អន្តរជាតិ
អាមេរិក​បញ្ជូន​អាវុធ​ទំនើបៗ​ឲ្យ​ទ័ព​ហ្វីលីពីន​ប្រឆាំង​ក្រុម​ភេរវកម្ម និង​លួង​លោក ឌូ​ទើ​តេ​
06, Jun 2017 , 10:39 pm        
រូបភាព
រូបភាព៖ ទីភ្នាក់ងារព័ត៌មាន AFP
រូបភាព៖ ទីភ្នាក់ងារព័ត៌មាន AFP
​ខណៈដែល​កងកម្លាំងរ​ដ្ឋា​ភិ​បាល​ហ្វីលីពីន​បន្ត​ប្រយុទ្ធប្រឆាំង​បណ្តាញ​ក្រុម​ភេរវជន​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​នៅ​ក្រុង Marawi សហរដ្ឋអាមេរិក​បាន​សម្រេច​ផ្តល់ជំនួយ​សព្វាវុធ​ដល់​ហ្វីលីពីន​ដែលមាន​តម្លៃ​រាប់រយ​លាន​ដុល្លារ​ក្នុងនោះ​មាន អាវុធខ្លី​, កាំភ្លើងយន្ត និង​ឧបករណ៍​បាញ់​គ្រាប់​ផងដែរ​។   មកដល់​ឥឡូវនេះ កម្លាំង​ហ្វីលីពីន​បន្ត​បង្កើន​ការវាយប្រហារ​ដើម្បី​ដណ្តើមយក​ទីក្រុង Marawi មកវិញ និង​រំដោះប្រជាជន​ដែល​នៅជាប់​គាំង​ក្នុង​ទីក្រុង​នេះ​ប្រហែល​ពីរពាន់​នាក់​។  លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ឯណោះ​វិញ​ក៏បាន​ប្រកាស​បង្កើន​ប្រាក់រង្វាន់​សម្រាប់​អ្នក​អាច​ចាប់ ឬ​សម្លាប់​មេខ្លោង​ក្រុម​ភេរវជន​ទាំងនោះ​ផងដែរ​។​



​ដល់​ថ្ងៃ​អង្គារ​នេះ ការប្រយុទ្ធ​គ្នា​រវាង​ក្រុម​ភេរវជន Maute បណ្តាញ​ក្រុម​ដែ​ស្ហ ឬ​រដ្ឋ​ឥស្លាម ឈាន​ចូលដល់​សប្តាហ៍​ទី ពីរ​ហើយ​។ មនុស្ស ១៧៨​នាក់​បាន​ស្លាប់​ក្នុងការ​ប្រយុទ្ធ​គ្នា​នេះ ក្នុងនោះ​មាន​ក្រុម​សកម្មប្រយុទ្ធ​ចំនួន ១២០​នាក់​ផងដែរ​។  ថ្វីបើ​កម្លាំង​រដ្ឋាភិបាល​អាចមាន​លទ្ធភាព​គ្រប់គ្រង​ហ៊ុមព័ទ្ធ​ទីក្រុង​បាន​ទាំងស្រុង​ក៏ដោយ ប្រជាជន​ស៊ីវិល​ប្រហែល​ពីរពាន់​នាក់​នៅ​បន្ត​ជាប់គាំង​នៅក្នុង​ទីក្រុង​នៅឡើយ ព្រោះ​ក្រុម​ភេរវជន​នៅ​បន្តកាន់កាប់​ទីតាំង​មួយចំនួន​នៅឡើយ​។

​ដោយឡែក ក្នុង​វេទិកា​សន្តិសុខ Shangri-La នៅ​សិង្ហ​បុរី កាលពី​ចុង​សប្តាហ៍​កន្លងទៅ តំណាង​អាមេរិក និង​អាស៊ាន​បានប្រកាសថា ខ្លួន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​ដើម្បី​ជួយ​ហ្វីលីពីន​ប្រឆាំង​ក្រុម​ភេរវជន​នៅ​ក្រុង Marawi  ក្នុងករណី​ចាំបាច់​។ ប៉ុន្តែ​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូណេស៊ី​លោក Ryamizard Ryacudu អះអាងថា ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​ប្រហែល ១២០០​នាក់ កំពុង​ធ្វើ​សកម្មភាព​នៅក្នុង​ទឹកដី​ហ្វីលីពីន​។ វា​បង្ហាញ​ឲ្យ​ឃើញថា ហ្វីលីពីន​ក៏ដូចជា​អាស៊ាន​ទាំងមូល​ស្ថិតក្រោម​គ្រោះថ្នាក់​ខ្លាំង​ដែល​បង្កដោយ​ចលនា​ភេរវកម្ម​និង​ចលនា​ហិង្សា​ជ្រុលនិយម​ផងដែរ​។​

