អន្តរជាតិ
រដ្ឋបាល់​កង់ ម៉ុង​តេ​ណេ​ហ្គ្រោ ក្លាយជា​សមាជិក​ទី ២៩ របស់​បក្សសម្ព័ន្ធ​យោធា​ណា​តូ​
06, Jun 2017 , 9:19 pm        
រូបភាព
​ម៉ុង​តេ​ណេ​ហ្គ្រោ ក្លាយជា​សមាជិក​ទី ២៩ របស់​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ហើយ​នៅ​ដើម​សប្តាហ៍​នេះ​។ ការ​ក្លាយជា​សមាជិក​ថ្មី​នេះ​នៃ​បក្សសម្ព័ន្ធ​នេះ​នៅតែ​ជា​រឿងចម្រូងចម្រាស​ក្នុងប្រទេស​ម៉ុង​តេ​ណេ​ក្រូ​ផ្ទាល់​តែម្តង ហើយ​អ្នកនយោបាយ​និង​ប្រជាជន​ម៉ុង​តេ​ណេ​ក្រូ​ជាច្រើន​បាន​ប្រឆាំង​ការសម្រេចចិត្ត​នេះដែរ​។



​នៅ​ថ្ងៃ​ចន្ទ​ទី ៥​មិថុនា រដ្ឋបាល់​កង់ ម៉ុង​តេ​ណេ​ហ្គ្រោ បាន​ក្លាយខ្លួនជា​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ជា​ផ្លូវការ​។ ពិធី​ប្រកាស​ជា​សមាជិក​នេះ​ធ្វើឡើង​នៅ​ក្រសួងការបរទេស​អាមេរិក ដោយមាន​ការចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រីការបរទេស ម៉ុង​តេ​ណេ​ហ្គ្រោ លោក Srđan Darmanović, អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក Thomas Shannon និង​អគ្គលេខាធិការ​បក្សសម្ព័ន្ធ​ណា​តូ​លោក Jens Stoltenberg​។​

​យោងតាម​សារព័ត៌មាន​រុស្ស៊ី RT ពិធី​ប្រកាស​សមាជិកភាព​របស់​ម៉ុង​តេ​ណេ​ក្រូ​ក្នុង​បក្សសម្ព័ន្ធ​យោធា​ណា​តូ​នេះ​នឹងត្រូវ​រៀបចំឡើង​ជាថ្មី​នៅ​ក្រុង​ព្រុ​ច​សែ​ល​ថ្ងៃ ៧​មិថុនា ដោយមាន​ការលើក​ទង់​ម៉ុង​តេ​ណេ​ក្រូ​នៅ​ទីស្នាក់ការ​កណ្តាល​ណា​តូ​ផងដែរ​។​

​ក្រសួងការបរទេស​អា​មេ​រិ​ក​បានបញ្ជាក់​ពាក់​ព័ន្ធ​ការចូលរួម​របស់ ម៉ុង​តេ​ណេ​ហ្គ្រោ ដូច្នេះ​ថា​៖«  ម៉ុង​តេ​ណេ​ហ្គ្រោ ចូល​ជា​សមាជិក​ណា​តូ​នឹង​គាំទ្រ​ដល់​ដំណើរការ​សមាហរណកម្ម​, ការកែទម្រង់​ប្រជាធិបតេយ្យ​, ពាណិជ្ជកម្ម​, សន្តិសុខ និង​រក្សា​ស្ថិរភាព​ជាមួយ​ប្រទេសជិតខាង​។ ម៉ុង​តេ​ណេ​ហ្គ្រោ ចូលរួម​ជាមួយ​ណា​តូ​ក៏​បង្ហាញ​ឲ្យ​ឃើញថា ទ្វារ​របស់​ណា​តូ​នៅតែ​បើកចំហរ​សម្រាប់​ប្រទេស​ទាំងអស់​ដែល​ចង់​ចូលរួម​និង​អាច​កែទម្រង់​ខ្លួនឯង​ឲ្យ​បាន​ប្រសើរ​ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​ណា​តូ​បាន​។ ហើយ​វា​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ឆន្ទៈ​របស់​ប្រទេស​ទាំងនោះ​ក្នុងការ​ប្រឈម​បញ្ហា និង​ទទួលយក​ទំនួល​ខុសត្រូវ ក៏ដូចជា​ទាញ​ប្រយោជន៍​ពី​ភាពជា​សមាជិក​នេះដែរ​»​។​

