អន្តរជាតិ
ការវាយប្រហារ​ភេរវកម្ម​អុកឡុក​អង់គ្លេស​ជាថ្មី​បង្ក​ឲ្យ​មនុស្ស ៦​នាក់​ស្លាប់​និង​របួស​រាប់សិប​នាក់​
04, Jun 2017 , 2:08 pm        
រូបភាព
រូបភាព CNN
រូបភាព CNN
ដោយ: ថ្មីៗ
​ជនរងគ្រោះ​ប្រាំមួយ​នាក់​បាន​ស្លាប់ និង​ជនបង្ក​ហេតុ​បីនាក់​ផ្សេងទៀត​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់​ក្នុងករណី​វាយប្រហារ​ភេរវកម្ម​ជា​បន្តបន្ទាប់​នៅ​កណ្តាល​ទីក្រុង​ឡុង​ដ៏​ចក្រភព​អង់គ្លេស​នៅ​នា​រាត្រី​ថ្ងៃ ៣ មិថុនា​។ ប៉ូលិស​អង់គ្លេស​បានបញ្ជាក់​ថា ក្រុម​ភេរវជន​នោះ​ដែល​ត្រូវ​ប៉ូលិស​បាញ់សម្លាប់​នោះ​ពាក់អាវ​សម្រាប់​ធ្វើអត្តឃាត​ក្លែងក្លាយ​ថែមទៀត​។​



​មនុស្ស​ប្រាំមួយ​នាក់​ស្លាប់ និង ច្រើនជាង​៣០​នាក់​ផ្សេង​ទៀង​រងរបួស​នៅ​ក្នុងករណី​វាយប្រហារ​ភេរវកម្ម​បន្តបន្ទាប់​នៅ​យប់​ថ្ងៃទី ៣ ខែមិថុនា នៅ​កណ្តាល​ក្រុង​ឡុង​ដ៍​។ ក្រៅពី​ជនរងគ្រោះ ក្រុម​ប្រដាប់អាវុធ​បីនាក់​ក៏ត្រូវ​បាន​ប៉ូលិស​បាញ់សម្លាប់​ផងដែរ​ក្រោយ​ការវាយប្រហារ​នេះ​។​

​មនុស្ស​ស្លាប់​និង​របួស​នេះ​កើតឡើង​ដោយសារ​ការបើក​ឡាន​កិន​មនុស្ស​លើ​ស្ពាន​ក្រុង​ឡុង​ដ៏ និង​មានការ​វាយប្រហារ​លើ​អ្នកដំណើរ​ដោយ​ប្រើប្រាស់​កាំបិត​នៅ​ផ្សារ Borough ថែម​ទៀតផង​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រីប៉ូលិស​ជាន់ខ្ពស់​និង​ប្រធាន​អង្គភាព​ប្រឆាំង​ភេរវកម្ម លោក Mark Rowley​បាន​អះអាងថា​៖« នៅ​ជំហាន​នេះ យើង​ជឿជាក់ថា មនុស្ស​ប្រាំមួយ​នាក់​បាន​ស្លាប់​បន្ថែម​ពីលើ​ជនប្រដាប់អាវុធ​ដែល​ប៉ូលិស​បាញ់សម្លាប់​»​។​

​យោងតាម​ព័ត៌មាន​ក្នុង​តំបន់ ខ្មាន់កាំភ្លើង​ទាំងបី​នាក់​នោះ​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់ បន្ទាប់ពី​ពួកគេ​បាន​ប្រើប្រាស់​កាំបិត​កាប់​ចាក់​លើ​មនុស្ស​ជាច្រើន​នាក់​នៅ​ផ្សារ Borough នៅក្នុង​ក្រុង​ឡុង​ដ៍​។ ហើយ​មន្ត្រីប៉ូលិស​ក៏​ទទួលស្គាល់ថា គេ​សម្រេច​បាញ់​ក្រុម​ប្រដាប់អាវុធ​ទាំងនោះ ក្រោយពេល​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​ការកាប់​ប្រហារ​លើ​អ្នកដំណើរ​និង​មាន​ការបើក​រថយន្តបុក​និង​កិន​អ្នកដំណើរ​លើ​ស្ពាន​ក្រុង​ឡុង​ដ៍​ដែរ​។

«​ជនសង្ស័យ​ទាំងបី​ដែល​ត្រូវបាន​ប៉ូលិស​បាញ់​នោះ​ពាក់អាវ​បង្កប់​គ្រឿងផ្ទុះ​សម្រាប់ធ្វើ​អត្តឃាត ប៉ុន្តែ​អាវ​ទាំងនោះ​ជា​អាច​ក្លែងក្លាយ​ប៉ុណ្ណោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Rowley​។​

​ចំណែក​ក្រៅពី​អ្នកស្លាប់ មនុស្ស​ច្រើនជាង ៣០​នាក់​ផ្សេងទៀត​រងរបួស​ដោយសា​រ​ករណី​វាយប្រហារ​បន្តបន្ទាប់​គ្នា​នេះដែរ​។ ពួកគេ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេ​ទ​ដើម្បី​ទទួល​ការព្យាបាល​រួចរាល់​ដែរ​។​

​អភិបាលក្រុង​ឡុង​ដ៏ Sadiq Khan បាន​ថ្កោលទោស​ការវាយប្រហារ​នេះ ដោយ​ហៅថា ជា​សកម្មភាព​ព្រៃផ្សៃ និង​កំសាក​បំផុត​មួយ​។  លោក​បានបញ្ជាក់​ដូច្នេះ​៖ «​វា​ជាការ​វាយប្រហារ​ដោយមាន​ការរៀបចំ​ទុក​មុន និង​កំសាក​បំផុត​មួយ​ប្រឆាំង​ប្រជាជន​ក្រុង​ឡុង​ដ៏​ដែល​មិន​ដឹងអី និង​អ្នកទេសចរ​ដែល​កំពុង​ដើរ​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​នាពេល​រាត្រី​។ ទោះ​អំណះអំណាង​អ្វី​ក៏ដោយ​ក៏​មិនអាច​ការពារ​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​នេះ​បានដែរ​»​។​

​ការវាយប្រហារ​នេះ​ក៏​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការបោះឆ្នោត​សភា​មុន​អាណត្តិ​មកដល់​។​
​ការបោះឆ្នោត​សភា​អង់គ្លេស​នេះ​នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃ ៨​ខែ​មិ​ថុ​ខាងមុខ ប៉ុន្តែ​របាយការណ៍​ស្ទង់​មតិ​បង្ហាញថា គណបក្ស​អភិរក្សនិយម​របស់​នា​យក​រដ្ឋមន្ត្រី Theresa May ធ្លាក់​ប្រជាប្រិយ​ភាពខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​។​

​ដោយឡែក ការវាយប្រហារ​ជាថ្មី​នេះ​កើតឡើង ក្រោយ​ការវាយប្រហារ​ភេរវកម្ម​លើ​ស្ពាន Westminster កាលពី​ខែមីនា ដែល​បណ្តាល​ឲ្យ​មនុស្ស ប្រាំ​នាក់​ស្លាប់​និង​ច្រើនជាង ៥០​នាក់​ផ្សេងទៀត​រងរបួស​៕


Tag:
 ឡុង​ដ៏​
  អង់គ្លេស​
  Borough
  Mark Rowley
© រក្សាសិទ្ធិដោយ thmeythmey.com