១.​វ៉ាស៊ីនតោន​ផ្តល់​អាវុធ​ឲ្យ​ហ្វីលីពីន​ដើម្បី​លួង​ចិត្ត​លោក ឌូ​ទើ​តេ​


​ដើម្បី​ជួយ​ដល់​កងកម្លាំង​ហ្វីលីពីន​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ភេរវជន រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បានសម្រេច​បញ្ជូន​អាវុធ​ច្រើន​ប្រភេទ​មាន​ទាំង​កាំភ្លើងខ្លី​,​កាំភ្លើងយន្ត និង​ឧបករណ៍​បាញ់​គ្រាប់​ច្រើន​ទៀត​ឲ្យ​ទៅ​ហ្វីលីពីន​នៅ​ដើម​សប្តាហ៍​។

​ក្នុង​ពិធី​ប្រគល់​សព្វាវុធ​ទៅ​ឲ្យ​តំណាង​រដ្ឋាភិបាល​ហ្វីលីពីន​ជា​ផ្លូវការ​នៅ​ក្រុង​ម៉ានីល ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ម៉ានីល​បាន​បញ្ជាក់ថា​៖« សព្វាវុធ​ទាំងនេះ​នឹង​ជួយ​កងកម្លាំង​ហ្វីលីពីន​បង្កើន​សមត្ថភាព​ប្រឆាំង​ភេរវកម្ម និង​ជួយ​ការពារ​កងកម្លាំង​ក្នុងពេល​បំពេញ​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​នៅ​ភាគខាងត្បូង​ហ្វីលីពីន​»​។ 

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រោយពេល​ទទួល​អាវុធ​ហើយ មេបញ្ជាការ​កងទ័ព​ម៉ា​រី​ន​ហ្វីលីពីន ឧ​ត្ត​ម​សេនីយ៍ Emmanuel Salamat បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា កងទ័ព​ហ្វីលីពីន​នឹង​ប្រើប្រាស់​អាវុធ​នេះ​ក្នុង​សមរភូមិ​ប្រឆាំង​ភេរវកម្ម​នៅក្នុង​ទីក្រុង Marawi នេះ​តែម្តង​។​

​តាមពិតទៅ ការផ្តល់​សព្វាវុធ​នេះ​ធ្វើឡើង​តាម​ក្របខណ្ឌ​កម្មវិធី​ប្រឆាំង​ភេរវកម្ម​រួមគ្នា​យូរអង្វែង​មកហើយ​រវាង​ហ្វីលីពីន​និង​អាមេរិក​ដែលមាន​ទំហំ ១៥០​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​វា​ក៏​បង្ហាញ​ឲ្យ​ឃើញថា អាមេរិក​កំពុង​លួង​ចិត្ត​ហ្វីលីពីន​ដែល​ងាក​ចេញពី​អាមេរិក​ទៅ​អែបអប​រុស្ស៊ី​និង​ចិន​នោះ​។  កាល​មុន​ហ្វីលីពីន​សុំ​ទិញ​អាវុធ អាមេរិក​មិន​លក់​អាវុធ​ឲ្យ​ឡើយ ដោយ​ហេតុផល​បារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស​។ បារម្ភ​ដោយសារតែ​ហ្វីលីពីន​នៅ​បន្ត​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​សម្លាប់​មនុស្ស​អស់​ច្រើនសន្ធឹក​សន្ធាប់​នោះ​។ ដូច្នេះហើយ​បានជា​ហ្វីលីពីន​ក៏​ងាក​កាន់តែ​ឆ្ងាយ​ទៅសុំ​ទិញ​អាវុធ​ពី​រុស្ស៊ី និង​ចិន​ជំនួស​វិញ​ព្រោះ​វា​គ្មាន​លក្ខខណ្ឌ​ដូច​អាមេរិក​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ លោក ឌូ​ទើ​តេ បានទាមទារ​ឲ្យ​កងទ័ព​អាមេរិក​ចាក​ចេញពី​ប្រទេស​ហ្វីលីពីន​ថែមទៀត​ផង ហើយ​លោក​ក៏​សម្រេច​បន្ថយ​ទំនាក់ទំនង​យោធា​ជាមួយ​អាមេរិក​និង​កាត់បន្ថយ​ចំនួន​សមយុទ្ធ​យោធា​រួមគ្នា​ជាដើម​។

​ទាក់ទិន​អាវុធ​ដែល​អាមេរិក​ផ្តល់​ឲ្យ​ហ្វីលីពីន​នេះ មន្ត្រី​អាមេរិក​ដែលមាន​វត្តមាន​ក្នុង​ពិធី​ប្រគល់​អាវុធ​នោះបាន​បញ្ជាក់​ជាមុន​ថា អាវុធ​ដែល​ផ្តល់​ឲ្យ​ហ្វីលីពីន​នេះ​សុទ្ធតែជា​អាវុធ​ថ្មីៗ​ទាំងអស់​។ ការលើកឡើង​បែបនេះ ក៏​ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​ដែរ​។ កន្លងមក​ប្រមុខរដ្ឋ​ហ្វីលីពីន​លោក រ៉ូ​ឌ្រី ហ្គោ ឌូ​ទើ​តេ បានប្រកាស​ហើយ​ថា រដ្ឋាភិបាល​លោក​មិន​ទទួលយក​អាវុធ​មួយ​ទឹកៗ​ឡើយ ទោះពី​ប្រទេស​ណាក៏ដោយ​រួមទាំង​អាមេរិក​ផង​។ លោក​បញ្ជាក់ថា កងកម្លាំង​ហ្វីលីពីន​ត្រូវតែ​ប្រើប្រាស់​អាវុធ​ថ្មីៗ​និង​ទំនើប ទោះជា​ត្រូវ​ចំណាយលុយ​ច្រើន​ទ្វេដង​ក៏ដោយចុះ​។

