ជាតិ
អាជ្ញាធរ គ្រោង​ចំណាយ​៤៧​លាន​ដុល្លារ ធ្វើ​ទីលាន​ចាក់សំរាម និង​អាង​ចម្រោះ​ទឹក​នៅ​បន្ទាយមានជ័យ​
17, Jun 2017 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ គ្រោង​ចំណាយ​ថវិកា​៤៧​លាន​ដុល្លារ សម្រាប់​កសាង​ទីលាន​ចាក់សំរាម​កែច្នៃ​ប្រយោជន៍ និង​អាង​ចម្រោះ​ទឹក ក្នុងស្រុក​-​ក្រុង ចំនួន​ពីរ ។​



​អនុប្រធាន​មន្ទី​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ លោក ជា សុវណ្ណ​ធួន បាន​ឲ្យ​ដឹងថា គម្រោង​អភិវឌ្ឍន៍​ទីលាន​ចាក់សំរាម​នេះ គឺ​នឹង​រៀបចំ​នៅក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត លើ​ផ្ទៃដី​ទំហំ​១០​ហិតា ហើយនឹង​ត្រូវ​ចំណាយ​ថវិកា​ចំនួន​១៥​លាន​ដុល្លារ ។ គម្រោង​នេះ​ចាប់ផ្ដើម​អនុវត្ត​នៅ​ឆ្នាំ​២០១៩​ខាងមុខ​។​

​លោក ជា សុវណ្ណ​ធួន បាន​បន្ថែមថា អាជ្ញាធរ​ក៏​នឹង​កសាង​ទីលាន​ចាក់សំរាម ឬ​កន្លែង​កែច្នៃ​សំរាម​មួយកន្លែង​ទៀត មាន​ផ្ទៃដី​ទំហំ​៦​ហិកតា ស្ថិតនៅ​ចំណុច​ភ្នំ​តុ​ក ស្ថិត​ភូមិ​កង​វ៉ា​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​ផងដែរ​។ ក្រៅពីនេះ​មន្ទី​សាធារណការ ក៏​សិក្សា​ពី​គម្រោង​រៀបចំ​អាង​ប្រតិកម្ម​ទឹក ឬ​អាង​ចម្រោះ​ទឹក លើ​ផ្ទៃដី​ទំហំ​២៤​ហិកតា ស្ថិតនៅ​ក្នុងភូមិ​ភ្នៀ​ត សង្កាត់​កំពង់ស្វាយ ក្រុង​សេរី​សោ​ភណ្ឌ ដោយ​ត្រូវ​គ្រោង​ចំណាយ​ទឹកប្រាក់ ២៧​លាន​ដុល្លារ​។ បើតាម​លោក ជា សុវណ្ណ​ធួន គម្រោង​ទាំងពីរ​នេះ នឹង​ចាប់ផ្តើម​អនុវត្តន៍​ឆ្នាំ​២០២០​។​

​អនុប្រធាន​មន្ទី​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា »​ទីលាន​ចាក់សំរាម​ក្រុង​សិរីសោភ័ណ​នេះ​កសាង​សម្រាប់​តម្រូវការ​ចាក់សំរាម​មាន​ក្រុង​សិរីសោភ័ណ ស្រុក​មង្គល​បូរី ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក គម្រោង​អនុវត្ត​ទីលាន​ចាក់សំរាម និង​អាង​ចម្រោះ​ទឹក​កសាង​២​ស្រុក​.​ក្រុង​នេះ គឺជា​ថវិកា​រាជរដ្ឋាភិបាល​កម្ពុជា​»៕

​ប្រភពពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​



Tag:
 បន្ទាយមានជ័យ​
  ​សំរាម​
 ​ អាង​ចម្រោះ​ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com