អន្តរជាតិ
អាមេរិក លក់​យន្តហោះ​ចម្បាំង​ឲ្យ​កាតា​តម្លៃ​ ១២​ពាន់​លាន​ដុល្លារ​
15, Jun 2017 , 11:23 am        
រូបភាព
រដ្ឋមន្ត្រីការពារជាតិអាមេរិក James Mattis និងសមភាគីកាតា Khalid Al Attiyah (រូបភាព Reuters)
រដ្ឋមន្ត្រីការពារជាតិអាមេរិក James Mattis និងសមភាគីកាតា Khalid Al Attiyah (រូបភាព Reuters)
​អាមេរិក និង​កាតា​បាន​ចុះហត្ថលេខា​ទិញ​លក់​យន្តហោះ​ចម្បាំង F-15 ដែលមាន​តម្លៃ​ដល់​ទៅ​១២​ពាន់​លាន​ដុល្លារ ខណៈដែល​កាតា និង​រដ្ឋ​ឈូង​សមុទ្រ​ផ្សេងទៀត​កំពុងមាន​ជម្លោះ​នឹង​គ្នា​រហូតដល់​មានការ​ហ៊ុមព័ទ្ធ​កាតា​ទៀតផង​។ ការទិញ​លក់​អាវុធ​ពេលនេះ គឺជា​សារ​ចម្រុះ​ដែល​អាមេរិក​ផ្ញើ​ឲ្យ​សម្ព័ន្ធមិត្ត​របស់ខ្លួន​នៅ​ឈូង​សមុទ្រ​ពែ​រ្ស ដោយ​ម្ដង​គាំទ្រ​អា​រ៉ា​ប៊ី​សា​អូឌីត ប៉ា​រ៉ែ​ន អារ៉ាប់​រួម​អេ​មី​រ៉ា​ត និង​អេ​ហ្ស៊ី​ប​ចង្អុលមុខ​កាតា​ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម ហើយ​ម្ដង​បែរជា​លក់​យន្តហោះ​ឲ្យ​កាតា​ទៅវិញ​។



​ក្រុង​វ៉ាស៊ីនតោន មិនមាន​ជំហរ​ច្បាស់លាស់​ឡើយ​ក្នុង​ជម្លោះ​រវាង​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស ដែល​សុទ្ធសឹង​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់ខ្លួន​។ នៅពេល​អា​រ៉ា​ប៊ី​សា​អូឌីត បា​រ៉ែ​ន អារ៉ាប់​រួម អេ​ហ្ស៊ី​ប ហ្ស៊​កដា​នី និង​យេ​ម៉ែន នាំគ្នា​ដាក់​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​កាតា​ដោយ​ចោទថា​បាន​គាំទ្រ​ភេរវកម្ម​និយម ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏បាន​បន្ទោរ​តាម​បណ្ដាញ Twitter ដោយ​ចោទ​កាតា​ដូចគ្នា​ដែរ​។ លោក ត្រាំ ថែមទាំង​ទាញយក​គុណសម្បត្តិ​ថា រឿងរ៉ាវ​ដែល​កើតឡើង​ក៏ដោយ​សារ​សម្ដី​លោក​ដែរ​។​

​បន្ទាប់ពី​អុជអាល​ឲ្យ​សម្ព័ន្ធមិត្ត​របស់ខ្លួន​ឈ្លោះ​គ្នា​ហើយ​នោះ អាមេរិក​ក៏បាន​ប្រាប់​ឲ្យ​រដ្ឋ​ឈូង​សមុទ្រ​ទាំងអស់​រក្សា​ការអត់ធ្មត់​ខ្ពស់ និង​បានបង្ហាញ​បំណង​ចង់​ដោះស្រាយ​ជម្លោះ​ការទូត​នេះ​ទៀតផង​។ ប៉ុន្តែ​ចុងក្រោយ​នេះ អាមេរិក បែរជា​សម្រេច​លក់​យន្តហោះ​ចម្បាំង​ធុន F-15 ឲ្យ​កាតា​ទៅវិញ​។ បើតាម​សារព័ត៌មាន Al Jazeera រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក James Mattis ជា​អ្នកចុះហត្ថលេខា​លក់​អាវុធ​នេះ​ជាមួយ​សម​ភាគី​កាតា Khalid Al Attiyah នៅ​ថ្ងៃទី​១៤ ខែមិថុនា នៅឯ​រដ្ឋធានី​វ៉ាស៊ីនតោន​។​

