ជាតិ
ឃោសនា​១០​ថ្ងៃ គ​.​ជ​.​ប ទទួលបាន​បណ្ដឹងភាគច្រើនពី​CPP ប្ដឹង​ CNRP
30, May 2017 , 10:45 am        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទទួលបាន​ពាក្យបណ្ដឹង​ពី​គណបក្សនយោបាយ​ចំនួន​៥៦​ករណី ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​រយៈពេល​១០​ថ្ងៃនេះ​។ តែ​យ៉ាងណា គ​.​ជ​.​ប នៅតែ​វាយតម្លៃថា ដំណើរការ​យុទ្ធនា​ការឃោសនា​ឆ្នាំនេះ មាន​ភាពល្អ​ច្រើនជាង​ឆ្នាំមុន​។​



​អ្នកនាំពាក្យ​គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បាន​ឲ្យ​ដឹងថា បណ្ដឹង​ទាំង​៥៦​នេះ ភាគច្រើន​ប្ដឹង​ដោយបេក្ខជន​គណបក្ស​ប្រជាជន​កម្ពុជា ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​អង្គហេតុ​បែប​រិះគន់​គ្នា​ដោយ​សម្តី​ធ្ងន់ៗ និង​ការជេរប្រមាថ បន្តុះបង្អាប់​គ្នា​ជាដើម​។​បើតាម​លោក ហង្ស ពុទ្ធា បណ្ដឹង​ខ្លះ​ត្រូវបាន​ដោះស្រាយ​នៅត្រឹម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់​រួចហើយ លើកលែងតែ​ពាក្យបណ្ដឹង​៣​ទៀត ដែល​មិនអាច​ដោះស្រាយបាន ហើយ​បញ្ជូន​ឡើង​មកដល់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្នាក់​រាជធានី​។​

​តែ​យ៉ាងណា​អ្នកនាំពាក្យ​គ​.​ជ​.​ប​រូបនេះ នៅតែ​វាយតម្លៃថា ដំណើការ​ឃោសនាបោះឆ្នោត​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤​នេះ មាន​ភាពល្អប្រសើ​ច្រើនជាង​ឆ្នាំមុន ត្រង់​ថា គ​.​ជ​.​ប ទទួលបាន​ពាក្យបណ្ដឹង​តិច ហើយ​ភាគច្រើន​អាច​ដោះស្រាយបាន​តាម​នីតិវិធី​។​

​លោក ហង្ស ពុទ្ធា អំពាវនាវ​ឲ្យ​គណបក្សនយោបាយ​ទាំងអស់ ប្រកាន់យក​អាកប្បកិរិយា​ចាស់ទុំ អត់ធ្មត់ និង​គោរព​តាម​នីតិវិធី​ការបោះឆ្នោត និង​ការណែនាំ​របស់​គ​.​ជ​.​ប ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​រាល់​បញ្ហា​ណាមួយ​ដែល​នាំ​ខាតបង់​ពេលវេលា​ក្នុងដំណើការ​បោះឆ្នោត​នេះ​។ ជាពិសេស​ត្រូវ​រក្សា​ជំហ​អហិង្សា ហើយ​រង់ចាំ​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ ក្នុងការ​ជ្រើសរើស​មេឃុំ ឬ​ចៅសង្កាត់​រូប​ណា ដែល​សក្តិ​សម​ដឹកនាំ​មូលដ្ឋាន​របស់​ពួកគេ​វិញ​។

​សូមបញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)  បានផ្តល់​រយៈពេល​ត្រឹម​១៤​ថ្ងៃ ឲ្យ​គណបក្សនយោបាយ ដើម្បី​ឃោសនា​រក​សំឡេងឆ្នោត​។ ហើយ​ក្នុង​រយៈពេល​១៤​ថ្ងៃនោះ គណបក្សនយោបាយ អាច​ដង្ហែ​ក្បួន​ឃោសនា លើ​ដងផ្លូវ ទីសាធារណៈ និង​កន្លែង​ប្រជុំជន​នានា បានត្រឹមតែ​២​ថ្ងៃ​ប៉ុណ្ណោះ​។ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ដោយមាន​គណបក្សនយោបាយ​ចំនួន ១២ ចូលរួម​ប្រកួតប្រជែង​ដណ្តើម​បេក្ខភាព នៅក្នុង​ឃុំ​-​សង្កាត់​ចំនួន ១,៦៤៦ ទូទាំង ២៥​រាជធានី​-​ខេត្ត​៕


Tag:
 គជប​
  CNRP
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com