អន្តរជាតិ
ប្រមុខ​ការពារជាតិ​អាមេរិក​៖ សង្គ្រាម​ប្រឆាំង​ភេរវកម្ម​តែង​ឆក់យក​ជីវិត​មនុស្ស​ចៀស​មិន​ផុត​ទេ​
29, May 2017 , 10:39 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិអាមេរិកឧត្តមសេនីយ៍ចូលនិវត្តន៍ ជេមស៍ ម៉ាធីស (រូបភាព Xinhua)
រដ្ឋមន្ត្រីការពារជាតិអាមេរិកឧត្តមសេនីយ៍ចូលនិវត្តន៍ ជេមស៍ ម៉ាធីស (រូបភាព Xinhua)
ដោយ: ថ្មីៗ
​ប្រមុខ​ការពារជាតិ​អាមេរិក​និង​ជា​ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍ ជេ​ម​ស៍ ម៉ា​ធី​ស (James Mattis) បាន​និយាយ​ការពារ​យុទ្ធនាការ​កម្ទេច​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ដែល​បណ្ដាល​ឲ្យ​ជន​ស៊ីវិល​ជាច្រើន​បាត់បង់​ជីវិត​ដូចគ្នា​ដែរ​។ លោក ម៉ា​ធី​ស បាន​ហៅ​ការបាត់​បង់ជីវិត​ជន​ស៊ីវិល​ជាការ​ពិត ដែល​តែង​កើតមានឡើង​ក្នុងពេល​មាន​សង្គ្រាម​។ យ៉ាងណាក្ដី អាមេរិក នឹង​ព្យាយាម​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ជ្រុលនិយម​នេះ​។



​ជន​ស៊ីវិល​ជាច្រើន​នាក់ បាន​បាត់​បង់ជីវិត​ក្នុង​យុទ្ធនាការ​របស់​យោធា​អាមេរិក​ក្នុងការ​បោសសម្អាត​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ដូចជា​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​ជាដើម​។ បើតាម​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ការបាត់​បង់ជីវិត​នេះ បណ្ដាលមកពី​ការផ្លាស់ប្ដូរ​យុទ្ធវិធី​ធ្វើសង្គ្រាម​ពី​ការ​គៀង​ក្រុម​ភេរវ​ករពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ទៅជា​ការឡោមព័ទ្ធ​ពួកគេ​វិញ​។ ការធ្វើ​ដូចនេះ​ទើប​អាច​រារាំង​ក្រុម​អ្នក​ប្រយុទ្ធ​បរទេស​ពី​ការរត់​ត្រឡប់​ទៅ​ស្រុក​វិញ​។

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ CBS ប្រមុខ​ការពារជាតិ​អាមេរិក​រូបនេះ បន្តថា ការបាត់​បង់ជីវិត​ជន​ស៊ីវិល​ដែលជា​លទ្ធផល​នៃ​ការផ្លាស់ប្ដូរ​យុទ្ធវិធី​បែបនេះ គឺជា​រឿង​ធម្មជាតិ​ទៅហើយ​។ យ៉ាងណាមិញ លោក ម៉ា​ធី​ស ក៏​បញ្ជាក់ដែរថា កងទ័ព​អាមេរិក​នឹង​ជួយ​ជន​ស៊ីវិល​តាម​គ្រប់​វិធី​ទាំងអស់ ហើយនឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​តាម​ការចាំបាច់​ទៀតផង​។ 

​ការលើក​ឡើ​របស់​ប្រមុខ​ដឹកនាំ​មន្ទីរ​បញ្ច​កោណ​ធ្វើឡើង ស្រប​ពេលដែល​ប្រតិបត្តិការ​យោធា​របស់​អាមេរិក​នៅ​អ៊ីរ៉ាក់​បាន​ឆក់យក​ជីវិត​ជន​ស៊ីវិល​យ៉ាងច្រើន​។ កាលពី​ថ្ងៃទី​១៧ ខែមីនា ការវាយប្រហារ​ដែនអាកាស​របស់​កងទ័ព​អាមេរិក​បានសម្លាប់​ជន​ស៊ីវិល​ច្រើនជាង​មួយរយ​នាក់​ឯណោះ​។ ប៉ុន្តែ​របាយការណ៍​ក្រសួងការពារជាតិ​អាមេរិក​រកឃើញថា ប្រតិបត្តិការ​នោះ​មាន​គោលដៅ​លើ​សកម្មជន​ដែល​លួច​បាញ់​ទាហាន​អ៊ីរ៉ាក់ ប៉ុន្តែ​គ្រាប់​មី​ស៊ី​ល​ក៏​ធ្លាក់ចំ​ឃ្លាំង​អាវុធ​របស់​ភេរ​វករ រួច​បណ្ដាល​ឲ្យ​ផ្ទុះ​ទើប​មាន​ជន​ស៊ីវិល​ស្លាប់​ច្រើន​បែបនេះ​។

​ជាមួយគ្នានេះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ដដែល​នេះ ក៏បាន​បន្ទោស​ក្រុម​ភេរវ​ករ​ដែល​ចាប់​ជន​ស៊ីវិល​ជា​ចំណាត់​ខ្លាំង​ក្នុងពេល​វាយ​ប្រយុទ្ធ​គ្នា​។ ការចាប់ខ្លួន​ជន​ស៊ីវិល ជា​យុទ្ធសាស្ត្រ​ការពារ​ខ្លួន​របស់​ក្រុម​ភេរ​វករ តែ​ជា​យុទ្ធសាស្ត្រ​ដ៏​សាហាវយង់ឃ្នង​ផងដែរ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ កងទ័ព​អ៊ីរ៉ាក់ ក៏​តែង​ស្នើ​ឲ្យ​ជន​ស៊ីវិល​លាក់ខ្លួន​ក្នុងផ្ទះ​ដើម្បី​សុវត្ថិភាព ប៉ុន្តែ​វា​បាន​ក្លាយជា​ឱកាស​សម្រាប់​ក្រុម​ភេរវជន​ចាប់​ពួកគេ​ដោយ​ស្រួល​ទៅវិញ​។​

​ងាក​ទៅ​រឿង​សមរភូមិ​ក្រុង Mosul បន្តិច កងទ័ព​អ៊ីរ៉ាក់​ដែល​គាំទ្រ​ដោយ​កងកម្លាំង​អាកាស​អាមេរិក កំពុង​សម្រុក​រំដោះ​ទីក្រុង​នេះ​ឲ្យ​បាន​ក្នុងពេល​ខ្លី​ខាងមុខ ខណៈ​សកម្មជន​រដ្ឋ​ឥស្លាម​កំពុង​បាក់ទ័ព​យ៉ាងខ្លាំង​។ ប៉ុន្តែ​ប្រជាជន​ជាច្រើន​ពាន់​នាក់​កំពុង​ជាប់​ខ្លួន​ក្នុងការ​វាយ​ប្រយុទ្ធ​គ្នា​នៅឡើយ ស្របពេល​ដែល​ជន​ស៊ីវិល​ជាច្រើន​ម៉ឺន​នាក់​ទៀត​បាន​រត់​ភៀសខ្លួន​អស់ហើយ​។ ទីក្រុង Mosul ជា​មូលដ្ឋាន​រឹងមាំ​ចុងក្រោយ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​អ៊ីរ៉ាក់​៕  


Tag:
 អាមេរិក​
  ភេរវកម្ម​
  James Mattis
© រក្សាសិទ្ធិដោយ thmeythmey.com