អន្តរជាតិ
វិមាន​ប្រធានាធិបតី​ប្រកាសថា លោក ឌូ​ទើ​តេ នៅមាន​ជីវិត​ទេ ក្រោយ​បាត់​មុខ​អស់​ច្រើន​ថ្ងៃ​
27, Jun 2017 , 8:39 pm        
រូបភាព
ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ នៅលើយន្តហោះថ្ងៃទី២០ ខែមិថុនា ដែលការបង្ហាញខ្លួនចុងក្រោយ (រូបភាពពីហ្វេសប៊ុក Presidential Communication)
ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ នៅលើយន្តហោះថ្ងៃទី២០ ខែមិថុនា ដែលការបង្ហាញខ្លួនចុងក្រោយ (រូបភាពពីហ្វេសប៊ុក Presidential Communication)
ដោយ: ថ្មីៗ
​វិមាន​ប្រធានាធិបតី​ហ្វីលីពីន​បានចេញ​មក​ប្រកាសថា ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ មាន​សុខភាព​ល្អប្រសើរ​ធម្មតា និង​មិនមាន​ជម្ងឺ​អ្វី​ឡើយ ខណៈ​លោក​មិនបាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​អស់​ពេល​ជិត​មួយ​សប្ដាហ៍​ដែល​ធ្វើ​ឲ្យ​មានការ​សង្ស័យថា​សុខភាព​លោក​ធ្លាក់ចុះ​។ អ្នកនាំពាក្យ​ប្រធានាធិបតី លោក Ernesto Abella បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក ឌូ​ទើ​តេ បាត់​មុខ​ច្រើន​ថ្ងៃ ព្រោះ​លោក​មាន​កិច្ច​ការដែល​ត្រូវធ្វើ ហើយ​មិនមាន​បញ្ហា​អ្វី​កើតឡើង​ចំពោះ​លោក​ឡើយ​។​



​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​បាត់​មុខ​អស់​ពេល​៦​ថ្ងៃ​ហើយ​។ ការមិន​បង្ហាញខ្លួន​ជា​សាធារណៈ ឬក៏​ចូលរួម​ក្នុង​កម្មវិធី​នានា​នោះ បង្ក​ជាការ​សង្ស័យថា​លោក​មាន​បញ្ហា​សុខភាព ហើយ​នេះ​ជា​រឿង​ចម្លែក​ណាស់​សម្រាប់​លោក ឌូ​ទើ​តេ ដែល​តែង​ចេញមុខ​រាល់ថ្ងៃ ហើយ​ចូលចិត្ត​ថ្លែង​សុន្ទរកថា​រាប់​ម៉ោង ក៏ដូចជា​ចូលចិត្ត​ធ្វើ​សន្និសីទកាសែត​នៅពេល​ទាបភ្លឺ​ជាដើម​។ ចំណែក​រដ្ឋាភិបាល​ហ្វីលីពីន​ក៏​រង​ការសង្ស័យថា​ព្យាយាម​លាក់បាំង​បញ្ហា​សុខភាព​របស់លោក ឌូ​ទើ​តេ ទៀតផង​។

​ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃទី​២៧ ខែមិថុនា លោក Ernesto Abella អ្នកនាំពាក្យ​ប្រធានាធិបតី​និយាយថា លោក ឌូ​ទើ​តេ រវល់​ជាមួយ​ការងារ​របស់លោក ហើយ​ការបាត់​មុខ​នេះ​មិន​ជាប់ទាក់ទង​បញ្ហា​សុខភាព​អ្វី​ឡើយ​។ លោក Abella បាន​និយាយ​ច្បាស់ៗ​ថា លោក ឌូ​ទើ​តេ នៅមាន​ជីវិត​នៅឡើយ​ទេ និង​មាន​សុខ​ភាពល្អ​ទៀតផង​។ លោក​បន្តថា ប្រធានាធិបតី​រូបនេះ​បាន​តាមដាន​រាល់​ស្ថានការណ៍​ទាំងអស់ ហើយ​លោក​ក៏បាន​អាន​កាសែត ចុះហត្ថលេខា​លើ​ឯកសារ​ផ្សេង​ដូច​ធម្មតា​។

​នេះ​ជា​លើក​ទី​ពីរ​ដែល​លោក ឌូ​ទើ​តេ មាន​រហស្សនាម​ថា​ប្រធានាធិបតី​មាត់​អត់​គម្រប ដែល​មិន​ចេញ​មុខជា​សាធារណៈ​។ លោក ឌូ​ទើ​តេ ដែលមាន​វ័យ​៧២​ឆ្នាំ​ទៅហើយនោះ បាន​បាត់​មុខ​អស់​ពេល​៦​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៧ ខែមិថុនា មុននឹង​បង្ហាញខ្លួន​ម្ដង​ពេល ទៅសួរសុខទុក្ខ​ប្រជាជន​ភៀសខ្លួន​នៅ​ទីក្រុង Iligan នៅ​ថ្ងៃទី​២០ ខែមិថុនា​។ ចាប់ពីពេលនោះ​មក លោក ឌូ​ទើ​តេ មិន​បង្ហាញខ្លួន​អ្វី​សោះឡើយ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ឌូ​ទើ​តេ ដែល​កាន់តំណែង​ប្រធានាធិបតី​ជិត​បាន​មួយឆ្នាំ​ហើយ​នោះ មាន​បញ្ហា​ខ្នង និង​ការស្លាប់​មួយ​ចំហៀង​ខ្លួន ដោយសារតែ​ការប៉ះពាល់​ប្រព័ន្ធ​ប្រសាទ​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក៏ដូចជា​មាន​បញ្ហា​បំពង់ក​ផងដែរ​។ ក្រៅពីនោះ លោក ឌូ​ទើ​តេ ក៏មាន​ជម្ងឺ​ម្យ៉ាង​ដែល​បង្ក​ជាការ​ស្ទះ​ស​សៃ​ឈាម ព្រោះតែ​ការជក់បារី​ខ្លាំងពេក​ពេល​លោក​នៅ​ក្មេង​។   

​លោក ឌូ​ទើ​តេ កាន់តំណែង​គ្រប់​មួយឆ្នាំ​នៅ​ថ្ងៃទី​៣០ ខែមិថុនា ខាងមុខនេះ ហើយ​លោក​គឺជា​ប្រធានាធិបតី​ចាស់​ជាងគេ​របស់​ហ្វីលីពីន​។ រយៈ​ជិត​មួយឆ្នាំ​នេះ លោក​តែង​ចេញមុខ​ក្នុង​កម្មវិធី​នានា​មិនសូវ​លោះ​ពេល​ឡើយ ហើយ​ធ្វើដំណើរ​ក្រៅប្រទេស​ញឹកញាប់ ប៉ុន្តែ​លោក​ក៏​ធ្លាប់បាន​ត្អូញត្អែរ​ពី​កម្មវិធី​ដ៏​មមាញឹក​របស់លោក​។ ដោយសារ​អាយុ​ច្រើន​ទៅហើយ លោក ឌូ​ទើ​តេ ក៏​ធ្លាប់​អវត្តមាន​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​ធំៗ​ដែរ​៕ 
 


Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com