អន្តរជាតិ
ទៅដល់​អាមេរិក​ភ្លាម លោក ត្រាំ ព្រលះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មុនគេ​
29, May 2017 , 7:39 pm        
រូបភាព

​អំឡុងពេល​ទស្សនកិច្ច ៩​ថ្ងៃ​នៅ​មជ្ឈិមបូព៌ា និង​អឺរ៉ុប ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មិនបាន​បង្ហោះ​សារ​អ្វី​តាម​បណ្ដាញ​សង្គម Twitter ឡើយ ព្រោះ​ទំនងជា​រវល់​ខ្លាំង​នឹង​កម្មវិធី​ដ៏​មមាញឹក​។ ស្រាប់តែ​ទៅដល់​អាមេរិក​វិញ​ភ្លាម លោក ត្រាំ ក៏បាន​បង្ហោះ​សារ​ជាច្រើន​លើ​គណនី Twitter របស់លោក ដោយបាន​វាយប្រហារ​បណ្ដាញសារព័ត៌មាន ដែល​បាន​ផ្សាយ​ពី​ព័ត៌មាន​ទាក់ទង​ករណី​កូនប្រសារ​របស់លោក​ក្នុង​សំណុំរឿង​ជាមួយ​រុស្ស៊ី ដោយ​ស្រង់​ប្រភព​មិន​ច្បាស់លាស់​។​



​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ត្រឡប់​ដល់​សេត​វិមាន​វិញ​នៅ​ថ្ងៃទី​២៧ ខែឧសភា បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅក្រៅ​ប្រទេស​លើកដំបូង​។ នៅក្រៅ​ប្រទេស​ប៉ុន្មាន​ថ្ងៃនេះ លោក ត្រាំ មិនបាន​និយាយ​អ្វី​ទាល់តែសោះ​ទាក់ទង​បញ្ហា​ក្នុងស្រុក​ដែល​កំពុង​ក្ដៅគគុក ជាពិសេស​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​កូនប្រសារ Jared Kushner ដែល​ត្រូវ​ចោទប្រកាន់ថា​បាន​លួច​ទាក់ទង​ជាមួយ​រុស្ស៊ី​ដើម្បី​បង្កើត​ប្រព័ន្ធ​ទូរ​សព្ទ​សម្ងាត់ មុនពេល​លោក ត្រាំ ចូលកាន់​តំណែង​។

​បន្ទាប់ពី​អាក់ខាន​ជាច្រើន​ថ្ងៃ​មក​នោះ លោក ត្រាំ ដែល​គេ​ឲ្យ​រហស្សនាម​ថា «Twitter-in-chief» ក៏បាន​ប្រើ​គណនី Twitter របស់លោក រិះគន់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បាន​ទាត់ចោល​ព័ត៌មាន​លេច​ធ្លាយ​ពី​សេត​វិមាន​ជា​ព័ត៌មាន​ក្លែងក្លាយ​ទៀតផង​។ ព្រឹក​ថ្ងៃទី​២៨ ខែឧសភា លោក ត្រាំ បាន​បង្ហោះ​សារ​មួយ​ថា​៖ «​តាម​គំនិត​របស់ខ្ញុំ ព័ត៌មាន​ជាច្រើន​ដែល​ធ្លាយ​ចេញពី​សេត​វិមាន គឺជា​រឿង​កុហក​ដែល​បង្កើត​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្លែងក្លាយ​»​។



​បន្ទាប់មកទៀត ប្រធានាធិបតី​ទី​៤៥ របស់​អាមេរិក​រូបនេះ ក៏បាន​រិះគន់​បណ្ដាញសារព័ត៌មាន​ដែល​ស្រង់​ប្រភព​មិន​ច្បាស់លាស់ ហើយ​មិន​ដាក់ឈ្មោះ​ប្រភព​ទៅទៀត​។ លោក​និយាយថា នៅពេល​សារព័ត៌មាន​ប្រើប្រាស់​ពាក្យ «​ប្រភព​» ដោយ​មិន​បង្ហាញ​ឈ្មោះ វា​មានលទ្ធភាព​ច្រើន​ដែល «​ប្រភព​» ទាំងនោះ​មិនមែនជា​ការពិត​ឡើយ តែ​ត្រូវបាន​បង្កើតឡើង​ដោយ​អ្នកសរសេរ​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​ទៅវិញ​ទេ​។​

​នៅ​យប់​ថ្ងៃទី​២៨ ខែឧសភា លោក ត្រាំ ដែលជា​ប្រធានាធិបតី​មាន​សាវតារ​មកពី​អ្នកជំនួញ​គ្មាន​បទពិសោធន៍​នយោបាយ ក៏​ឆ្លៀត​បង្ហោះ​សារ​វាយប្រហារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បន្តទៀត​។ ដោយ​មិន​និយាយ​ចំឈ្មោះ​សារព័ត៌មាន​ណាមួយ លោក ត្រាំ បាន​ចោទប្រកាន់​ពួកគេ​ថា​បាន​ព្យាយាម​យ៉ាងខ្លាំង​ក្នុងការ​បង្កាច់បង្ខូច​ប​ន្ទា​ប​បន្ថោក​ការប្រើប្រាស់​បណ្ដាញ​សង្គម​របស់លោក ព្រោះ​ពួកគេ​មិន​ចង់​ឲ្យ​ប្រជាជន​អាមេរិក​ទទួលបាន​ព័ត៌មាន​ពិត​។ 

​ការប្រើប្រាស់​បណ្ដាញ​សង្គម Twitter ដើម្បី​វាយប្រហារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅពេលនេះ ធ្វើឡើង​ក្រោយ​រឿងអាស្រូវ​រុស្ស៊ី​លូកលាន់​កិច្ចការ​បោះឆ្នោត​អាមេរិក បាន​រាលដាល​លោក Kushner កូនប្រសា​រលោក ត្រាំ ។ មន្ត្រី​អាមេរិក បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា Kushner បាន​ទាក់ទង​ជាមួយ​ទូត​រុស្ស៊ី​ដោយ​សម្ងាត់​ចំនួន​បី​ដង​ក្នុងពេល​ឃោសនា​រក​សំឡេងឆ្នោត​។ គេ​ចោទថា រុស្ស៊ី បាន​ជួយ​ឲ្យ​លោក ត្រាំ ឈ្នះឆ្នោត​តាមរយៈ​ការ​លួច​យក​ទិន្នន័យ និង​ការបង្កើត​ព័ត៌មាន​ក្លែងក្លាយ​ជាដើម​៕


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ប្រព័ន្ធ​ផ្សព្វផ្សាយ
© រក្សាសិទ្ធិដោយ thmeythmey.com