អន្តរជាតិ
តួ​ក​គី​បន្ត​ចរចា​ទិញ​ប្រព័ន្ធ​ការពារ​អាកាស S-400 ពី​រុស្ស៊ី​ដើម្បី​ពង្រឹង​វិស័យ​ការពារជាតិ​
03, Jun 2017 , 10:15 am        
រូបភាព
​គោលនយោបាយ​សហភាព​អឺរ៉ុប​បច្ចុប្បន្ន​បង្ខំ​ឲ្យ​តួ​ក​គី​ងាក​ទៅរក​រុស្ស៊ី ដើម្បី​ពង្រឹងសមត្ថភាព​ការពារជាតិ​របស់ខ្លួន​ក្នុង​រយៈពេល​ចុងក្រោយ​។ តួ​ក​គី​និង​រុស្ស៊ី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម និង​កំពុង​បន្ត​ជជែក​ពិភាក្សាគ្នា​ដើម្បី​ឈានទៅ​សម្រេច​កិច្ចព្រមព្រៀង​លក់​ប្រព័ន្ធ​ការពារ​ការពារ​ដែនអាកាស S-400 ផងដែរ​។​



​តួ​ក​គី និង​រុស្ស៊ី​កំពុង​ពិភាក្សា​និង​ឈានទៅ​សម្រេច​កិច្ចព្រមព្រៀង​ទិញ​លក់​សព្វាវុធ​ប្រព័ន្ធ​ការពារ​អាកាស S-៤០០ រួមគ្នា​ហើយ​នៅពេល​ខាងមុខ​។ តួ​ក​គី​ចាត់ទុកថា​រុស្ស៊ី​ជា​ដៃគូ​ដែល​គួរ​ឲ្យ​ទុកចិត្ត​ដែល​អាច​សហការគ្នា​បានល្អ​ប្រសើរ ខុសពី​បណ្តា​ប្រទេស​សមាជិក​អង្គការ​ណា​តូ​។ នេះ​ជាការ​លើកឡើង​របស់​ស​មា​ជិ​ក​សភា​តួ​ក​គី Yusuf Beyazit​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​រុស្ស៊ី Sputnik  សមាជិកសភា​តួ​ក​គី​រូបនេះ​បាន​ពន្យល់ថា ថ្វីបើ​សមាជិក​ណា​តូ​មែន តួ​ក​គី​ជាប់​អារម្មណ៍​លើ​ការកសាង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​និង​កិច្ចសហប្រតិបត្តិការ​យោធា​ផងដែរ​។​

«​តួ​ក​គី​កំ​ពូ​ង​ប្រឆាំង​ក្រុម​ភេរវជន ស្រប​ពេលដែល​បក្សសម្ព័ន្ធ​យោធា​ណា​តូ​មិន​ត្រឹមតែ​បរាជ័យ​ក្នុងការ​ផ្តល់ជំនួយ​គ្រប់គ្រាន់​ដល់​តួ​ក​គី​ទេ តែ​គេ​ក៏​នៅ​ពិចារណា​សហការ​ជាមួយ​អង្គការ​ក្រុម​ភេរវជន​ដូចជា គណបក្ស​សហភាព​ប្រជាធិបតេយ្យ​(PYD)  និង ក្រុម​ឧទ្ទាម​ឃើ​ដ (YPG) ថែម​ទៀតផង​»​។ នេះ​ជាការ​បញ្ជាក់​របស់​សមា​ជិ​ក​សភា​តួ​ក​គី Yusuf Beyazit ។​

​ចំណែក​ពាក់ព័ន្ធ​ការទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស S-400 វិញ សមាជិកសភា​ខាងលើ​ក៏​បង្ហើប​ផងដែរ​ថា តួ​ក​គី​និង​រុស្ស៊ី​កំពុង​ជជែក​ភិ​ភា​ក្សា​គ្នា​ដោយ​ជិត​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​មួយ​ហើយ​លើ​ការទិញ​លក់​អាវុធ​នេះ​។  លោក​រំពឹងថា ការ​នាំចូល​អាវុធ​រុស្ស៊ី​នេះ​នឹង​បម្រើ​ប្រយោជន៍​តួ​ក​គី​បាន​ច្រើន​ជាពិសេស​ពង្រឹងសមត្ថភាព​ការពារជាតិ​តែម្តង​។​

​តាមពិតទៅ ប្រព័ន្ធ​មី​ស៊ី​ល S-400 នេះ​ក្លាយ​ជាស​ពា្វ​វុ​ធ​ត្រូវប៉ាន់​នៅ​ទីផ្សា​អន្តរជាតិ​រយៈពេល​ចុងក្រោយ​ព្រោះ​ទាក់ទាញ​បណ្តា​ប្រទេស​នានា​លើ​លោក ។  សព្វាវុធ​នេះ​កាន់តែ​ល្បីល្បាញ នៅពេល​រុស្ស៊ី​សម្រេច​ពង្រាយ​កាំជ្រួច​នេះ​ជាច្រើន​ដើម​ទៅ​ទឹកដី​ស៊ី​រី​ដើម្បី​ការពារ​មូលដ្ឋានទ័ព និង​យន្តហោះ​ចម្បាំង​របស់ខ្លួន ក្រោយ​មានការ​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​បង្កដោយ​តួ​ក​គី​កាលពី​ចុងឆ្នាំ ២០១៥ ។
 
​សូមបញ្ជាក់​ប​ន្តិ​ថា សព្វាវុធ S-400 នេះ​ត្រូវបាន​ក្រុមហ៊ុន​អាវុធ​រុស្ស៊ី​ច្នៃ​ពី​ប្រព័ន្ធ​អាកាស​ប្រភេទ S-300 ដើម្បី បង្កើន​ប្រសិទ្ធភាព​ដោយ​ការបំពាក់​បច្ចេកវិទ្យា​ទំនើប​ឯទៀត​ផង​។ វា​អាច​ចាប់បាន​សញ្ញា និង​កម្ទេចចោល​រាល់​វត្ថុ​នានា​ច្រើន​ប្រភេទ​ក្នុងពេល​បាញ់​ចេញ​ម្តងៗ​។ ហើយ វត្ថុ​ដែល​ហោះ​លើ​អាកាស រួមទាំង​យន្តហោះ​ចម្បាំង គ្រាប់បែក យន្តហោះ​ឈ្លបយកការណ៍​គ្មាន​អ្នកបើក មី​ស៊ី​លបាញ់​ចេញ​នានា ស្ថិតក្នុង​រយៈ​ចម្ងាយ ៤០០​គីឡូម៉ែត្រ មិនអាច​ហោះ​ផុតពី​ប្រព័ន្ធ​នេះឡើយ​៕


Tag:
 តួ​ក​គី​
  រុស្ស៊ី​
  S-400
  Yusuf Beyazit
© រក្សាសិទ្ធិដោយ thmeythmey.com