អន្តរជាតិ
​ឥណ្ឌូណេស៊ី​៖ បណ្តាញ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ១២០០​នាក់​កំពុង​ធ្វើ​សកម្មភាព​នៅ​ហ្វីលីពីន​
04, Jun 2017 , 7:39 pm        
រូបភាព
ឥណ្ឌូណេស៊ី-បណ្តាញក្រុមភេរវជនរដ្ឋឥស្លាម-១២០០នាក់ធ្វើសកម្មភាពនៅហ្វីលីពីន
ឥណ្ឌូណេស៊ី-បណ្តាញក្រុមភេរវជនរដ្ឋឥស្លាម-១២០០នាក់ធ្វើសកម្មភាពនៅហ្វីលីពីន
ដោយ: ថ្មីៗ
​ឥណ្ឌូណេស៊ី​បានបញ្ជាក់​ថា ក្រុម​ភេរវជន​ដែ្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​មាន​ប្រហែល ១២០០​នាក់​កំពុង​ធ្វើ​សកម្មភាព​នៅក្នុង​ប្រទេស​ហ្វីលីពីន​។ ក្នុងចំណោម​ក្រុម​ភេរវជន​ទាំងនោះ​មាន ៤០​នាក់​មកពី​ឥណ្ឌូណេស៊ី​ថែមទៀត​ផង​។ ការបង្ហាញ​ពី​ទិន្នន័យ​នៃ​ចំនួន​ក្រុម​ភេរវជន​ដែ​ស្ហ​យ៉ាងច្រើន​នៅ​ហ្វីលីពីន​នេះ បង្ហាញ​ឲ្យ​ឃើញ​កាន់​ថា តំបន់​អាស៊ាន​ប្រឈមមុខ​គ្រោះថ្នាក់​ខ្លាំង​។



​ថ្លែង​ក្នុង​វេទិកា​សន្តិសុខ Shangri-La នៅ​សិង្ហ​បុរី   រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូណេស៊ី​លោក Ryamizard Ryacudu បាន​បញ្ជាក់ថា ក្រុម​សកម្មប្រយុទ្ធ​ដែ​ស្ហ ឬ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ប្រហែល ១២០០ នាក់​កំពុង​ធ្វើ​សកម្មភាព​នៅ​ហ្វីលីពីន​ទាំងមូល​។ លោក​ក៏បាន​ឆ្លៀតឱកាស​នោះ​អំពាវនាវ​ឲ្យ​បណ្តា​ភាគី​ពាក់ព័ន្ធ​ធ្វើយ៉ាងណា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​បាន​ពេញលេញ​និង​ឆាប់រហ័ស​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​នេះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ​ត្រូវបាន​គេ​ប្រាប់​យប់មិញ​ថា បណ្តាញ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ប្រហែល ១២០០​នាក់​កំពុថ​ង​ស្ថិតនៅ​ហ្វីលីពីន ហើយ​ប្រហែល ៤០​នាក់​មកពី​ឥណ្ឌូណេស៊ី​»​។​

​ការប្រកាស​ពី​ចំនួន​ក្រុម​សកម្មប្រយុទ្ធ​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ទឹកដី​ហ្វីលីពីន​នេះ​កើតឡើង​ស្រប​ពេលដែល​ទាហាន​ហ្វីលីពីន​កំពុង​បន្ត​ប្រយុទ្ធ​ដើម្បី​ដណ្តើមយក​ក្រុង Marawi ពី​ក្រុម​ភេរវជន​វិញ​។ ការប្រយុទ្ធ​គ្នា​ចាប់ផ្តើម​តាំងតែ​ពីថ្ងៃ​អង្គារ​សប្តាហ៍​មុន ហើយ​បន្ត​អូសបន្លាយ​ដល់ពេលនេះ​ព្រោះ​ក្រុម​ភេរវជន Maute ដែលជា​បណ្តាញ​ក្រុម​ដែ​ស្ហ​ប្រហែល​៥០​នាក់​នៅ​មិនទាន់​ដាក់អាវុធ​ចុះ​នៅឡើយ​។​ការប្រយុទ្ធ​គ្នា​នេះ​បានសម្លាប់​មនុស្ស​អស់ ១៧៧​នាក់​ហើយ​ក្នុងនោះ​មាន​ក្រុម​ភេរវជន​១២០​នាក់​។

