អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក តួ​ក​គី និង​អ៊ីរ៉ង់ រិះគន់​ការទាមទារ​១៣​ចំណុច​របស់​រដ្ឋ​អារ៉ាប់​លើ​កាតា​
26, Jun 2017 , 1:47 pm        
រូបភាព
 អាមេរិក តួ​ក​គី និង​អ៊ីរ៉ង់ បាន​រិះគន់​រដ្ឋ​អារ៉ាប់​ចំនួន​បួន​មាន​អា​រ៉ា​ប៊ី​សា​អូឌីត អារ៉ាប់​រួម​អេ​មី​រ៉ា​ត អេ​ហ្ស៊ី​ប និង​បា​រ៉ែ​ន ដែល​បានដាក់​លក្ខខណ្ឌ​១៣​ចំណុច​ឲ្យ​កាតា​បំពេញ​តាម​ឲ្យ​ត្រឹមត្រូវ​បើ​ចង់ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ​។ លក្ខ​ខណ​ទាំង​១៣​ចំណុចរួម​មានការ​ទា​ម​ទារ​ឲ្យ​កាតា​ផ្ដាច់ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ បិទ Al Jazeera និង​ឈប់​ទទួល​ទ័ព​តួ​ក​គី​ជាដើម​។ តួ​ក​គី និង​អ៊ីរ៉ង់​ចាត់ទុក​ការទាមទារ​នេះ​ជា​រឿង​ហួសហេតុ ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ ឯ​អាមេរិក​ថា ការទាមទារ​នេះ​គឺជា​រឿង​លំបាក​ធ្វើបាន​។​



​ការទាមទារ​ទាំង​១៣​ចំណុច​របស់​រដ្ឋ​អារ៉ាប់​ចំនួន​៤​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវបាន​ទាត់ចោល​ដោយ​កាតា ដោយ​ចាត់ទុកជា​ការទាមទារ​គ្មាន​ហេតុផល​អ្វី​សោះ​។ អា​រ៉ា​ប៊ី​សា​អូឌីត បា​រ៉ែ​ន អារ៉ាប់​រួម​អេ​មី​រ៉ា​ត និង​អេ​ហ្ស៊ី​ប បានដាក់​លក្ខខណ្ឌ​ទាំង​១៣​ចំណុច​ឲ្យ​កាតា​ដើម្បី​ស្ដារ​ទំនាក់ទំនង​ឡើងវិញ បន្ទាប់ពី​ត្រូវ​កាត់ផ្ដាច់​កាលពី​ដើមខែ​មិថុនា​នេះ​។ តួ​ក​គី អ៊ីរ៉ង់ និង​អាមេរិក សុទ្ធតែ​បានបង្ហាញ​ជំហរ​មិន​ពេញចិត្ត​លក្ខខណ្ឌ​របស់រ​ដ្ឋ​អារ៉ាប់ ព្រោះ​ការទាមទារ​នេះ​ខ្ពស់​ពេក​។​

​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​ស្ដេច​កាតា Sheikh Tamim Bin Hamad Al Thani នៅ​ថ្ងៃទី​២៥ ខែមិថុនា ហើយ​លោក​ក៏បាន​ប្រាប់​ពី​ជំហរ​របស់​អ៊ីរ៉ង់​ក្នុង​ការបន្ត​គាំទ្រ​កាតា​ទល់នឹង​ទណ្ឌកម្ម​របស់​រដ្ឋ​អារ៉ាប់​ផ្សេងទៀត​។ អ៊ីរ៉ង់ ក៏​បន្ត​បើកចំហ​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស​របស់ខ្លួន​សម្រាប់​កាតា​ប្រើប្រាស់​ផងដែរ ខណៈ​អ៊ីរ៉ង់​កំពុង​ផ្គត់ផ្គង់​ទំនិញ​ចាំបាច់​ជាច្រើន​រយ​តោន​ឲ្យ​កាតា​ស្រេច​ហើយ​នោះ​។​

​ជាមួយគ្នានេះ តួ​ក​គី ដែល​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កាតា​ក្រោយ​រង​សម្ពាធ​ពីរ​ដ្ឋ​អារ៉ាប់​ផ្សេងទៀត បាន​ហៅ​ការទាមទារ​ទាំង​១៣​ចំណុច ជា​ទង្វើ​ប្រឆាំង​ច្បាប់​អន្តរជាតិ​។ ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan បាន​ស្វាគមន៍​ជំហរ​របស់​កាតា​ដែល​ទាត់ចោល​ការទាមទារ​នេះ​។ ការបញ្ឈប់​ការទទួលយក​ទាហាន​តួ​ក​គី​ក៏​ស្ថិតក្នុង​ការទាមទារ​ខាងលើ​ដែរ ដូច្នេះ​ទើប​តួ​ក​គី​គាំទ្រ​ការពារ​កាតា​ដែល​នាំ​ឲ្យ​ទាហាន​របស់ខ្លួន​អាច​បន្ត​ពង្រាយ​នៅ​រដ្ឋ​ឈូង​សមុទ្រ​ពែ​រ្ស​នេះ​បាន​។​

​ចំណែក​អាមេរិក​ឯណោះ​វិញ ដែល​ម្ដង​គាំទ្រ​រដ្ឋ​អារ៉ាប់​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ម្ដង​គាំទ្រ​កាតា បានចាត់ទុក​ការទាមទារ​របស់​ប្រទេស​ទាំង​៤ ថា​ជា​លក្ខខណ្ឌ​ដែល​ពិបាក​សម្រេចបាន​។ ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​២៥ ខែមិថុនា រដ្ឋមន្ត្រី​ការ​បរ​ទស​អាមេរិក Rex Tillerson ក៏បាន​ស្នើ​ឲ្យ​មានការ​បន្ថយ​សង្គ្រាមពាក្យសម្ដី ហើយ​អាមេរិក​បន្ត​គាំទ្រ​តួនាទី​សម្របសម្រួល​របស់​គុយ​វ៉ែត​ក្នុងការ​បញ្ចប់​ជម្លោះ​ការទូត​រវាង​រដ្ឋ​អារ៉ាប់​ទាំង​បួន និង​កាតា​។​

​ចាប់តាំងពី​ជម្លោះ​ការទូត​មក​នោះ អាមេរិក តួ​ក​គី អ៊ីរ៉ង់ និង​ប្រទេស​មួយចំនួនទៀត បានស្នើ​សម្រុះសម្រួល​ស្ថានការណ៍​នេះ​។ ប៉ុន្តែ​ស្ថានការណ៍​នៅ​មិនទាន់​ធូរស្រាល​នៅឡើយ ខណៈ​កាតា​បាន​ទាត់ចោល​រាល់​ការចោទប្រកាន់​ទាំងអស់ ហើយ​កាតា​ក៏​មិន​ធ្វើតាម​ការទាមទារ​រប​ស់អា​រ៉ា​ប៊ី​សា​អូឌីត និង​រដ្ឋ​អារ៉ាប់​ផ្សេងទៀត​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ តួ​ក​គី និង​អ៊ីរ៉ង់​ក្លាយជា​មិត្ត​ក្នុង​គ្រាអាសន្ន​របស់​កាតា​ដែល​លេចមុខ​ជាងគេ និង​បាន​ជួយ​ផ្គត់ផ្គង់​ស្បៀងអាហារ​ឲ្យ​កាតា​រាល់ថ្ងៃ​៕ 


Tag:
 អាមេរិក​
  តួ​ក​គី​
  អ៊ីរ៉ង់​
  កាតា​
© រក្សាសិទ្ធិដោយ thmeythmey.com