តារាល្បីៗ
អន្តរជាតិ
ការប្រគំ​តន្ត្រី​សប្បុរស «One Love Manchester» រក​ថវិកា​បាន​៣.៤៩​លាន​ដុល្លារ​
06, Jun 2017 , 7:19 pm        
រូបភាព
ដោយ: ធីតា
​តារាចម្រៀង​ល្បីៗ​លំដាប់​ពិភពលោក បាន​ចូលរួម​ក្នុង​ពិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ «One Love Manchester» កាលពី​ចុង​សប្តាហ៍​កន្លងមក​ដើម្បី​រៃអង្គាស​ជួយ​ដល់​ជនរងគ្រោះ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​វេទិកា​ប្រគំ​តន្ត្រី​របស់​តារាចម្រៀង Ariana Grande ក្នុង​ក្រុង​មេន​ឆេ​ស្ទ័​រ នា​រាត្រី​ថ្ងៃទី​២២ ខែឧសភា​។ បើតាម​កាកបាទក្រហម​អង់គ្លេស ព្រឹត្តិការណ៍​នេះ រកបាន​ថវិកា​ប្រមាណ​៣.៤៩​លាន​ដុល្លារ​អាមេរិក​។​





​តារាចម្រៀង Ariana Grande បានបង្ហាញ​ស្មារតី​ដ៏​រឹងប៉ឹង​របស់ខ្លួន បន្ទាប់ពី​រួចផុតជីវិត​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​វេទិកា​តន្ត្រី​របស់​នាង​នៅ​ក្រុង​មេន​ឆេ​ស្ទ័​រ កាលពី​យប់​ថ្ងៃទី​២២ ខែឧសភា ដែល​បណ្តាល​ឲ្យ​មនុស្ស​២២​នាក់​ស្លាប់ និង​ជាង​១០០​នាក់​រងរបួស​។ ប្រមាណ​ជាង​២​សប្តាហ៍​ក្រោយមក Ariana Grande បានរៀបចំ​តន្ត្រី​សប្បុរសធម៌​ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​ជនរងគ្រោះ​។​



​យោងតាម​កាកបាទក្រហម​ចក្រភព​អង់គ្លេស ការប្រគំ​តន្ត្រី​សប្បុរសធម៌ «One Love Manchester» ដែលមាន​ការចូលរួម​ផងដែរ​ពី​តារា​ល្បីៗ​លើ​ពិភពលោក​ដូចជា Katy Perry, Justin Bieber, The Black Eyed Peas, Coldplay និង​តារា​ល្បីៗ​ជាច្រើន​នាក់​ទៀត​នោះ រកបាន​ថវិកា​ប្រមាណ​៣.៤៩​លាន​ដុល្លារ​អាមេរិក​។ បច្ចុប្បន្ន តាមរយៈ​គម្រោង​មូលនិធិ «We Love Manchester Emergency Fund» កាកបាទក្រហម​អង់គ្លេស កៀងគរ​ថវិកា​បាន​ជិត​១៣​លាន​ដុល្លារ​អាមេរិក​រួចទៅហើយ​។​



​ទោះបី​ជាមាន​អារម្មណ៍​ចង់​យំ បែបណាក៏ដោយ ប៉ុន្តែ​នាង Ariana Grande បានធ្វើ​ឲ្យ​សកម្មភាព​ប្រព្រឹត្តទៅ​ក្រោម​បរិយាកាស​ដ៏​រីករាយ និង​ពោរពេញ​ទៅដោយ​ក្តី​ស្រឡាញ់​។ ភាព​រឹងប៉ឹង​របស់ Grande អាយុ​២៣​ឆ្នាំ ផ្តល់​ក្តីរំភើប និង​ការកោតសរសើរ​ជាច្រើន​៕


Tag:
 Ariana Grande
© រក្សាសិទ្ធិដោយ thmeythmey.com