កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា ចាត់ទុក​ភាសា​ជា​ឧបសគ្គ​រារាំង​សម្រាប់​ការបង្ហាញ​ខ្លួន​ក្នុង​ក្រុម Fujieda MYFC
05, Jun 2017 , 9:39 pm        
រូបភាព
ដោយ:
​បញ្ហា​ភាសា​នៅតែ​ជា​ឧបសគ្គ​សម្រាប់​ខ្សែប្រយុទ្ធ​វ័យក្មេង​ដ៏​មាន​ប្រជាប្រិយភាព​របស់​កម្ពុជា ចាន់ វឌ្ឍនាកា ក្នុងការ​ចូលរួម​ជាមួយ​ក្រុម Fujieda MYFC របស់​ជប៉ុន ទោះបី​បច្ចុប្បន្ន​កីឡាករ​រូបនេះ​អាច​សម្រប​ខ្លួន​ជាមួយ​អាកាសធាតុ និង​ការហ្វឹកហាត់​ក៏ដោយ​។ បញ្ហា​នេះ​ក៏​អាចជា​កត្តា​មួយ​ធ្វើឲ្យ​ វឌ្ឍនាកា មិនសូវ​មានឱកាស​ប​ង្ហា​ញ​ខ្លួន​ក្នុង​ក្រុម​លី​ក​លំដាប់​ទី​៣​របស់​ជប៉ុន​មួយ​នេះ​ផងដែរ​។



​ខ្សែប្រយុទ្ធ​ដ៏​មាន​ប្រជាប្រិយ​របស់​កម្ពុជា ចាន់ វឌ្ឍនាកា បានចាត់ទុក​ភាសា​ជា​ឧបសគ្គ​ចម្បង​សម្រាប់​ខ្លួន​នាពេល​បច្ចុប្បន្ន​ក្នុងការ​ចូលរួម​ជាមួយ​ក្លិប Fujieda MYFC របស់​ជប៉ុន ទោះបី​កីឡាករ​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្លិប​ក្របខណ្ឌ​លី​ក​លំដាប់​ទី​៣​របស់​ជប៉ុន​មួយ​នេះ​អស់​រយៈពេល​ជាច្រើន​ខែ​ក៏ដោយ​។ បញ្ហា​ភាសា ក៏​អាចជា​ឧបសគ្គ​សម្រាប់​ការ​មិនសូវ​មានឱកាស​បង្ហាញខ្លួន​នៅលើ​ទីលាន​របស់ វឌ្ឍនាកា ផងដែរ​។  

«​អ្វីដែល​យើង​អាចធ្វើ​បាន​នោះ​គឺ​ការលេង​ជា​ក្រុម​និង​ការបង្កើន​កម្លាំង តែ​អ្វីដែល​យើង​នៅ​ខ្វះខាត គឺ​ភាសា​តែម្តង តែបើ​ការហ្វឹកហាត់​មិន​បញ្ហា​នោះទេ ព្រោះ​មាន​អ្នកបកប្រែ តែបើ​ពេល​ប្រកួត​យើង​ត្រូវ​ទំនាក់ទំនង​ដោយផ្ទាល់​ដើម្បី​យល់​គ្នា​ភ្លាមៗ​»​។ នេះ​ជា​លើកឡើង​របស់​កីឡាករ ចាន់ វឌ្ឍនាកា​។ 

​ទោះបី​កីឡាករ ចាន់ វឌ្ឍនាកា មិនសូវ​បានបង្ហាញ​ខ្លួន​នៅលើ​ទីលាន​ក្នុង​ក្រុម Fujieda MYFC នា​ប្រកួត​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​លី​ក​លំដាប់​ទី​៣​របស់​ជប៉ុន​ក៏ដោយ ប៉ុន្តែ​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​បឹងកេត​រូបនេះ នៅតែមាន​ជំនឿ​ចិត្ត​ថា នឹង​អាច​បង្ហាញ​វត្តមាន​ក្នុង​ក្រុម​នេះ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​។ អ្វីដែល​ធ្វើ​ឲ្យ វឌ្ឍនាកា មាន​ក្តី​រំពឹង​បែបនេះ ដោយសារ​ការរីកចម្រើន​ផ្នែក​បច្ចេកទេស និង​កម្លាំង ជាពិសេស​ការ​សម្រប​ខ្លួន​ជាមួយ​អាហារ អាកាសធាតុ និង​ការយល់​ពី​ទម្រង់​លេង​នៅក្នុង​ក្រុម ហើយ​បច្ចុប្បន្ន​រូបគេ​កំពុង​សិក្សា​ភាសា​ជប៉ុន​។  

​កីឡាករ ចាន់ វឌ្ឍនាកា បាន​មកដល់​កម្ពុ​ជាកា​លពី​ថ្ងៃអាទិត្យ​ទី​៤ ខែមិថុនា ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​តទល់​ជាមួយ​ក្រុម​ជម្រើសជាតិ​ឥណ្ឌូនេស៊ី នា​ល្ងាច​ថ្ងៃទី​៨ ខែមិថុនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ មុន​បន្ត​ជួប​ក្នុងជំនួប​ផ្លូវការ​ជាមួយ​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Asian Cup 2019 នៅ​ថ្ងៃទី​១៣ ខែមិថុនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕


Tag:
 បាល់ទាត់​
  ចាន់ វឌ្ឍនាកា​
  Fujieda MYFC
© រក្សាសិទ្ធិដោយ thmeythmey.com