ពីនេះ ពីនោះ
របៀប​សម្គាល់​ ​ការប្រើ​សញ្ញា​ទណ្ឌឃាដ (​៍​) , លេខអស្ដា ( ៏ ) , និង​របាទ ( ៌ ​​) កុំឱ្យ​ច្រឡំ​គ្នា​
15, Jun 2017 , 7:28 am        
រូបភាព
ដោយ: ថ្មីៗ


​សាធារណជន​មួយចំនួន នៅតែ​ប្រើ​វណ្ណយុត្ត​សញ្ញា​ដូចជា លេខអស្ដា ( ៏ ), ទណ្ឌឃាដ (​៍​)  និង​របាទ (​​ ៌ ) ច្រឡំ​គ្នា​ដោយ​មិនដឹង​សញ្ញា​មួយណា​ប្រើ​នៅក្នុង​ពាក្យ​ណាមួយ​ឡើយ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណា បាន​ពន្យល់​ពី​អត្ថន័យ​នៃ​វណ្ណយុត្ត​នីមួយ ដែល​ត្រូវ​ប្រើ​ជាមួយនឹង​ពាក្យ​ផ្សេងៗ​នៅក្នុង​ភាសា​ខ្មែរ​ទៅតាម​អត្ថ​ន​ន័យ​នានា ដូចខាងក្រោម​៖

​ទណ្ឌឃាដ ឬ បដិសេធ (​៍​) ខ្មែរ​យើង​ប្រើពាក្យ​នេះ​ជា​ឈ្មោះ​វណ្ណយុត្ត​ម្យ៉ាង​មាន​សណ្ឋាន​លំនាំ​កន្ទុយ​កំប្រុក (​៍​) សម្រាប់​ដាក់​ឃាត់​អក្សរ​មិន​ឲ្យ​មាន​សំឡេង ដូចជា ប្រយោជន៍​, យោជន៍​, ខ្លឹមចន្ទន៍ ជាដើម​។​

​លេខអស្ដា ( ៏ ) ឬ​សញ្ញា​លេខ ( ៨ ) ជា​វណ្ណយុត្ត​ខ្មែរ​មួយ​យ៉ាង​សម្រាប់​ដាក់​លើ​អក្សរ​ទោល ដើម្បី​នាំ​អក្សរ​នោះ​ឱ្យមាន​សំឡេង​កញ្ឆក់​ខ្លី​រហ័ស​, ដូចជា ក៏បាន​, ក៏​ដែរ​, ក៏ដោយ​, ដ៏​បវរ​, ដ៏​ប្រសើរ​, ដ៏ហើយ​ដោយ​មាស​, ព្ធដ៏​អាកាស​; ហ៏ !, ហ៏​យក​ចុះ !, ន៏ !, នុ៎ះ​ន៏ !; អុញ​ន៏ ! ជាដើម​៕

​របាទ ឬ រេផៈ (​​ ៌ ) ជា​ឈ្មោះ​វណ្ណយុត្ត​មួយ​ប្រភេទ ដែល​ខ្មែរ​ប្រើ​តាមបែប រេផ​: សំស្ក្រឹត មាន​រូបសណ្ឋាន​ដូច្នេះ ( ៌ ) ។ សញ្ញា​វណ្ណយុត្ត​នេះ ប្រើ​ចំពោះតែ​ភាសាសំស្ក្រឹត​ឬ​សំស្ក្រឹត​ក្លាយ​, ដូចជា គ័ភ៌​, ទុគ៌ត​, ទុព៌ល​, ធម៌​, ប​ព៌​ត​, ព័ណ៌​, ធម៌អាថ៌ ជាដើម​។ ប៉ុន្តែ ក្នុង​សិលា​ចារិក​ខ្មែរ​បុរាណ​ច្រើន​ប្រើ ( រ ) ពេញ​តួ​, សម្រាប់​ប្រើ​ដាក់​លើ​អក្សរ​តួ​ចុង ដើម្បី​ធ្វើ​អក្សរ​តួ​ដើម​បន្ទាប់​នោះ​ឲ្យ​មាន​សូរសំឡេង​ញ័រ ៕



© រក្សាសិទ្ធិដោយ thmeythmey.com