​ដោយឡែក​ក្នុង​វេទិកា​សន្តិសុខ​ប្រចាំឆ្នាំ​នៅ​សិង្ហ​បុរី​នេះដែរ ការគំរាមកំហែង​ដោយ​ចលនា​ភេរវកម្ម​ជាពិសេស​ការ​ត្រឡប់មកវិញ​របស់​ប្រជាជន​ដែល​ចេញទៅ​ច្បាំង​នៅក្នុង​សង្គ្រាម​ជី​ហាត​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​បានក្លាយ​ជា​ប្រធានបទ​ស្នូល​។

​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូណេស៊ី​ខាងលើ​ក៏បាន​ឆ្លៀតឱកាស​អំពាវនាវ​ឲ្យ​មានការ​ដាក់ចេញ​វិធានការ​តឹងរ៉ឹង​និង​គ្រប់​ជ្រុងជ្រោយ​មួយ​ដើម្បី​ប្រឆាំង​ក្រុម​ភេរវជន​នេះ​។

«​យើង​ត្រូវតែ​ស្វែងរក​វិធានការ​ជា​ដុំកំភួន​មួយ ប៉ុន្តែ​យើង​ក៏ត្រូវ​ប្រុងប្រយ័ត្ន​។ ពួកគេ​ប្រៀបដូចជា​កាំភ្លើងយន្ត​ដូច្នេះ​ដែរ​។​អ្វីដែល​ពួកគេ​ចង់​ធ្វើ​គឺ​សម្លាប់​មនុស្ស​។ ដូច្នេះហើយ​វា​ជា​ទំនួល​ខុសត្រូវ​របស់​យើង​ដែល​ត្រូវ​ស្វែងយល់​ពី​បញ្ហា​រួមគ្នា​និង​រួបរួមគ្នា​រិះរក​វិធី​ប្រឆាំង​ក្រុម​ភេរវជន​មកពី​បរទេស​នេះ​»​។​
​អនុរដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​លោក Ricardo David បានលើកឡើង​ក្នុង​វេទិកា​រួមគ្នា​នេះ​ថា ក្រុម​ភេរវជន​មាន​គ្នា​ចំនួន ១២០០​នាក់​នេះ​ជា​អ្វីដែល​លោក​មិន​ធ្លាប់​បានដឹង​។

«​ខ្ញុំ​មិនបាន​ដឹង​សោះ​។ ទិន្នន័យ​ដែល​ខ្ញុំ​បានដឹង​គឺ ក្រុម​ភេរវជន​មាន​គ្នា​ពី ២៥០ ទៅ ៤០០​នាក់​ប៉ុណ្ណោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Ricardo​។​

​ប៉ុន្តែ​លោក​ទទួលស្គាល់ថា ក្រុម​ភេរវជន​ដែ​ស្ហ​ដែល​មកពី​ប្រទេស​ដទៃ​ពិតជា​មាន​មែន​នៅ​ហ្វីលីពីន​។ ពួកគេ​មាន​គ្នា​ប្រហែល ៤០​នាក់​ក្នុងចំណោម​ក្រុម​ភេរវជន​ដែល​បាន​ដណ្តើម​កាន់កាប់​ទីក្រុង Marawi កន្លងមក​និង​ត្រូវបាន​សម្លាប់​ដោយ​ទាហាន​រដ្ឋាភិបាល​៕



Tag:
 ហ្វី​លី​ពីន​
  Marawi
  Shangri-La Dialogue
  Ryamizard Ryacudu
© រក្សាសិទ្ធិដោយ thmeythmey.com