អន្តរជាតិ
ទាហាន​ហ្វីលីពីន​រឹបអូស​បាន​លុយ ១,៦​លាន​ដុល្លារ​ពី​ក្រុម​ភេរវជន​ក្នុងការ​ប្រយុទ្ធ​នៅ​ក្រុង Marawi
06, Jun 2017 , 5:17 pm        
រូបភាព
រូបភាព៖ ABS-CBN
រូបភាព៖ ABS-CBN
​ទ័ព​ហ្វីលីពីន​បាន​ប្រទះឃើញ​លុយ​ជាច្រើន​បាច់​ផ្តុំៗ​គ្នា​ដែលមាន​ទំហំ​រហូតដល់​ជាង ១,៦​លាន​ដុល្លារ​អាមេរិក​លាក់ទុក​ក្នុងផ្ទះ​មួយកន្លែង​ដែល​ក្រុម​ភេរវជន Maute កាន់កាប់​នៅ​ទីក្រុង Marawi នៅ​ថ្ងៃ​អង្គារ​ទី​៦ ខែមិថុនា​នេះ​។ ហ្វីលីពីន​សង្ឃឹមថា​កង​ទ័ព​ខ្លួន​នឹង​យកជ័យ​ជម្នះ​លើ​ក្រុម​ភេរវជន​ទាំងស្រុង​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ខាងមុខ ព្រោះ​ក្រុម​ភេរវជន​កាន់តែ​បាក់ទ័ព​ខ្លាំង​ហើយ​។​



​ការប្រយុទ្ធ​គ្នា​នៅតែ​បន្ត​នៅក្នុង​ទីក្រុង Marawi ទោះជា​ចូលដល់​សប្តាហ៍​ទី​ពីរ​ទៅហើយ​ក្តី​។ ប៉ុន្តែ​ក្រុម​ទាហាន​ហ្វីលីពីន វាយ​សន្ធាប់​លើ​ក្រុម​ភេរវជន Maute កាន់តែខ្លាំង​ឡើយ ស្រប​ពេលដែល​ពួកគេ​បន្ត​ដកខ្លួន​ថយ​ជា​បន្តបន្ទាប់​។  អ្វីដែល​សំខាន់​កងទ័ព​ហ្វីលីពីន​បាន​រឹបអូស​បាន​លុយ​ប្រហែល ១,៦​លាន​ដុល្លារ​អាមេរិក​ថែមទៀត ក្រោយ​ដណ្តើមបាន​ផ្ទះមួយ​កន្លែង​ពី​ក្រុម​ភេរវជន​នេះ​ផងដែរ​។​
 
​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Rappler អ្នកនាំពាក្យ​កងទ័ព​ហ្វីលីពីន Jo-Ar Herrera បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​ភេរវជន​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ​នោះបាន​រកឃើញ​លុយ សុទ្ធ​ផង និង មូល​ប្ប​ទា​នប​ត្រ​ផង​នៅក្នុង​ផ្ទះមួយ​ក្រុម​ភេរវជន Maute កាន់កាប់​ផង​។

​បើតាម​មន្ត្រី​យោធា​នេះ លុយ​សុទ្ធ​ជាច្រើន​ដុំ​ដែល​អ្នកសារព័ត៌មាន​ផ្តិត​យក​រូបភាព​បាន​នោះ​មាន​ទំហំ​សាច់ប្រាក់​រហូតដល់ ៥២,៥​លាន ប៉ឺ​សូ ឬ​ស្មើនឹង ១,០៦​លាន​ដុល្លារ​អាមេរិក រួមជាមួយ​មូល​ប្ប​ទា​នប​ត្រ​ដែលមាន​ទំហំ ២៧ លាន​ប៉ឺ​សូ​ឬ  ៥៥​ម៉ឺន​ដុល្លារ​ថែមទៀត​។ សរុប​ទាំង​អស់វា​មាន​ទំហំ​រហូតដល់ ១,៦ លា​នុដ​ល្លារ​។​

