អន្តរជាតិ
អ៊ីរ៉ង់ថា​ខ្លួន​ជួយ​ផ្គត់ផ្គង់​អាហារ​ជាង​១០០០ តោន​ឲ្យ​កាតា​រាល់ថ្ងៃ តែ​កាតា​រក្សា​ភាព​ស្ងៀមស្ងាត់​
25, Jun 2017 , 8:19 pm        
រូបភាព
ដោយ:
​កាតា​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត និង​រដ្ឋ​ឈូង​សមុទ្រ​ផ្សេងៗ​ទៀត ហើយ​កាតា​ប្រឈម​នឹង​វិបត្តិ​ខ្វះខាត​អាហារ​ផ្គត់ផ្គង់​ដល់​ប្រជាជន​របស់ខ្លួន​។ ប៉ុន្តែ​អ៊ីរ៉ង់​តាំងខ្លួន​ជា​មិត្ត​ល្អ​ក្នុង​គ្រាអាសន្ន  ដោយ​ជួយ បញ្ជូន​អាហារ​ចំនួន ១១០០​តោន​ជា​រៀងរាល់ថ្ងៃ​ទៅកាន់​កាតា​។​



​ស្បៀងអាហារ​ប្រហែល ១១០០​តោន​ត្រូវបាន​គេ​ដឹក​ចេញពី​អ៊ីរ៉ង់​ទៅកាន់​ប្រទេស​កាតា​ជា​រៀងរាល់ថ្ងៃ ស្រប​ពេលដែល​ប្រទេស​នេះ​ប្រឈម​វិបត្តិ​ខ្វះខាត​ស្បៀងអាហារ​។

​កាតា​ប្រឈម​នឹង​ការខ្វះខាត​ស្បៀងអាហារ​បរិភោគ​ប្រចាំថ្ងៃ​ដោយសារតែ​ការហ៊ុមព័ទ្ធ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត និង​បណ្ដា​រដ្ឋ​ឈូង​សមុទ្រ ហើយ​កាតា​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំចូល​ចំណីអាហារ​ពី​ប្រទេសជិតខាង​ដូច​អា​រ៉ា​ប៊ី​សា​អូឌីត និង​អារ៉ាប់​រួម អេ​មី​រ៉ាត់ ផង​។ ហើយ​បញ្ហា​ខ្វះខាត​ចំណីអាហារ​នេះ​កាន់តែ​ធ្ងន់ធ្ងរ ព្រោះ​កាតា​ក៏​រៀបចំ​បុណ្យ​តម​អាហារ​របស់​ជនជាតិ​មូស្លីម​(Ramadan)​ផង​នោះ​។​

​ពាក់ព័ន្ធ​ការផ្គត់ផ្គង់​ស្បៀង​ទៅ​កាតា​នេះ លោក​Mohammad Mehdi Bonchari  ប្រធាន​កំពង់ផែ Bushehr របស់​អ៊ីរ៉ង់​បាន​បញ្ជាក់ថា ទំនិញ​ម្ហូបអាហារ​ចំនួន​១១០០​តោន​ត្រូវបាន​ដឹក​ចេញពី​អ៊ីរ៉ង់​ទៅ កាតា​ជា​រៀងរាល់ថ្ងៃ​។ ម្យ៉ាងវិញទៀត​ដោយសារតែ កំពង់​ផែន​នេះ​ស្ថិតនៅ​ជិត​កាតា វា​ក៏​អំណោយផល​ដល់​ការដឹកជញ្ជូន​ស្ប​ផង​តាម​ផ្លូវទឹក​នេះដែរ​។​

​ក្រោយពេល​កាតា​ត្រូវ​រដ្ឋ​អារ៉ាប់​ផ្តាច់ទំនាក់ទំនង និង​រង​ការហ៊ុមព័ទ្ធ​ភ្លាមៗ អ៊ីរ៉ង់​ក៏​ចេញមុខ​ជួយ​ផ្គត់ផ្គង់ ស្បៀង​ភ្លាមៗ​ដែរ ដោយ​រដ្ឋ​ឥស្លាម​មួយ​នេះ​បាន​ដឹក​បន្លែ​ជាច្រើន​តោន​តាម​យន្តហោះ​ប្រាំ​គ្រឿង​។​អំឡុង ពេលនោះ​ដែរ អ៊ីរ៉ង់​ដឹក​សាច់គោ ៦៦ តោន​ទៅកាន់​កាតា​រួចទៅហើយ ហើយ​ប្រទេស​នេះ​ក៏មាន​គម្រោង​បញ្ជូន​សាច់គោ ៩០​តោន​បន្ថែមទៀត​។​

​កាលពី​សប្ដាហ៍​មុន នាយករង​នៃ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អ៊ីរ៉ង់​លោក​Abbas Maroufan បាន​បង្ហើប​ថា ទោះ​ជាមាន​ប្រទេស​ដប់​ទៀត​ត្រូវ​កាត់ផ្ដាច់​ការផ្គត់ផ្គង់​អាហារ​ដូច​កាតា​ក៏ដោយ ក៏​អ៊ីរ៉ង់​មាន​សមត្ថភាព​ផ្គត់ផ្គង់​ឲ្យ​ដែរ​។​

​សូម​ជម្រាប​ផងដែរ​ថា ការផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​ការបញ្ជូន​ស្បៀងអាហារ​អ៊ីរ៉ង់​ទៅកាន់​កាតា​នោះ​មានតែ​ខាង​អ៊ីរ៉ង់​ប៉ុណ្ណោះ ឯខាង​កាតា​នៅ​រក្សា​ភាព​ស្ងៀមស្ងាត់​ព្រោះ​ប្រទេស​នេះ​ខ្លាច​មាន​បញ្ហា​កាន់តែច្រើន​ជាមួយនឹង​បណ្តា​រដ្ឋ​អារ៉ាប់​ជាពិសេស​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​សត្រូវ​ស៊ីសាច់ហុតឈាម​របស់​អ៊ីរ៉ង់​៕


Tag:
 ​អ៊ីរ៉ង់​
  កាតា​
  អា​រ៉ា​ប៊ី​សា​អូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com