​ទោះ​ធ្លាប់​ត្រូវ​ប្រធានាធិបតី​អាមេរិក​ចោទថា​កាន់ជើង​ក្រុម​ភេរវកម្ម​ក្ដី រដ្ឋមន្ត្រី​ការពារជាតិ​កាតា Attiyah លើកឡើងថា កិច្ចព្រមព្រៀង​ទិញ​លក់​យន្តហោះ​បង្ហាញ​ការប្ដេជ្ញាចិត្ត​យូរអង្វែង​របស់​កាតា​ក្នុងការ​ចាប់ដៃ​ជាមួយ​សម្ព័ន្ធ​របស់ខ្លួន​ក្នុងការ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម ក៏ដូចជា​រក្សា​សន្តិភាព​ក្នុង​តំបន់​។ លោក​បន្តថា កិច្ចព្រមព្រៀង​នេះដែរ ក៏​នឹង​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​រវាង​កាតា និង​អាមេរិក​ផងដែរ​។​

​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ការលក់​យន្តហោះ​នេះ​ធ្វើឡើង​មិនយូរប៉ុន្មាន​ក្រោយ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ថែមទាំង​សម្រេច​ចុះ​កិច្ចព្រមព្រៀង​លក់​សព្វាវុធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​ទំហំ​ទឹកប្រាក់​ជិត ១១០​ពាន់​លាន​ដុល្លារ​ថែមទៀត​។ លោក ត្រាំ មិន​ខ្វល់ខ្វាយ​ការរិះគន់​ឬ​តវ៉ា​របស់​សង្គម​ស៊ីវិល​និង​អង្គការសិទ្ធិមនុស្ស​ឡើយ ហើយ​លោក​ក៏បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ម៉ូ​ស្លី​ម​ទាំងអស់​ចូលរួម​ប្រឆាំង​ចលនា​ជ្រុលនិយម និង​ភេរវកម្ម​។​

​ទំនង​ដោយសារ​មានការ​លើកទឹកចិត្ត​ពី​លោក ត្រាំ ទើប​រដ្ឋ​ឈូង​សមុទ្រ​ព្រួត​ដៃ​គ្នា​ដាក់ទណ្ឌកម្ម​លើ​កាតា ដោយ​លើក​ហេតុផល​ថា​គាំទ្រ​ពួក​ជ្រុលនិយម​នោះ​។ ចោទ​កាតា​ត្រង់​ថា កាតា​គាំទ្រ និង​ក្រុម​ហា​ម៉ាស់​របស់​ប៉ា​ឡេ​ស្ទី​ន និង​ក្រុម​ភាតរភាព​បងប្អូន​នៅ​អេ​ហ្ស៊ី​ប ក៏ដូចជា​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ឲ្យ​ក្រុម​ជ្រុលនិយម​នៅ​ស៊ី​រី​ទៀតផង​។ យ៉ាងណា​នោះ រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន ហាក់​បាន​សម្រួល​ជំហរ​របស់ខ្លួន​ក្នុង​ជម្លោះ​នេះ ក្រោយ​បាន​ប្រកាន់​ជំហរ​ម្ដង​ឆ្វេង​ម្ដង​ស្ដាំ​រួចមក​៕


Tag:
 អាមេរិក​
  កាតា​
  មជ្ឈិមបូព៌ា
© រក្សាសិទ្ធិដោយ thmeythmey.com