អន្តរជាតិ
មេធាវី​ម៉ិ​ក​ស៊ិ​ក​ម្នាក់​ផលិត​ក្រដាសអនាម័យ​ម៉ាក Trump Paper ដើម្បី​ជួយ​ដល់​ជនអន្តោប្រវេសន៍​
03, Jun 2017 , 10:19 pm        
រូបភាព
ដោយ: ធីតា
​ដើម្បី​បង្ហាញ​ការប្រឆាំង​គោលនយោបាយ​អន្តោប្រវេសន៍​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ មេធាវី​ម្នាក់​បានសម្រេច​ផលិត​ក្រដាសអនាម័យ​ក្រោម​ស្លាក​យីហោ «Trump Paper» ។ នេះ​បើតាម​ការផ្សាយ​របស់​ទ​ស្ស​នាវ​ដ្តី Expansion​។​



​លោក Antonio Battaglia មេធាវី​សញ្ជាតិ​ម៉ិ​ក​ស៊ិ​ក បាន​បង្កើត​អាជីវកម្ម​ខ្នាតតូច​មួយ​ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​អន្តោប្រវេសន៍​ដែល​រងគ្រោះ​ដោយសារ​គោលនយោបាយ​ដ៏​រឹតត្បិត​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​។  ផលិតផល​នោះ គឺ​ក្រដាសអនាម័យ​ម៉ាក «Trump Paper» ដែលមាន​ឡូហ្គោ មុខ​លោក​ត្រាំ សក់​ពណ៌​មាស លើក​មេដៃ និង​អមដោយ​ពាក្យស្លោក «Suavidad Sin Fronteras» (​ភាព​ទន់ល្មើយ​គ្មាន​ព្រំដែន​)​។​

​ក្នុង​បទ​សម្ភាស​ជាមួយ​ទស្សនា​វ​ដ្តី Expansion លោក Antonio Battaglia បាន​អះអាងថា លោក​បាន​ចុះបញ្ជី​ការ​ផលិតផល​របស់ខ្លួន​នៅ​វិទ្យាស្ថាន​កម្មសិទ្ធិបញ្ញា​រប​ស់​ម៉ិ​ក​ស៊ិ​ក​តាំងពី​ខែសីហា ឆ្នាំ​២០១៥​មកម្ល៉េះ ប៉ុន្តែ​លោក​ត្រូវ​រង់ចាំ​រហូតដល់​ខែឧសភា ឆ្នាំនេះ ទើប​អាច​បង្ហាញ​ផលិតផល​របស់ខ្លួន​នៅលើ​ទីផ្សា​។​

​តាម​ប្រភព​ដដែល មេធាវី​រូបនេះ បាន​អះអាងថា ចំ​ណួ​ល​៣០​ភាគរយ​ដែល​បាន​ពី​ការលក់​ក្រដាសអនាម័យ «Trump Paper» នឹង​ផ្តល់​ជូនទៅ​សមាគម ឬ​អង្គការ​នានា​ដែលមាន​បេសកកម្ម​បម្រើ​ប្រយោជន៍​ដល់​ជនអន្តោប្រវេសន៍​ម៉ិ​ក​ស៊ិ​ក​៕


Tag:
 ប្លែកៗ​
  ក្រដាសអនាម័យ​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com