អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
២៨ ឆ្នាំក្រោយ​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​បាតុករ​នៅ​ធាន​អាន​មេន
04, Jun 2017 , 10:48 am        
រូបភាព
​ទោះ​រយៈពេល ២៨  ក៏ដោយ ព្រឹត្តិការណ៍​តក់ស្លុត​សម្លាប់​រង្គាល​ក្រុមបាតុករ​នៅក្នុង​ទីលាន​ធាន​អាន​មេន (Tiannmen)​នៅតែ​រសើប​ខ្លាំង​សម្រាប់​មេដឹកនាំ​ចិន​។ រដ្ឋាភិបាល​និង​បក្ស​ក​ម្មុយ​នី​ស្ត​ចិន​ប្រាកដ​ណាស់ មិន​ចង់​លឺ​ការលើកឡើង​បញ្ហា​សម្លាប់​រង្គាល​នៅ​ធាន​អាន​មេន​ទៀតឡើយ ហើយ​រាល់​ឆ្នាំ​គ្មាន​ប្រជាជន​ណា​អាច​ប្រារព្ធ​ខួប​រំលឹក​ឬ​កាន់ទុក្ខ​ចំពោះ​អ្នកស្លាប់​ជា​សាធារណៈ​បាន​ឡើ​ត​។ រដ្ឋាភិបាល​ចិន​នៅតែ​ធ្វើ​មិនដឹងមិនលឺ និង​ព្យាយាម​ធ្វើ​សព្វ​គ្រប់បែប​យ៉ា​ងា​ដើម្បី​លុបបំបាត់​ការយល់ឃើញថា​ចិន​អនុវត្ត​គោលនយោបាយ​ព្រៃផ្សៃ​ប្រឆាំង​ប្រជាជន​ខ្លួន និង​បំបាត់ចោល​ប្រវត្តិសាស្ត្រ​អាក្រក់​នេះ​មិន​ឲ្យ​ក្មេងជំនាន់ក្រោយ​ដឹងលឺ​ឡើយ​។ ដូច្នេះ​ការឈាន​ទៅ​បញ្ចប់​និ​ទណ្ឌ​ភាព និង​ស្វែងរក​ការទទួលខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅតែ​ជា​សុបិន​។​



​ថ្ងៃនេះ​ជា​ខួប​លើក​ទី ២៨ នៃ​ព្រឹត្តិការណ៍​ធាន​អាន​មេន ដែលជា​ថ្ងៃ​រដ្ឋាភិបាល​ចិន​សម្លាប់​រង្គាល​ប្រជាជន​ខ្លួន​នៅ​កណ្តាល​ក្រុង​ប៉េកាំង​ដោយ​ប្រើប្រាស់​កម្លាំង​ទ័ព​។ ថ្វីបើ​កន្លង​ហួស ជិត​បី​ទសវត្សរ៍​ក៏ដោយ ស្លាកស្នាម​ឈឺចាប់​នេះ​មិនបាន​រលាយបាត់​ពី​ក្នុង​ចិត្ត​ប្រជាជន​ចិន​ដែល​បាត់បង់​បងប្អូន​ក្នុង​ព្រឹត្តិការណ៍​នេះឡើយ​។ ពួកគេ​នៅ​ទន្ទឹងរង់ចាំ​យុត្តិធម៌ និង​ប្រឹងប្រែង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចិន​ទទួលខុសត្រូវ​ចំពោះ​ការសម្លាប់​រង្គាល​ប្រជាជន​ខ្លួនឯង​នេះ​។ ទោះជា​រដ្ឋាភិបាល​ចិន​បច្ចុប្បន្ន​ដឹកនាំ​ដោយ​លោក ស៊ី ជិន​ភីង ហាក់​ព្យាយាម​គាំទ្រ​នយោបាយ​បើកចំហរ និង​ព្យាយាម​ប្រឆាំង​អំពើពុករលួយ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ចិន​ក្តី គេ​មិនឃើញ​មាន​សញ្ញា​ណាមួយ​បញ្ជាក់ថា លោក​មាន​ឆន្ទៈ​បញ្ចប់​និ​ទណ្ឌ​ភាព​រាប់​ទសវត្សរ៍​នៅ​ចិន​នេះឡើយ​។​

-​ការសម្លាប់​រង្គាល​នៅ​ទីលាន​ធាន​អាន​មេន កើតឡើង​ដូចម្តេច​?

