អន្តរជាតិ
អាមេរិក​ប្តេជ្ញាចិត្ត​បន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​
03, Jun 2017 , 11:57 am        
រូបភាព
​ប្រមុខ​ការពារជាតិ​អាមេរិក​លោក James Mattis បានបញ្ជាក់​ក្នុង​វេទិកា​សន្តិសុខ Shangri-La នៅ​សិង្ហ​បុរី​ថា អាមេរិក​នៅតែ​រក្សា​ការប្តេជ្ញាចិត្ត​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ការប្រកាស​បែបនេះ​កើតឡើង​បន្ទាប់ពី​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ​សម្រេច​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​និង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​។​



​សហរដ្ឋអាមេរិក​នៅតែ​បន្ត​ប្តេជ្ញាចិត្ត​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​ខ្លួន​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ នេះ​ជាការ​បញ្ជាក់​ប្រមុខ​ការពារជាតិ​អាមេរិក​លោក James Mattis
​ក្នុងពេលដែល​លោក​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​សន្តិសុខ Shangri La នៅ​សិង្ហ​បុរី​នា​ថ្ងៃ​សុក្រ​។​

​ចូលរួម​កិច្ចប្រជុំ​ជា​លើកដំបូង​ក្រោយ​ឡើងកាន់តំណែង លោក Mattis ប្រឈម​បញ្ហា​ច្រើន​ជាពិសេស​លោក​ត្រូវ​តំណាង​ឲ្យ​រដ្ឋបាល ដូ​ណា​ល់ ត្រាំ ក្នុងការ​បកស្រាយ​ពី​គោលជំហរ​នៃ​នយោបាយ​ការបរទេស​របស់​មហា​អំណាច​នេះ​មកកាន់​តំបន់​ទាំងមូល​ផង​។​

​លោក Mattis បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ដូច្នេះ​ថា​៖« នៅក្នុង​វេទិការ​សន្តិសុខ Shangri-La នេះ​ខ្ញុំ​សូមបញ្ជាក់​ជាថ្មី​ថា សហរដ្ឋអាមេរិក​នៅតែ​ឈរ​នៅ​ជាមួយ​សម្ព័ន្ធមិត្ត​និង​ដៃគូ​ទាំងអស់​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​»​។

​លោក​បន្តថា​៖« ក្រសួងការពារជាតិ​អាមេរិក​ផ្តោត​សំខាន់​លើ​ការពង្រឹង​សម្ព័ន្ធភាព និង​ជំរុញ​ឲ្យ​ប្រទេស​ទាំងអស់​មានលទ្ធភាព​រក្សា​សន្តិសុខ​របស់ខ្លួន​បាន​និង​អាច​ពង្រឹងសមត្ថភាព​យោធា​អាមេរិក​បាន​ផង​»​។​
.
​ប្រមុខ​ការពារជាតិ​អាមេរិក​រូបនេះ​ក៏បាន​លើកឡើង​ពី​ការដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ផងដែរ ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក​ចង់​បន្ថែម​សម្ពាធ​កាន់តែ​ធ្ងន់​ប្រឆាំង​កូរ៉េខាងជើង​ក្រោយ​មានការ​បាញ់​សាកល្បង​មី​ស៊ី​ល​ច្រើន​គ្រាប់​បន្ត​គ្នា​ផ្គើន​សហ​មន៍​អន្តរជាតិ​នោះ​។

​តាមពិតទៅ ការបញ្ជាក់​ច្បាស់​ពី​គោលជំហរ​របស់​អាមេរិក​មកកាន់​តំបន់​នេះ កើតឡើង​ស្របពេល​ដែលមាន​ការបា​រ​ម្ភ​ខ្លាំង​ពី​សំណាក់​សម្ព័ន្ធមិត្ត​អាមេរិក​ពី​ការដកខ្លួន​របស់​អាមេរិក​ចេញពី​តំបន់​។ ដូច​ឃើញស្រាប់ លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក និង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ផងដែរ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុង​វេទិកា​នោះដែរ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Malcolm Turnbull បានលើកឡើង​ពី​កង្វល់​ប្រទេស​ក្នុង​តំបន់​ដូចជា​អូស្ត្រាលី​ផងដែរ​ពី​ការដកខ្លួន​របស់​អាមេរិក​ពី​កិច្ចព្រមព្រៀង​សំខាន់ៗ​ខាងលើ​នេះដែរ​។ ប៉ុន្តែ​លោក​ជឿជាក់ថា គេ​មិនគួរ​ប្រញាប់ប្រញាល់​បកស្រាយ​ពេក​ទេពី​ចេតនា​របស់​អាមេរិក​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ក្នុង​តំបន់​»​។​

​ក្រៅពីនេះ ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី​នេះ​ក៏បាន​អំពាវនាវ​ទៅកាន់​ចិន​ឲ្យ​ចូលរួម​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ដែរ​។ លោក​ប្រាប់​វេទិកា​ថា តំបន់​ទាំងមូល​ចង់ឃើញ​ចិន​ក្លាយជា​ប្រទេស​មហាអំណាច​ដែលមាន​ទំនួល​ខុសត្រូវ​ខ្ពស់ ហើយ​ចិន​នេះ​មានអំណាច​និង​ទឹកមាត់ប្រៃ​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នោះ​៕


Tag:
 James Mattis
  អាស៊ី​ប៉ាស៊ីហ្វិក​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com