ជាតិ
CNRP សាទរ​ការលុបចោល​ប​ម្រាម តែ​មិនដឹងថា​លោក សម រង្ស៊ី ត្រឡប់មក​ថ្ងៃ​ណា​
14, Jun 2017 , 2:00 pm        
រូបភាព
​នៅ​ព្រឹក​ថ្ងៃទី​១៤ មិថុនា​នេះ រដ្ឋាភិបាល​បានសម្រេច​លុបចោល​បម្រាម​ដែល​ហាម​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា​។ មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​សប្បាយចិត្ត​ចំពោះ​ដំណឹង​នេះ ប៉ុន្តែ​មិនដឹងថា តើ​អតីត​ប្រធាន​របស់​ពួកគេ​ដែល​បាន​ក្លាយជា​ទណ្ឌិត​ហើយ​នោះ នឹង​ត្រឡប់មក​មាតុប្រទេស​វិញ​នៅពេលណា​នោះឡើយ​។​



ចាប់ពី​ថ្ងៃទី​១៤​មិថុនា​នេះ​ទៅ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អាច​ជិះ​យន្តហោះ​នៃ​ក្រុមហ៊ុន​ណា​ក៏បាន ចូលមក​ប្រ​ទស​កម្ពុជា​។ រដ្ឋាភិបាល​បានសម្រេច​លុបចោល​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០១៦ ដែល​ហាម​លោក សម រង្ស៊ី មិន​ឲ្យ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ឡើយ​។​

​ទាំង​លោក យឹម សុវណ្ណ និង​លោក អេង ឆៃអ៊ាង ដែលជា​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សាទរ​សេចក្តីសម្រេច​ថ្មី​របស់​រដ្ឋាភិបាល​ចំពោះ​អតីត​ប្រធាន​របស់​ពួកគេ​។ លោក យឹម សុវណ្ណ ដែលជា​អ្នកនាំពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​វាយតម្លៃថា ការសម្រេច​របស់​រដ្ឋា​ភិ​បាល​ដែល​លុបចោល​ការរារាំង​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​ប្រទេស​កម្ពុជា​នោះ គឺជា​សញ្ញា​វិជ្ជមាន​មួយ​។ លោក យឹម សុវណ្ណ បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​ឯកឧត្តម​ប្រធាន គឺជា​ប្រជាពលរដ្ឋ​មួយរូប ដែលមាន​កាតព្វកិច្ច និង​សិទ្ធិ​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា និង​បម្រើ​ប្រទេសជាតិ​»​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​រូបនេះ មិនអាច​ឆ្លើយបាន​នោះទេ ថា​លោក សម រង្ស៊ី នឹង​សម្រេចចិត្ត​វិល​ត្រឡប់មក​កម្ពុជា​នៅពេលណា មុន​គណបក្ស​ពិភាក្សា​ជាមួយ​លោក សម រង្ស៊ី នោះ​។​
​ការសម្រេច​ចុងក្រោយ​របស់​រដ្ឋាភិបាល​លើ​ករណី​លោក សម រង្ស៊ី នេះ បានកើត​ឡើង តែ​ប៉ុន្មាន​ម៉ោង​ក្រោយពី​លោក សម រង្ស៊ី ថ្លែង​នៅក្នុង​បទ​សម្ភាស​មួយ​នៅក្នុង​កម្មវិធី​វិទ្យុ​អាស៊ីសេរី​ថា បើសិនជា​រដ្ឋាភិបាល​អ​នុ​ញ្ញាត​ឲ្យ​លោក​ត្រឡប់​ចូលក្នុង​ប្រទេស​វិញ​នោះ លោក​នឹង​សុខចិត្ត​ចូលមក​ជាប់ពន្ធនាគារ​។

​មិនទាន់មាន​ការពន្យល់​ណាមួយ​ពី​គណបក្ស​ទាំងពីរ​អំពី​មូលហេតុ​នៃ​ការលុបចោល​បម្រាម​ប្រឆាំង​លោក សម រង្ស៊ី ឡើយ​។ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​គណបក្ស​ទាំងពីរ មិនបាន​ចរចា​គ្នា​អ្វី​ទេ ចំពោះ​ការសម្រេច​នេះ​។ ខ្ញុំ គ្រាន់តែ​អាច​បញ្ជាក់ថា ការសម្រេច​របស់​រដ្ឋា​ភិ​បាល គឺ​ស្របតាម​រដ្ឋធម្មនុញ្ញ​។ គណបក្ស​សង្គ្រោះ​ជាតិ សូម​អបអរសាទរ​»​។​


​វា​នៅតែ​ការរង់ចាំ​មើលថា តើ​លោក សម រង្ស៊ី ចូលមក​អនុវត្ត​ទោស​ដែរឬទេ​?


​គួរ​បញ្ជាក់ថា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​គេចខ្លួន​រស់នៅ​ក្រៅប្រទេស​នោះ បាន​រង​ការចោទប្រកាន់ មិន​ក្រោម​៥​បណ្ដឹង​ឡើយ ដោយ​សុទ្ធតែជា​បណ្ដឹង​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្នុងចំណោម​បណ្ដឹង​ទាំងនេះ ក៏មាន​បណ្ដឹង​ខ្លះ​ត្រូវបាន​តុលាការ​ជម្រះ​ហើយ​ដែរ​។ ដោយសារ​តែមាន​បញ្ហា​ជាប់​បណ្ដឹង​ច្រើន​នេះ លោក សម រង្ស៊ី ក៏បាន​សម្រេចចិត្ត​លាលែង​ពី​តួនាទី​ប្រធាន និង​សមាជិកភាព​ពី​គណបក្ស កាល​ថ្ងៃទី​១១ កុម្ភៈ​ឆ្នាំ​២០១៧​នេះ 
ស្រប​ពេលដែល​រដ្ឋាភិបាល​រៀបចំ​សេចក្តីស្នើច្បាប់ ដែល​មិន​ផ្តល់ឱកាស​ឲ្យ​ទណ្ឌិត មាន​សិទ្ធិ​ធ្វើជា​ប្រធាន​គណបក្សនយោបាយ ៕


© រក្សាសិទ្ធិដោយ thmeythmey.com