ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យឹម សុវណ្ណ ចាត់ទុក​ការបោះឆ្នោត​ឃុំ​-​សង្កាត់​អាណត្តិ​នេះ ថា​ជា​ជោគជ័យ​ដ៏​ធំ​សម្រាប់​សង្គ្រោះ​ជាតិ
04, Jun 2017 , 9:54 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ បានទទួល​ជោគជ័យ​យ៉ាង​ធំ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤​នេះ​។ លោក យឹម សុវណ្ណ បាន​អះអាង​ដូច្នេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន ដែល​ធ្វើឡើង ដើម្បី​ប្រកាស​ពី​លទ្ធផល​ក្រៅផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។


​ទោះជា​ទទួលបាន​អាសនៈ​ជា​មេឃុំ​-​ចៅសង្កាត់ តិចជាង​គណបក្ស​ប្រជាជន​កម្ពុជា ក៏ពិតមែន តែ​លោក យឹម សុវណ្ណ នៅតែមាន​មោទនភាព​ថា គណបក្ស​សង្គ្រោះ​ជាតិ បានទទួល​ជោគជ័យ​យ៉ាង​ធំ នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​អាណត្តិ​នេះ​។ លោក និយាយ​បែបនេះ​ថា​៖«​គណបក្ស​សង្គ្រោះ​ជាតិ នឹង​គ្រប់គ្រង​ឃុំ​-​សង្កាត់ ប្រមាណ​៥00 នៅពេល​ខាងមុខ ហើយ​សុទ្ធតែជា​ឃុំ​-​សង្កាត់​ធំៗ ដែលមាន​សក្កា​នុព​ល​ផ្នែក​សេដ្ឋកិច្ច និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​។ ដូច្នេះ នេះ​ជា​ជោគជ័យ​ដ៏​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​»​។​
 
​យ៉ាងណាក៏ដោយ លទ្ធផល​បឋម នៅ​មិនទាន់​ប្រកាស​ចប់ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នោះទេ​។ ខណៈ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត កំពុងតែ​ប្រកាស​លទ្ធផល​បឋម តាម​ទូរទស្សន៍​ជាតិ (​ទ​ទក​) និង​គេហទំព័រ​របស់​អ្នកនាំពាក្យ​គ​.​ជ​.​ប រួមទាំង​វិទ្យុ​មួយចំនួនទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com