​ថ្ងៃ​សម្លាប់​រង្គាល​នៅទីលាន ធានអានមេន​ (Tiananmen Square)  ដោយ​អាជ្ញាធរ​ចិន​កើតមានឡើង បន្ទាប់ពី​មាន​ចលនា​គាំទ្រ​របប​ប្រជាធិបតេយ្យ​ចេញ​ផុសផុល​ក្នុង​ទីក្រុង​ប៉េកាំង និង​បណ្តា​ទីក្រុង​ជាច្រើន​ទូទាំងប្រទេស​ចិន​។

​ដឹង​ស្រាប់​ហើយ​ឆ្នាំ ១៩៨៩ ចលនា​បាតុកម្ម​ប្រឆាំងនឹង​របប​កុម្មុយនីស្ត និង​ការដឹកនាំ​ដោយ​បក្ស​កុម្មុយនីស្ត​មួយ​នោះ កើតឡើង​ក៏ដោយ​សារ​តែមាន​ការជះឥទ្ធិពល​ពី​ការចុះ​ខ្សោយ​រៀបនឹង​ដួលរលំ​នៃ​របប​កុម្មុយនីស្ត​នៅ​តំបន់​អឺរ៉ុប ការដួលរលំ​នៃ​ជញ្ជាំង​ប៊ែ​កឡាំង ហើយ​មាន​សហភាពសូវៀត​ចុះខ្សោយ​ទៅៗ​ទៀត​នោះ​។ ចលនា​បាតុកម្ម​នេះ​មុនដំបូង​ឡើយ​គឺ​កើតឡើង​នៅ​ខែ​សភា ហើយ​មាន​អ្នកចូលរួម​រហូតដល់​ជិត ១​លាន​នាក់ បន្តធ្វើ​បាតុកម្ម នៅតាម​ដង​វិថី​នានា ដែល​អូសបន្លាយ​រយៈពេល​ជាង​បី​សប្តាហ៍​។ គោលដៅ​នៃ​បាតុកម្មអហិង្សា​នេះ​គឺ​ដើម្បី​ដាក់​សម្ពាធ​អោយ​មេដឹកនាំ​គណបក្ស​កុម្មុយនីស្ត​ចិន​លាលែង​ពី​តំណែង និង​ធ្វើកំណែទម្រង់​នយោបាយ​ទទួលយក​លទ្ធិប្រជាធិបតេយ្យ​ផ្តល់​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ និង​បោសសម្អាត​អំពើពុករលួយ​ជាដើម​។​

​ឆ្លើយតប​បញ្ហា​នេះ មេដឹកនាំ​ចិន​កាលនោះ​លោក តេង ស៊ា​វ​ពីង បានប្រកាស​ដាក់​ប្រទេស​ស្ថិតក្រោម​ច្បាប់អាជ្ញាសឹក និង​ពង្រាយ​ទ័ព​ចន្លោះ ពីរ​សែន ទៅ​បី​សែន​នាក់​នៅក្នុង​ទីក្រុង រួមមាន​ទាំង​រថក្រោះ និង​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​ថែម​ទៀតផង​។ ក្រោយមក​នៅ​ល្ងាច​ថ្ងៃ ៣​មិថុនា ក្រុម​ទាហាន​សម្រេច​ប្រើ​អាវុធ​បាញ់​លើ​ក្រុមបាតុករ​ដែល​គ្មាន​អាវុធ និង​ប្រើ​រថក្រោះ​ជាន់​កម្ទេច​លើ​តង់​ដែល​សិស្ស​និស្សិត​ដែលជា​បាតុករ​កំពុង​សម្រាក​នៅ​ក្នុងនោះ​។  ដោយ​អត់ទ្រាំ​នឹង​ការប្រើប្រាស់​ហិង្សា​សាហាវឃោរឃៅ​នេះ​មិនបាន ប្រជាពលរដ្ឋ​ខ្លះ​បានសម្រេច​តបត​វិញ​ដោយ​វាយប្រហារ​លើ​ក្បួន​រថយន្តយោធា និង​ដុត​កម្ទេច​រថក្រោះ​យោធា​វិញ​ដែរ​។​
 
