ជាតិ
និស្សិត​ចិន​ស្វែងយល់​ពី​ការផលិត​កុលាលភាជន៍​ក្នុង​តំបន់​អង្គរ​
07, Jun 2017 , 8:19 am        
រូបភាព
​សៀមរាប​៖ ក្រុមនិស្សិត​ផ្នែក​នរវិទ្យា នៃ​សាកលវិទ្យាល័យ​ចិន​ហុងកុង ឬ The Chinese University of Hong Kong បាន​ចុះ​កម្មសិក្សា និង​ស្វែងយល់​ពី​កុលាលភាជន៍​ក្នុង​តំបន់​អង្គរ​។ តាម​អ្នកស្រាវជ្រាវ កុលាលភាជន៍​ចិន​ត្រូវបាន​ប្រទះឃើញ​នៅ​អង្គរ ដែល​នេះ​បង្ហាញ​ពី​ទំនាក់ ទំនង​នៃ​ប្រទេស​ទាំងពីរ​នេះ​។​



​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ និង​ជា​គ្រូដឹកនាំ​កម្មសិក្សា បាន​ឲ្យ​ដឹងថា ដំណើរ​ចុះ​កម្មសិក្សា​របស់​ក្រុមនិស្សិត​ចិន​នេះ គឺជា​គម្រោង​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ ដើម្បី​សិក្សា​ពី​កុលាលភាជន៍​ខ្មែរ និង​ចិន ដែល​តាម​ការស្រាវជ្រាវ​មាន​តាំងពី​សម័យអង្គរ​មក​។​

​ទាក់ទង​នឹង​កុលាលភាជន៍ លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ បានបង្ហាញ​ទៅ​និស្សិត​ចិន អំពី​ការវិវត្តន៍​កុលាលភាជន៍​ខ្មែរ ក្នុង​២​ដំណាក់កាល​ដាច់ពីគ្នា ដែល​ដំណាក់កាល​ពីមួយ​ពី​សតវត្សរ៍​ទី​៩ ដល់ទី​១១ និង​ដំណាក់កាល​ទី​ពីរ ពី​សតវត្សរ៍​ទី​១១ ដល់​១៥​។

​ដោយឡែក​ខាង​សាកលវិទ្យាល័យ​ចិន​ហុងកុង  ក៏បាន​នាំ​កុលាលភាជន៍​ពី​ស្រុក​ចិន ដែល​បានមកពី​ការធ្វើ​កំណាយ​នៃ​ឡ​ដុត​កុលាលភាជន៍​ចំនួន​១០​ទីតាំង​ផ្សេងគ្នា មក​បង្ហាញ​ដល់​និស្សិត​ខ្មែរ និង​អ្នកស្រាវជ្រាវ​ខ្មែរ ឲ្យ​បាន​យល់ដឹង​ពី​កុលាលភាជន៍​ពួកគេ​ផងដែរ​។

​តាម​លោក ដា​រិ​ទ្ធ កុលាលភាជន៍​របស់​ចិន និង​ខ្មែរ មាន​ភាពស្រដៀងគ្នា​ច្រើន ពិសេស​នៅ​ដើម សម័យអង្គរ ដូចជា​មាន​រូប​សត្វ និង​ពណ៌​ជាដើម ដែល​ការប៉ាន់ស្មាន ដោយសារ​ប្រទេស​នេះ រង​ឥទ្ធិពល​ពីគ្នា​ទៅវិញទៅមក​។​



​ក្រៅពី​ស្វែងយល់​ពី​ការងារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​តំបន់​អង្គរ និង​ការផលិត​កុលាលភាជន៍ ខ្មែរ​ហើយ​នោះ ក្រុមនិស្សិត​ចិន នឹង​រៀន​ធ្វើ​កុលាលភាជន៍​នៅ​រោង​សិប្បកម្ម​បាគង​ផងដែរ ដើម្បី​ស្វែងយល់​ពី​ការងារ​ទាំងនេះ​។ លោក ដា​រិ​ទ្ធ ពន្យល់ថា នេះ​ជា​ពេលវេលា​ដ៏​ប្រសើរ ដែល​និស្សិត​បរទេស​មក​ទទួល​ការបណ្តុះបណ្តាល​ពី​ខ្មែរ ដែល​ខុស​ពីមុន ដែល​និស្សិត​ខ្មែរ ត្រូវបាន​បណ្តុះបណ្តាល​ដោយ​បរទេស​៕


Tag:
 កុលាលភាជន៍​
  អ៊ា ដា​រិ​ទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com