ជាតិ
សម្តេច ហ៊ុន សែន​៖«​ត្រកូល​ហ៊ុន ធានា​ការពារ​សន្តិភាព​កម្ពុជា​»
21, Jun 2017 , 10:53 am        
រូបភាព
​នៅ​ព្រឹក​ថ្ងៃទី​២១​មិថុនា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច ហ៊ុន សែន បានបង្ហាញ​កូនប្រុស​ទាំងបី​ដែល​សុទ្ធ​តែមាន​ជំនាញ​យោធា​នៅក្នុង​ពិធី​សំណេះសំណាល​មួយ​ក្នុង​ថ្ងៃ​រំ​ឮ​ក​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ផ្តួលរំលំ​របប​ខ្មែរក្រហម​។ ប្រធាន​គណបក្សកាន់អំណាច​បាន​បង្ហាញមុខ​កូនប្រុស​ទាំងបី ជាមួយនឹង​ការ​ថ្លែង​សារ​តប​ទៅកាន់​អ្នក​ដែល​ប៉ុនប៉ង​កំទេច​ត្រកូល​ហ៊ុន​របស់លោក​។ សម្តេចនាយក​រដ្ឋមន្ត្រី​ក៏​ប្រកាស​បញ្ជា​ឲ្យ​កងទ័ព​ត្រៀម​បង្ក្រាប​រាល់​សកម្មភាព​ផ្តួលរំលំ​រដ្ឋាភិបាល​ផងដែរ​។​



​សូម​ស្តាប់​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន​៖





​គឺ​នៅមុន​បញ្ចប់​ការ​សំណេះសំណាល និង​ការ​រំ​ឮ​ក​ប្រវត្តិ​នៃ​ការចាប់ផ្តើម​តស៊ូ​ប្រឆាំង​របប​ខ្មែរក្រហម ដែល​សម្តេច ហ៊ុន សែន បាន​ផ្ញើ​សារ​នយោបាយ​ទៅ​អ្នក​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក និង​ពិសេស​ការព្យាយាម​កំទេច​ត្រកូល​ហ៊ុន​របស់លោក​។​

​សារ​នយោបាយ​ត្រូវបាន​ប្រកាស​ចេញពី​ពិធី​រំ​ឮ​ក​«​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​» ដែល​ត្រូវ​បានរៀបចំ​ដោយ​ក្រសួងការពារជាតិ​នៅក្នុង​សាលាបឋមសិក្សា​កោះ​ថ្ម នៃ​ស្រុក​មេមត់​ក្នុង​ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​២១​ខែមិថុនា​នេះ​។​

​នៅលើ​អតីត​ទីតាំង​ដែល​កាលពី​៤០​ឆ្នាំមុន សម្តេច ហ៊ុន សែន បានចាប់ផ្តើម​ចាកចេញ​ពី​យុទ្ធ​មិត្ត និង​ប្រទេស​កំណើត​ឆ្ពោះទៅ​ស្វែង​ជំនួយ​ពី​ប្រទេស​វៀតណាម​នោះ ប្រមុខ​រដ្ឋាភិបាល បាន​ថ្លែង​ទម្លាក់​ការទទួលខុសត្រូវ​ជា​ប្រវត្តិសាស្ត្រ​ទៅលើ​ព្រឹត្តិការណ៍​នៃ​រដ្ឋប្រហារ​របស់​សេនាប្រមុខ លន់ នល់ ទម្លាក់​សម្តេចព្រះ​នរោត្តម សីហនុ ដែល​បង្ក​ឲ្យ​មាន​របប ប៉ុល ពត ឲ្យ​មាន​សង្គ្រាម​ស្លាប់​ពលរដ្ឋ​ខ្មែរ ព្រមទាំង​ការពិការ​ភ្នែក​របស់លោក​ទៀត​នោះ​។​

​ដោយនិយាយ​យោងទៅលើ​ស្ថានភាព​បច្ចុប្បន្ន សម្តេច ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​មិនចាំបាច់​មាន​កាំភ្លើង​ទេ អណ្តាត​អ្នកឯង ក៏​អាច​បង្ក​ជា​សង្គ្រាម​បានដែរ​។ កុំ​ធ្វេសប្រហែស​ឲ្យ​សោះ កងទ័ព​ត្រូវ​ត្រៀម​បង្ក្រាប​រាល់​ចលនា នៃ​ការផ្តួលរំលំ និង​ការធ្វើ​ឲ្យ​ខូចខាត​ប្រទេសជាតិ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្តេច​ប្រធាន​គណបក្សកាន់អំណាច ដែល​បាន​បង្ហាញមុខ​កូនប្រុស​៣​នាក់​របស់លោក​ដែល​សុទ្ធ​តែមាន​ជំនាញ​យោធា ហើយ​បាន​ថ្លែង​សារ​ផ្ញើ​ទៅ​អ្នក​ដែល​ចង់​កំទេច​ត្រកូល​ហ៊ុន របស់លោក​ដែរ​។​

​លើសពី​ការឆ្លើយតប​ថា ត្រកូល​ហ៊ុន​របស់លោក​មិនមែន​សម្រាប់​ការ​«​វាយ​លេង​»​នោះ សម្តេច​ហ៊ុន សែន ដែល​កាន់អំណាច​ជា​នាយករដ្ឋមន្ត្រី​តាំងពី​ឆ្នាំ​១៩៨៥​មក​នោះ បានប្រកាស​ពី​អតីត​ទីតាំង​តស៊ូ​ប្រាប់​សាធារណជន​ថា​៖«​ត្រកូល​ហ៊ុន ជា​ត្រកូល​ដែល​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​កម្ពុជា​។ ត្រកូល​ហ៊ុន សុំ​ធានា​ការពារ​សន្តិភាព​សម្រាប់​ប្រទេស​នេះ ការពារ​រាជបល្ល័ង្គ ការពារ​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ ការពារ​អ្វីៗ​ដែលជា​សមិទ្ធផល​សង្គម​ជាតិ​»៕


Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com