​នៅពេល​ព្រឹក​ថ្ងៃទី ៤ មិថុនា ឳ​ពុក​ម្តាយ​ជនរងគ្រោះ​ក៏​រង​ការវាយប្រហារ​ពី​ក្រុម​ទាហាន​ថែមទៀត​ខណៈ​ពួកគេ​កំពុង​ដើរ​តាម​ដងផ្លូវ​រកមើល​កូន​ខ្លួន​ដែល​រងរបួស ឬ​ស្លាប់​នោះ​។​ក្រុង​ប៉េកាំង​ក៏បាន​សម្រេច​បង្ក្រាប​រាល់​ចលនា​ប្រឆាំង​ទូទាំងប្រទេស​ក្រោមលេស​ប្រឆាំង​បដិវត្តន៍​។ អាជ្ញាធរ​ចិន​បាន​ចាប់ខ្លួន និង​កាត់ទោស​រាល់​អ្នកពាក់ព័ន្ធ​ចលនា​ប្រឆាំង​នេះ​ដោយ​ចោទប្រកាន់​ពួកគេ​ពីបទ​បំផ្លាញ​សណ្តាប់ធ្នាប់​សាធារណៈ​និង​ដុត​កម្ទេច​ទ្រព្យសម្បត្តិ​រដ្ឋ​ជាដើម​។​

 គួររំលឹកថា ក្រោយ​មាន​ព្រឹត្តិការណ៍​នេះ ខាង​កាកបាទក្រហម​អន្ត​ជាតិចិន​បញ្ជាក់ថា​មាន​មនុស្ស យ៉ាងហោចណាស់​មួយ​ពាន់​នាក់​បាន​ស្លាប់ និង​ប្រមាណ​មួយ​ម៉ឺន​នាក់​ត្រូវបាន​ចាប់ខ្លួន​។ គ្មាន​ឡើយ​ការទទួលខុសត្រូវ​ចំពោះ​ការសម្លាប់​រង្គាល​នេះ ហើយ​អ្វីដែល​សំខាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅតែ​មិនមាន​ឆន្ទៈ​ក្នុងការ​ស៊ើបអង្កេត​និង​នាំ​អ្នកពាក់ព័ន្ធ​មក​កាត់ទោស​តាមច្បាប់​ដើម្បី​រក​យុត្តិធម៌​ជូន​អ្នកស្លាប់​និង​អ្នករងគ្រោះ​ផ្សេងទៀត​ដែរ​។​

-​ចិន​ប្រឹងប្រែង​លុបបំបាត់​ទង្វើ​ឧក្រិដ្ឋ​ដ៏​ព្រៃផ្សៃ​នៅ​ធាន​អាន​មេន​

​សហគមន៍​អន្តរជាតិ​ទាំងមូល​បាន​ថ្កោលទោស​លើ​រដ្ឋាភិបាល​ចិន ដែល​បានសម្រេច​ប្រើប្រាស់​អំពើហិង្សា​យ៉ាង​សាហាវឃោរឃៅ​ប្រឆាំងនឹង​ប្រជាជន​ខ្លួន ។ បណ្តា​ប្រទេស​លោកខាងលិច មាន​អឺរ៉ុប និង​អាមេរិក រួមទាំង​បណ្តា​ប្រទេស​នៅ​អាស៊ី នាំគ្នា​រិះគន់​និង​ថ្កោលទោស​មហា​យក្ស​ចិន​ដូចគ្នា ហើយ​មាន​ប្រទេស​ខ្លះ​ដូចជា​សហរដ្ឋអាមេរិក​បានសម្រេច​ដាក់ទណ្ឌកម្ម​ប្រឆាំង​ចិន​ផងដែរ​។ ជានិច្ច​ជា​កាល​រដ្ឋាភិបាល​ចិន​បញ្ជាក់ថា ការធ្វើ​បែបនេះ​គឺ​ដើម្បី​រក្សា​ស្ថេរភាព  និង​វិបុលភាព​ប្រទេសជាតិ ជាពិសេស​គឺ​ប្រឆាំងនឹង​លោកខាងលិច​ដែល​ព្យាយាម​រៀបចំ​ធ្វើអោយ​ប្រទេស​ចិន​ចុះខ្សោយ និង​បែកបាក់​គ្នា​នោះ​។ ចិន​ចោទ​ភ្នាក់ងារ CIA អាមេរិក​ថា​ជា​អ្នក​ជួយ​គាំទ្រ និង​ជ្រោមជ្រែង​ចលនា​បាតុកម្ម​។