​អ្នកជំនាញ​បាន​វាយតម្លៃថា លុយ​ច្រើន​សន្ធឹកសន្ធាប់​នេះ​ទំនងជា​ត្រូវ​ប្រើប្រាស់​សម្រាប់​បន្ត​ប្រតិបត្តិការ​របស់​ក្រុម​ភេរវជន​ទាំងនេះ​ផង​។ ប៉ុន្តែ​គេ​មិនទាន់​ដឹងថា លុយ​នេះ​មាន​ប្រភព​មក​ណាខ្លះ​ឡើយ​។​

​ដោយឡែក​យោធា​ហ្វីលីពីន​បាន​អះអាងថា ជោគជ័យ​នៃប្រតិបត្តិ​ការដណ្តើមយក​ទីតាំង​ក្រុម​ភេ​វជន​ជា​បន្តបន្ទាប់​នេះ​បង្ហាញ​ឲ្យ​ឃើញថា ក្រុម​ភេរវជន​បន្ត​រត់គេច​ខ្លួន ហើយ​កងទ័ព​ហ្វីលីពីន​នឹង​ឈានទៅ​ទទួល​ជ័យជម្នះ​នៅពេល​ឆាប់ៗ​ខាងមុខ​។

​អ្នកនាំពាក្យ​កងទ័ព​ហ្វីលីពីន Jo-ar Herrera  បាន​បង្ហើប​ឲ្យ​ដឹងថា កងទ័ព​ហ្វីលីពីន​ប្រឈម​ការលំបាក​ខ្លាំង​ក្នុង​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន​នេះ​។  នេះ​ក៏​ព្រោះថា ក្រុម​ភេរវជន​ទាំងនេះ​បានរៀបចំ​គម្រោង​យូរអង្វែង​ហើយ ព្រោះ​ពួកគេ​មានលទ្ធភាព​ខ្ពស់​ក្នុងការ​ប្រយុទ្ធ​តតាំង​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​។ ពួកគេ​បានរៀបចំ​រូង​ក្រោម​ដី និង​កន្លែង​លាក់ខ្លួន​នៅក្រោម​អាគារ​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​គេ​ក៏បាន​ទាំង​អាវុធ​ទំនើប​ដូចជា​កាំភ្លើងយន្ត​ដែល​អាច​ប្រើប្រាស់​វាយប្រហារ​លើ​យន្តហោះ​រដ្ឋាភិបាល​បាន​ថែមទៀត​។​

​យ៉ាងណាមិញ ប្រជាជន​ហ្វីលីពីន​ប្រហែល​ពីរពាន់​នាក់​នៅ​បន្ត​ជាប់គាំង​នៅ​កន្លែង​ក្រុម​ភេរវជន​កាន់កាប់​នៅ​ក្រុង Marawi ដែរ​។ ការប្រយុទ្ធ​គ្នា​អូសបន្លាយ​ពីរ​សប្តាហ៍​នេះ​បានធ្វើ​ឲ្យ​មនុស្ស​ស្លាប់​សរុប​ចំនួន ១៧៨​នាក់ ក្នុងនោះ​មាន​ក្រុម​ភេរវជន ១២០​នាក់​ផងដែរ​។​

​ហើយ​គេ​ជឿជាក់ថា មេក្រុម​ភេរវជន​អា​ប៊ូ​សា​យ៉ាវ Isnilon Hapilon កំពុង​បន្ត​លាក់ខ្លួន​នៅក្នុង​ទីក្រុង​នេះ​នៅឡើយ អាជ្ញាធរ​ហ្វីលីពីន​បានសម្រេច​ប្រកាស​បង្កើន​លុយ​រង្វាន់​សម្រាប់​អ្នក​ចាប់​ឬ​សម្លាប់​មេខ្លោង​ពួកគេ​បាន​។ អ្នក​ដែល​ចាប់ខ្លួន​ឬ​សម្លាប់ Isnilon Hapilon, Abdullah Maute និង Omarkhayam Maute នឹង​ទទួលបាន​លុយ​រង្វាន់ ៤១ ម៉ឺន​ដុល្លារ​អាមេរិក​ពី​រដ្ឋាភិបាល​ហ្វីលីពីន​ផ្ទាល់​៕


Tag:
 ហ្វីលីពីន​
  Marawi
  Maute
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  Jo-Ar Herrera
© រក្សាសិទ្ធិដោយ thmeythmey.com