អន្តរជាតិ
កូរ៉េខាងជើង ត្រៀម​កញ្ចប់​កាដូ​ដ៏​ភ្ញាក់ផ្អើល​ឲ្យ​អាមេរិក
30, May 2017 , 2:35 pm        
រូបភាព
​កូរ៉េខាងជើង​បាន​សាកល្បង​មី​ស៊ី​ល​មួយទៀត​ទី​២៩ ខែឧសភា ដែលជា​មី​ស៊ី​ល​ស្តុ​ត​រយៈ​ចម្ងាយ​ខ្លី ប្រើ​បច្ចេកវិទ្យា​បាលី​ស្ទិ​ក និង​មាន​បំពាក់​ប្រព័ន្ធ​នាំទៅរក​គោលដៅ​ផង​។ មេដឹកនាំ​វ័យក្មេង គីម ជុង​អ៊ុន ត្រួតពិនិត្យ​ការសាកល្បង​នេះ​ដោយផ្ទាល់ ទាំង​ដឹងថា​សហគមន៍​អន្តរជាតិ​ថ្កោលទោស​ក៏ដោយចុះ​។ លោក គីម ជុង​អ៊ុន ក៏​បញ្ជា​ឲ្យ​អភិវឌ្ឍ​អាវុធយុទ្ធភណ្ឌ​ឲ្យ​កាន់តែខ្លាំង​បន្ថែមទៀត ដើម្បី​ត្រៀម​ទប់ទល់​ការឈ្លានពាន​របស់​អាមេរិក​។



​កូរ៉េខាងជើង ហាក់​មិន​អើពើ ឬ​ញញើត​សូម្បីតែ​បន្តិច​ការព្រមាន​របស់​សហគមន៍​អន្តរជាតិ​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។ ម្ដង​ហើយ​ម្ដងទៀត រដ្ឋ​កុម្មុយនីស្ត​ឯកោ​មួយ​នេះ បាន​បាញ់​មី​ស៊ី​ល​យ៉ាង​ញឹកញាប់​មាន​ទាំង​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម និង​រយៈ​ចម្ងាយ​ខ្លី​ជាដើម ហើយ​ពេលខ្លះ​មាន​ទាំង​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ដែល​គេ​ហាមឃាត់​ទៅទៀត​។ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ក៏​តែង​បង្ហាញ​វត្តមាន​ក្នុងការ​បាញ់​មី​ស៊ី​ល​កន្លងមក ក៏ដូចជា​លើកចុងក្រោយ​ថ្ងៃទី​២៩ ខែឧសភា​ជាដើម​។​

​មី​ស៊ី​ល​ដែល​បាញ់​នៅ​ដើម​សប្ដាហ៍​នេះ គឺជា​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ដែលមាន​បំពាក់​បច្ចេកវិទ្យា​បាញ់​ជា​បន្តបន្ទាប់​ដោយ​ស្វ័យប្រវត្តិ​។ មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​នេះ បាន​ធ្លាក់ចូល​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​របស់​ជប៉ុន ដែល​ធ្វើ​ឲ្យ​ជប៉ុន​ខឹង​យ៉ាងខ្លាំង​។ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ស្រង់​សម្ដី​លោក គីម ជុង​អ៊ុន ថា កូរ៉េខាងជើង​នឹង​បន្ត​អភិវឌ្ឍ​មី​ស៊ី​ល​របស់ខ្លួន​ទៀត ទៅតាម​ដំណាក់​ផ្សេងៗ និង​តាម​កម្មវិធី​ដែល​កំណត់ ដើម្បី​ឆ្លើយ​នឹង​ការឈ្លានពាន​របស់​អាមេរិក​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មេដឹកនាំ​កូរ៉េខាងជើង​វ័យក្មេង​រូបនេះ ក៏​ព្រមាន​ដែរ​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន នឹង​ដើរ​មួយ​ជំហាន​យក្ស​ទៅមុខ ហើយ​លោក​ចាត់ទុក​ជាការ​ជឿន​លឿន​នៃ​កម្មវិធី​អាវុធ​នេះ ជា​កញ្ចប់​កាដូ​ដ៏​ភ្ញាក់ផ្អើល​សម្រាប់​អាមេរិក​។ តាំងពីដើម​មក លោក គីម ជុង​អ៊ុន បាន​បន្ទន់​អាកប្បកិរិយា​របស់ខ្លួន​ដាក់​អាមេរិក​ឡើយ បើទោះជា​អាមេរិក​ប្រើ​ធម៌​ក្ដៅ​ផង ធម៌​ត្រជាក់​ផង​ក្ដី​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ថែមទាំង​ចង់​ជួប​លោក គីម ជុង​អ៊ុន ថែមទៀត​។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ភ្លាមៗ​បន្ទាប់​ការបាញ់​មី​ស៊ី​ល​នៅ​ថ្ងៃទី​២៩ ខែឧសភា កូរ៉េខាងត្បូង ក៏​ធ្វើ​សមយុទ្ធ​ជាមួយ​កងទ័ព​អាមេរិក​ដោយមាន​វត្តមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-1B ទៀតផង​។ ដោយឡែក​កងទ័ពជើងទឹក​អាមេរិក​ក៏​ប្រកាស​ដែរ​ថា នាវា​ដឹក​យន្តហោះ USS Carl Vinson និង​នាវា​ដឹក​យន្តហោះ USS Ronald Reagan ដែល​ធ្វើដំណើរ​មកពី​ជប៉ុន ក៏​គ្រោង​ធ្វើ​សមយុទ្ធ​ក្បែរ​ឧបទ្វីប​កូរ៉េ​ដែរ​។​

​ក្រុង​ព្យុងយ៉ាង ចាត់ទុក​វត្តមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​នេះ ជា​សមយុទ្ធ​ទម្លាក់​គ្រាប់​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ និង​ជាការ​រៀបចំ​ធ្វើសង្គ្រាម​ប្រឆាំង​ខ្លួន​ផងដែរ​។ ដោយសារ​ហេតុនេះ ទើប​កូរ៉េខាងជើង​ប្រឹងប្រែង​អភិវឌ្ឍ​មី​ស៊ី​ល​របស់ខ្លួន​ដើម្បី​ទុក​ការពារ​ខ្លួន​ផង និង​ទុក​គំរាម​អាមេរិក​ផង​។ មកទល់ពេលនេះ គេ​ជឿថា កូរ៉េខាងជើង​ស្ថិតក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការអភិវឌ្ឍ​មី​ស៊ី​ល​បាលី​ស្ទិ​ករ​យៈ​ចម្ងាយ​ឆ្ងាយ ហើយ​អាច​បាញ់​ដល់​អាមេរិក​ទៅទៀត​៕   


Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com