​តាំងពី​កើតរឿង​ដល់​បច្ចុប្បន្ន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ព្យាយាម​កែប្រែ​ស្ថានការណ៍ និង​ធ្វើ​យ៉ាង​ការពារ​កុំអោយ​មានការ​បាត់បង់​ជំនឿ​ចិត្ត​លើ​បក្ស​កុម្មុយនីស្ត​។ ចិន ព្យាយាម​ធ្វើកំណែទម្រង់ កំចាត់​អំពើពុករលួយ រក្សា​កំណើនសេដ្ឋកិច្ច​ដើម្បី​ធ្វើអោយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់តែ​ល្អប្រសើរ ផ្តល់​សេរីភាព​ឯកជន តែ​ហាម​ដាច់ខាត​រិះគន់​គណៈបក្ស​ក​ម្មុយ​នី​ស្ត​ចិន​។ ដើម្បី​លុប​ការចងចាំ​ទាំងឡាយណា​ជុំវិញ​ឧក្រិដ្ឋ​កម្មនេះ ចិន​នៅតែ​បន្ត​រឹតត្បិត​សេរីភាព​សារព័ត៌មាន សេរីភាព​បញ្ចេញមតិ តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ហាម​មិនអោយ​មានការ​ជជែក​ពី​ភា​ក្សា​ពី​ព្រឹត្តិការណ៍ ថ្ងៃ ៤ មិថុនា ឬ​ប្រារព្ធ​ទិវា​រំលឹក​ខួប​ជាដើម​នោះ​។

-​រដ្ឋាភិបាល​បរទេស​ចា​ត់​វិធានការ​ប្រឆាំង​អ្នករំលោភ​សិទ្ធិមនុស្ស​នៅ​ចិន​

​ខណៈដែល​រដ្ឋាភិបាល​ចិន​បន្ត​ព្រងើយកន្តើយ​ចំពោះ​ការទាមទារ​ឲ្យ​មានការ​ទទួលខុសត្រូវ​និង​ផ្តល់​យុត្តិធម៌​ដល់​ប្រជាជន​ខ្លួន រដ្ឋាភិបាល​នៃ​ប្រទេស​ចំនួន​បានសម្រេច​អនុម័ត​វិធានការ​មួយ​ចុះ​ចំនួន​ដែល​ជំរុញ​ឲ្យ​មានការ​ទទួលខុសត្រូវ​ចំពោះ​រាល់​ការរំលោភ​សិទ្ធិមនុស្ស​ទូ​ទាំង​ពិភពលោក​។​

​ខែធ្នូ​ឆ្នាំ ២០១៦ សភា​អាមេរិក​បានអនុម័ត​ច្បាប់​មួយ​ស្តីពី​ការទទួលខុសត្រូវ​សិទ្ធិមនុស្ស​សាកល​ដែល​វា​អនុញ្ញាត​ឲ្យ​រដ្ឋបាល​អាមេរិក​ដាក់ទណ្ឌកម្ម​និង​បដិសេធ​ផ្តល់​ទិដ្ឋាការ​ដល់​បុគ្គល​ទាំងឡាយណា​ដែលជា​ប់​ពាក់ព័ន្ធ ឬ​ទទួលខុសត្រូវ​រាល់​ការ​បំពារបំពាន​សិទ្ធិមនុស្ស​។ នៅ​ចក្រភព​អង់គ្លេស​ក៏​ដូចគ្នា​។ សភា​អង់គ្លេស​ក៏​ត្រៀម​អនុម័ត​ច្បាប់​ស្តីពី​ការទទួលខុសត្រូវ​សិទ្ធិមនុស្ស​ដូចគ្នា​នឹង​ច្បាប់​នៅ​អាមេរិក​ដែរ ហើយ​ច្បាប់​នេះ​ក៏មាន​អំណាច​បង្កក​ទ្រព្យសម្បត្តិ​ជន​ដែល​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ផងដែរ​។​

​នៅ​កាណាដា​ឯណោះ​វិញ សេចក្តីព្រាងច្បាប់​មួយ​ត្រូវបាន​រៀបចំឡើង​កន្លង​មក​ដើម្បី​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​កា​ណា​អាចដាក់​ទណ្ឌកម្ម​ប្រឆាំង​រាល់​អ្នករំលោភ​សិទ្ធិមនុស្ស​បង្កក​ទ្រព្យសម្បត្តិ និង​បដិសេធ​ផ្តល់​ទិ​ដ្ឋ​ការ​ដូចគ្នា​។ ក្នុង​ខែឧសភា​កន្លងទៅ រដ្ឋាភិបាល​កាណាដា​បានប្រកាស​គាំទ្រ​សេចក្តីព្រាងច្បាប់​នេះ​ពេញទំហឹង​៕


Tag:
 ធាន​អាន​មេន​
  ចិន​
  តេង ស៊ា​វ​ពីង
© រក្សាសិទ្ធិដោយ thmeythmey.com