​យ៉ាងណាមិញ ការចូលរួម​ជា​សមាជិក​អង្គការ​ណា​តូ​នេះ បាន​ក្លាយជា​រឿងចម្រូងចម្រាស​នៅក្នុង​ប្រទេស ម៉ុង​តេ​ណេ​ហ្គ្រោ  ផ្ទាល់​។ ប្រជាជន​និង​អ្នកនយោបាយ​ខ្លះ​បាននាំគ្នា​បាតុកម្ម​និង​ពហិកា​បង្ហាញ​ការប្រឆាំង​ផងដែរ​។​

​ក្នុងពេល​បោះឆ្នោត​អនុម័ត​ឲ្យ​ម៉ុង​តេ​ណេ​ក្រូ​ចូល​ជា​សមាជិក​ណា​តូ​កាលពី​ខែមេសា សមាជិក​បក្សប្រឆាំង ៣៥​រូប​ដែល​ជិត​ស្មើ​ពាក់កណ្តាល​នៃ​សមាជិកសភា​ទាំងមូល​បាននាំគ្នា​ពហិកា​ចូលរួម​បោះឆ្នោត​។ ហើយ​ចលនា​បាតុកម្ម​និង​តវ៉ា​កើតឡើង​ផុសផុល​នៅពេលដែល​សមាជិកសភា​ម៉ុង​តេ​ណេ​ក្រូ​បោះឆ្នោត​ទទួលយក​សមាជិកភាព​ក្នុង​អង្គការ​ណា​តូ​នេះដែរ​។ គេ​ឃើញ​មាន​បាតុករ​ជាច្រើន​នាក់​ប្រមូល​ផ្តុំគ្នា​នៅក្បែរ​វិមាន​សភា​លើក​បដា​ប្រឆាំង​ដោយ​ហៅ​អង្គការ​ណា​តូ​ថា «​ក្បត់ជាតិ​» និង​ជា «​ចោរ​»​ជាដើម ហើយ​ពួកគេ​ស្រែក​ខ្លាំងៗ​ថា ៖«​ណា​តូ​ជា​ឃាតករ​មាន​បាតដៃ​ប្រឡាក់​សុទ្ធតែ​ឈាម​»​។

​គេ​ចាំ​ច្បាស់​ថា បាតុករ​នេះ​នាំគ្នា​តវ៉ា​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ដោយសារ​ពួកគេ​នៅចាំ​បានការ​អន្តរាគមន៍​ទម្លាក់​គ្រាប់បែក​របស់​ណា​តូ​នៅ​អតីត​រដ្ឋ​យូ​ហ្កោ​ស្លា​វ៉ា​ទសវត្សរ៍​ឆ្នាំ ១៩៩០​នោះ​។ មនុស្ស​រាប់ពាន់​នា​ក់រួ​ម​ទាំង​ប្រជាជន ម៉ុង​តេ​ណេ​ហ្គ្រោ ផង​នោះបាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ការទម្លាក់​គ្រាប់បែក​នេះ​ដូចគ្នា​។​

​តាមពិតទៅ ម៉ុង​តេ​ណេ​ហ្គ្រោ ជា​រដ្ឋ​តូច​មួយ​នៅ​តំបន់​បាល់​កង់ ហើយ​ការចូល​រួមជាមួយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​នេះ​ក៏​មិន​រួមចំណែក​អ្វីដែល​ដុំកំភួន​ដែរ​។ ម៉ុង​តេ​ណេ​ក្រូ​មាន​ទ័ព ១៩៥០​នាក់​, ឧទ្ធម្ភាគចក្រ ១៣​គ្រឿង​,​នាវាចម្បាំង​ពីរ​គ្រឿង​និង​នាវា​ល្បាត​ចំនួន ៣​គ្រឿង​។ ចំណែក​ថវិកា​ការពារជាតិ​ប្រទេស​នេះ​មាន​ទំហំ​ត្រឹម ៥០​លាន​ដុល្លារ​ប៉ុណ្ណោះ​៕


Tag:
 ម៉ុង​តេ​ណេ​ហ្គ្រោ​
  ណា​តូ​
  Srđan Darmanović
  Thomas Shannon
  Jens Stoltenberg
© រក្សាសិទ្ធិដោយ thmeythmey.com