២. ហ្វីលីពីន​បង្កើន​លុយ​រង្វាន់​សម្រាប់​អ្នក​ចាប់ ឬ សម្លាប់​មេខ្លោង​ភេរវជន​
​    ​
​ដោយសារ​ការប្រយុទ្ធ​នៅតែ​បន្ត​នៅ​ក្រុង Marawi ហើយ​គេ​ជឿជាក់ថា មេក្រុម​ភេរវជន​អា​ប៊ូ​សា​យ៉ាវ Isnilon Hapilon កំពុង​បន្ត​លាក់ខ្លួន​នៅក្នុង​ទីក្រុង​នេះ​នៅឡើយ អាជ្ញាធរ​ហ្វីលីពីន​បានសម្រេច​ប្រកាស​បង្កើន​លុយ​រង្វាន់​សម្រាប់​អ្នក​ចាប់​ឬ​សម្លាប់​មេខ្លោង​ពួកគេ​បាន​។​

​អ្នក​ដែល​ចាប់ខ្លួន​ឬ​សម្លាប់ Isnilon Hapilon, Abdullah Maute និង Omarkhayam Maute នឹង​ទទួលបាន​លុយ​រង្វាន់ ៤១​ម៉ឺន​ដុល្លារ​អាមេរិក​ពី​រដ្ឋាភិបាល​ហ្វីលីពីន​ផ្ទាល់​។

​នាយសេនាធិការ​កងទ័ព​ហ្វីលីពីន Eduardo Ano បាន​ថ្លែងថា​៖« យើង​សង្ឃឹមថា ការផ្តល់ប្រាក់​រង្វាន់​នេះ​នឹង​ជំរុញ​ឲ្យ​យើង​ទទួលបាន​ជោគជ័យ​ក្នុងការ​ចាប់ខ្លួន ឬ​សម្លាប់​មេដឹកនាំ​ក្រុម​អា​ប៊ូ​សា​យ៉ាវ Isnilon Hapilon និង​បងប្អូន​មេដឹកនាំ​ក្រុម Maute ទាំងពីរ​នាក់​»​។​

​ចំណែក​ក្រសួងការបរទេស​អាមេរិក​វិញ​កន្លងមក​ក៏បាន​ប្រកាស​ផ្តល់​លុយ​រង្វាន់ ៥​លាន​ដុល្លារ​អាមេរិក​ដែរ ដល់​អ្នក​ដែល​ផ្តល់ព័ត៌មាន​ដែល​ឈានដល់​ការចាប់ខ្លួន  Isnilon Hapilon​ដែរ​។​

​បើតាម​យោធា​ហ្វីលីពីន ក្រុម​ភេរវជន​ដែល​ស្ថិតនៅក្នុង​ប្រតិបត្តិ​ការដណ្តើម​កាន់កា​ប់​ក្រុង Marawi មាន​ប្រហែល ២៥០​នាក់​ប៉ុណ្ណោះ ហើយ​ពួកគេ​ប្រហែល​១២០​នាក់​ត្រូវបាន​ទាហាន​សម្លាប់​រួចទៅហើយ​។ ថ្វីបើ​ពួកគេ​នៅ​សេសសល់​ជាង​១០០​នាក់​ក៏ដោយ ទាហាន​ហ្វីលីពីន​នៅតែ​ប្រឈម​ការលំបាក​ខ្លាំង​ក្នុងការ​យកជ័យ​ជម្នះ​លើ​ក្រុម​នេះ​។​

​អ្នកនាំពាក្យ​កងទ័ព​ហ្វីលីពីន Jo-ar Herrera  បាន​បង្ហើប​ឲ្យ​ដឹងថា ក្រុម​ភេរវជន​ទាំងនេះ​បានរៀបចំ​គម្រោង​យូរអង្វែង​ហើយ ព្រោះ​ពួកគេ​មានលទ្ធភាព​ខ្ពស់​ក្នុងការ​ប្រយុទ្ធ​តតាំង​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​។ ពួកគេ​បានរៀបចំ​រូង​ក្រោម​ដី និង​កន្លែង​លាក់ខ្លួន​នៅក្រោម​អាគារ​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​គេ​ក៏បាន​ទាំង​អាវុធ​ទំនើប​ដូចជា​កាំភ្លើងយន្ត​ដែល​អាច​ប្រើប្រាស់​វាយប្រហារ​លើ​យន្តហោះ​រដ្ឋាភិបាល​បាន​ថែមទៀត​៕


Tag:
 ​រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
 ​ហ្វីលីពីន​
  Marawi
  អាមេរិក​
  Maute
© រក្សាសិទ្ធិដោយ thmeythmey.com