ពីនេះ ពីនោះ
តើ «​ផល​ផ្ទះ​កញ្ចក់​» មានន័យ​ដូចម្ដេច​?
18, Jun 2017 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ «​ផល​ផ្ទះ​កញ្ចក់​»  ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



«​ផល​ផ្ទះ​កញ្ចក់​» (Greenhouse effect) ជា​បាតុភូត​នៃ​កំណើន​សីតុណ្ហភាព​ខ្យល់​នៅក្នុង​លំហ​បិទ​ជិត​ដោយ​កញ្ចក់ ឬ​កៅស៊ូ​ប្លា​ស្ទិ​ក​ថ្លា ដែល​អនុញ្ញាតឱ្យ​រំភាយ​រស្មី​ព្រះអាទិត្យ ឆ្លងកាត់​ចូល តែ​មិន​អាចឱ្យ​រំភាយ​រស្មី​ដែលមាន​ជំហាន​រលក​វែង ឆ្លងកាត់​ចេញ​វិញ​បាន​។

​ពាក្យ​នេះ ត្រូវបាន​យកមកប្រើ ដើម្បី​សម្គាល់​បាតុភូត​ស្រដៀង​គ្នា​នេះ ដែល​កើតមាន​នៅក្នុង​បរិយាកាស​ផែនដី​។ អ្នកប្រាជ្ញ​ភាគច្រើន​អះអាងថា កំណើន​កម្តៅ​គួរ​ឲ្យ​កត់សម្គាល់​ចាប់ពី​ដើម​សតវត្សរ៍​នេះ បណ្តាលមកពី​កំណើន​នៃ​ឧស្ម័ន​កាបូ​និក ឧស្ម័ន​ក្ល​រ៉​ភ្លុយអ​រ៉ូ​កាបួ មេតាន ឌីអាសូតម៉ូណូអុកស៊ីត ។​ល​។ ដែល​ប្រៀប​ដូច​ផ្ទះ​កញ្ចក់ មាន​ប្រភពពី​សកម្មភាព​មនុស្ស ពិសេស​ពី​ការដុត​ឥន្ធនៈ​ហ្វូ​ស៊ី​ល ។ នៅពេលដែល​ស្រទាប់​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅក្នុង​បរិយាកាស​កើន​លើសពី​កម្រិត​ធម្មជាតិ កម្តៅ​ដែល​ចាំង​ផ្លាត​ពី​ផែនដី​ទៅ ពុំ​អាច​ចេញទៅ​ក្នុង​បរិយាកាស​ស្រទាប់​លើ​បាន ហើយ​ចាំង​ខ្ទាត​មក​ផែនដី​វិញ ដែលជា​មូលហេតុ​នៃ​កំណើន​សីតុណ្ហភាព​ខ្យល់​នៅក្នុង​បរិយាកាស​ស្រទាប់​ក្រោម​។​

​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕


Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com