រថយន្ត
អន្តរជាតិ
ទីផ្សា​រថយន្ត​នៅ​បារាំង​កើន​៨,៨៧​ភាគរយ ជាពិសេស​ក្រុមហ៊ុន​ក្នុងស្រុក​
05, Jun 2017 , 7:39 pm        
រូបភាព
ដោយ: ធីតា

​បន្ទាប់ពី​ធ្លាក់ចុះ​៦​ភាគរយ​កាលពី​ខែមេសា ទីផ្សា​រថយន្ត​បារាំង បាន​កើន ៨,៨៧​ភាគរយ​ឡើងវិញ​នៅ​ខែឧសភា បើ​ប្រៀបធៀប​អំឡុងពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦​។ នេះ​បើតាម​ស្ថិតិ​ដែល​គណៈកម្មការ​យានយន្ត​បារាំង (CCFA)​។​



​កាលពី​ខែឧសភា ឆ្នាំ​២០១៧ ការចុះបញ្ជី​រថយន្ត​មាន​ចំនួន​១៩១ ៤២៧​គ្រឿង ដែល​តួលេខ​នេះ​បង្ហាញថា ទីផ្សា​យានយន្ត​បារាំង បាន​កើនឡើង​៨,៨៧​ភាគរយ ប្រើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៦​។ នេះ​ជា​តួលេខ​វិជ្ជមាន​មួយ​សម្រាប់​ទីផ្សា​យានយន្ត​បារាំង ពោលគឺ​ប្រសើរ​ជាង​ខែមេសា ដែលមាន​ការធ្លាក់ចុះ​៦​ភាគរយ​។​

​របាយការណ៍​របស់ CCFA បង្ហាញថា រយៈពេល​៥​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៧​នេះ រថយន្ត​ចំនួន​៩០៤ ៣៥២​ត្រូវបាន​ចុះបញ្ជី ដែល​ក្នុងនោះ​រថយន្ត​ថ្មីៗ មានការ​កើនឡើង​៣,៣៥​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​១០៤​ថ្ងៃ ចន្លោះ​ពី​ខែមករា ទៅ ខែឧសភា រវាង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៦ កន្លងមក​។

​ជាមួយគ្នានេះ​ផងដែរ រថយន្ត​ផលិត​នៅ​បារាំង​ផ្ទាល់​មានការ​កើនឡើង ៧,៩៩​ភាគរយ ពោលគឺ​រួមចំណែក​នៅលើ​ទីផ្សា​ចំនួន​៥៤,៤៣​ភាគរយ ខណៈ​រថយន្ត​ក្រៅ​ស្រុក​មាន ៤៥,៥៧​ភាគរយ​។ រថយន្ត​នៃ​ក្រុម PSA Group កើន​៤,៣២​ភាគរយ Citroen កើន ៥,៦៩​ភាគរយ និង Peugeot កើន ៥,៨៧​ភាគរយ​។​

​សម្រាប់​ខែឧសភា ឆ្នាំ​២០១៧ ផងដែរ រថយន្ត​ម៉ាក​បរទេស ដែលមាន​កំណើន ៩,៩៣​ភាគរយ​នៅ​ទីផ្សា​បារាំង​រួមមាន Volkswagen, Audi, Skoda , Seat, BMW, Toyota, Ford , Fiat , Romeo, Nissan, Mercedes-Benz, Kia , Hyundai និង Volvo ។ រីឯ​ម៉ាក​រថយន្ត​ដែល​ធ្លាក់ចុះ​នៅ​ទីផ្សា​បារាំង មាន Lexus, Jeep, Infiniti និង Smart ជាដើម​៕


© រក្សាសិទ្ធិដោយ thmeythmey.com