្រភព​អង់គ្លេស​ដែល​សម្រេចចិត្ត​ចាកចេញ ក៏ដូចជា​ជាមួយ​ប្រទេស​ដទៃទៀត​ដើម្បី​ប្រយោជន៍​របស់ខ្លួន​សូម្បីតែ​រុស្ស៊ី​ក៏ដោយ​។​

​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ រួម​នឹង​ការទារ​ថ្លៃ​ចំណាយ​សម្រាប់​សម្ព័ន្ធ​យោធា​ណា​តូ គឺជា​បញ្ហា​ពីរ​ដែល​ធ្វើ​ឲ្យ​ទស្សនកិច្ច​លោក ត្រាំ នៅ​អឺរ៉ុប​មិនសូវ​សមប្រកប​។ លោក ត្រាំ បាន​រិះគន់​សមាជិក​សម្ព័ន្ធ​យោធា ដែល​មិន​ព្រម​អនុវត្តតាម​កិច្ច​របស់ខ្លួន​ក្នុងការ​បង្កើន​ថ្លៃ​ចំណាយ​សម្រាប់​អង្គការ​យោធា​នេះ​ឲ្យ​បាន​ពីរ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​របស់ខ្លួន​។ ប្រធានាធិបតី​អាមេរិក ចាត់ទុក​បញ្ហា​ជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​ប្រជាជន​អាមេរិក​៕


Tag:
 អឺរ៉ុប​
  អាល្លឺម៉ង់​
  អាមេរិក​
  Angela Merkel
© រក្សាសិទ្ធិដោយ thmeythmey.com