អន្តរជាតិ
រដ្ឋាភិបាល​ជប៉ុន​ប្រកាសថា ខ្លួន​គ្មាន​គម្រោង​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​បន្ថែម​ឡើយ​
13, Jun 2017 , 8:59 am        
រូបភាព
ដោយ:
​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជប៉ុន​បាន​បដិសេដ​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​សេដ្ឋកិច្ច​ជប៉ុន ដោយ​លោក​បញ្ជាក់ថា ជប៉ុន​គ្មាន​គម្រោង​សាងសង់​រោងចក្រ​នុយក្លេអ៊ែ ឬ​ផ្លាស់ប្តូរ​ឧបករណ៍​រ៉េ​អា​ក់ទ័រ​ថ្មី​នោះទេ​។ មូលហេតុ​គឺថា​ការសាងសង់​រោងចក្រ​ថ្មី​អាច​នឹងធ្វើ​សាធារណជន​ជប៉ុន​ប្រឆាំង​ព្រោះ​ពួកគេ​បារម្ភ​ពី​ការផ្ទុះ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ដូចពេលមុន​។



 យោងតាម​សេចក្ដីរាយការណ៍​របស់​ភ្នាក់ងារ​ព័ត៌មាន​សេដ្ឋកិច្ច​ជប៉ុន Nikkei business daily រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជប៉ុន Hiroshige Seko នឹង​បង្កើត​ក្រុមបច្ចេកទេស​នៅ​ដើមខែ​មិថុនា​ដើម្បី​ត្រួតពិនិត្យ​ទ្បើង​វិញ​នូវ​គម្រោង​ផលិត​ថាមពល ក៏ដូចជា​សង់រោង​ចក្រ​ថាមពលនុយក្លេអ៊ែរ​ថ្មី ឬក៏​អាច​ផ្លាស់ប្ដូរ​ឧបករណ៍​រ៉េ​អា​ក់ទ័រ​ទាំងអស់​ដែល​នៅសល់​ផង​។​

​រដ្ឋាភិបាល​ជប៉ុន​នឺង​បន្ត​អនុវត្ត​ផែនការ​ឆ្នាំ​២០១៤ ដែល​សំដៅ​ដល់​ការកាត់បន្ថយ​ការពឹង​ផ្អែកលើ​ថាមពលនុយក្លេអ៊ែរ​ដោយ​រក្សា​ថាមពល​នេះ​នៅសល់​ត្រឹម​មួយ​ភាគ​តូច​នៃ​ថាមពល​ដែល​ត្រូវ​ប្រើប្រាស់​ចម្រុះ​។ ទោះបីជា​ដូច្នេះ​ក៏ដោយ​ការរក្សា​នូវ​ថាមពលនុយក្លេអ៊ែរ​នៅត្រឹម​កម្រិត​មួយ​ភាគ​តូច​នៃ​ថាមពល​ចម្រុះ​ក៏​តម្រូវ​ឲ្យ​មានការ​សាងសង់​រ៉េ​អា​ក់ទ័រ​ថ្មី​បន្ថែម​ដែរ​។​

​ប៉ុន្តែ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​រូបនេះ បាន​ទាត់ចោល​សេចក្ដីរាយការណ៍​ខាងលើ ហើយ​លោក​បាន​បញ្ជាក់ថា ជប៉ុន​គ្មាន​គម្រោង​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ឬ​ផ្លាស់ប្តូរ​រ៉េ​អា​ក់ទ័​រដែរ​។ លោក​បានបញ្ជាក់​ដូច្នេះ​៖ «​នៅពេលនេះ​យើង​មិនបាន​គិតគូរ​ពី​ការសាងសង់​ឬ​ផ្លាស់ប្ដូរ​សូម្បីតែ​បន្តិច​»​។​

​លោក​បាន​បន្តទៀតថា រដ្ឋា​ភិ​បាន​អាច​នឹងត្រូវ​ប្រឈមមុខ​នឹង​ការប្រឆាំង​ពី​សំណាក់​សាធារណជន​ជប៉ុន បើសិនជា​រដ្ឋាភិបាល​ចេញ​គោលការណ៍​សាងសង់​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ថ្មី​។ មូលហេតុ​សំខាន់​នោះ​គឺ ប្រជាពលរដ្ឋ​ជប៉ុន​ភ័យខ្លាច​ថា គ្រោះមហន្តរាយ​អាច​កើតមានឡើង​ទៀត​ដូច​ការផ្ទុះ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ក្នុង​តំបន់ Fukushima​ឆ្នាំ​២០១១​។ វា​ជា​ឧប្បត្តិហេតុ​ផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ​ធ្ងន់ធ្ងរ​បំផុត​នៅលើ​លោក​ចាប់តាំងពី​មានការ​ករណី​ផ្ទុះ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Chernobyl នៅ​អ៊ុយ​ក្រែ​ន​ឆ្នាំ ១៩៨៦ នោះ​។​

​ដោយឡែក ផែនការ​អនាគត​របស់​ក្រសួង​ឧស្សាហកម្ម​ដែល​ចង់​ផ្គត់ផ្គង់​ថាមពលនុយក្លេអ៊ែរ​មួយ​ភាគ​ប្រាំ​ដល់​សេវា​អគ្គីសនី​ក្នុងស្រុក​នៅក្នុង​ឆ្នាំ ២០៣០ ក៏​រង​ការរិះគន់​នៅ​ទូទាំងប្រទេស​ដែរ​បន្ទាប់ពី​រដ្ឋាភិបាល​ដាក់ចេញ​សេចក្ដីសម្រេច​ក្នុង​ឆ្នាំ​២០១៥៕


Tag:
 ជប៉ុន​
  Hiroshige Seko
  រោងចក្រ​ថាមពលនុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com