អន្តរជាតិ
ឌូ​ទើ​តេ ថា​ហ្វីលីពីន​មិនត្រូវ​ការ​អាវុធ​មួយ​ទឹក​ពី​អាមេរិក​ឬ​ប្រទេស​ណា​ផ្សេង​ឡើយ​
03, Jun 2017 , 4:16 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃ​សុក្រ​ទី ២ មិថុនា​ក្នុងជំនួប​ជាមួយ​កងពលតូច​កាំភ្លើង​ធំ​ប្រចាំ ខេត្ត​Zamboanga Sibugay លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​លើកឡើងថា ហ្វីលីពីន​មិនត្រូវ​ការ​អាវុធ​មួយ​ទឹក​ពី​អាមេរិក​និង​ប្រទេស​ផ្សេង​ទៀតឡើយ​។ ក្រោម​អាណត្តិ​របស់លោក អាវុធ​ដែល​នាំចូល​សម្រាប់​កងទ័ព​ហ្វីលីពីន​ប្រើប្រាស់​គឺ​ត្រូវតែ​អាវុធ​ថ្មី​និង​ទំនើប​ផងដែរ​។​



​ស្រប​ពេលដែល​ហ្វីលីពីន​ប្រឈមមុខ​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ (Daesh) ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ប្រកាសថា​រដ្ឋបាល​រប​ស់លោក​មិន​ត្រូវការ​សម្ភារៈ​យោធា​មួយ​ទឹកៗ​ពី​ប្រទេស​ដទៃទៀត​ឡើយ​រួមទាំង​សហរដ្ឋអាមេរិក​ផង​។

​យោងតាម​សារព័ត៌មាន GMA លោក ឌូ​ទើ​តេ បាន​អះអាងថា ក្រោម​ការដឹក​នាម​រប​ស់លោក កងទ័ព​ហ្វីលីពីន​មិនត្រូវ​ការ​អាវុធ​ជជុស​ពី​ប្រទេស​ដៃ​ឡើយ​។ ហ្វីលីពីន​ត្រូវការ​តែ​ជា​អាវុធ​ថ្មី​និង​ទំនើប ទោះបីជា​ត្រូវ​ចំណាយលុយ​ទ្វេដង​ក៏ដោយចុះ​។​

​ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ​បាន​សង្កត់ធ្ងន់ថា លោក​នឹង​ស្វះស្វែង​នាំចូល​អាវុធ​ជាពិសេស​កាំភ្លើង​ពី​ប្រទេស​ចំនួន​ពីរ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ទេ​ថា ប្រទេស​ទាំងពីរ​នោះ​មាន​ប្រទេស​ណាខ្លះ​នោះឡើយ​។

​ប៉ុន្តែ​គេ​ដឹង​ច្បាស់​ថា ប្រទេស​ទាំងពីរ​នោះ​គ្មាន​ប្រទេស​ណា​ក្រៅពី​រុស្ស៊ី​និង​ចិន​ឡើយ​ព្រោះ​ប្រធានាធិបតី​ប្រឹងប្រែង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ទាំងពីរ​នេះ​ខ្លាំងជាងគេ​។ ម្យ៉ាង លោក ឌូ​ទើ​តេ ទើប​ត្រឡប់​មកពី​រុស្ស៊ី​វិញ​ថ្មី​នេះ​ផង ហើយ​លោក​ក៏បាន​ស្នើសុំ​ទិញ​អាវុធ​ទំនើប​ពី​រុស្ស៊ី​មក​កម្ចាត់​ក្រុម​ភេរវជន​ផងដែរ​។​

 ក្រៅពី​អួតថា​លោក​មិនត្រូវ​ការទិញ​អាវុធ​មួយ​ទឹកៗ​ដើម្បី​ឲ្យ​កងទ័ព​ហ្វីលីពីន​ប្រើប្រាស់​លោក ឌូ​ទើ​តេ ក៏បាន​ប្រកាស​ផងដែរ​ថា កងទ័ព​របស់លោក​ក​ម្ចា​ត់​ក្រុម​ភេរវជន​ឲ្យ​អស់​ទោះបីជា​ត្រូវ​ចំណាយ​ពេលវេលា​យូរ និង​ត្រូវ​ចំណាយ​ជីវិត​កងទ័ព​ច្រើន​ប៉ុណ្ណា​ក៏ដោយចុះ​។​

​បច្ចុប្បន្ននេះ​កងកម្លាំង​ហ្វីលីពីន​នៅតែ​បន្ត​ប្រយុទ្ធ​ដណ្តើម​ក្រុង Marawi ពី​ក្រុម​ភេរវជន Maute និង​រំដោះប្រជាជន​ប្រហែល​មួយ​ពាន់​នាក់​ដែល​នៅជាប់​ក្នុង​តំបន់​ដែល​ក្រុម​ភេរវជន​នេះ​កាន់កាប់​ផងដែរ​។ ប្រធានាធិបតី​ហ្វី​លី​ពី​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានប្រកាស​ប្រើប្រាស់​ច្បាប់អាជ្ញាសឹក​នៅ​ថ្ងៃ​អង្គារ​ទី ២៣ ឧសភា​ក្រោយ​ការប៉ះទង្គិច​គ្នា​នេះ​។ លោក​ធ្លាប់​លើកឡើងថា រដ្ឋាភិបាល​លោក​អាច​នឹង​អនុវត្ត​ច្បាប់អាជ្ញាសឹក​ក្នុង​រយៈពេល​វែង​ក្នុងករណី​ដែល​ចាំបាច់​ដើម្បី​ឆ្លើយតប​បញ្ហា​សន្តិសុខ​បង្កដោយ​ក្រុម​ភេរវជន​៕
​    ​

Tag:
 ​រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  Maute
  Marawi
© រក្សាសិទ្ធិដោយ thmeythmey.com