អន្តរជាតិ
ក្រុមគាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​បាតុកម្ម​ទារ​ឲ្យ​មានការ​កែទម្រង់ មុន​ទស្សនកិច្ច​របស់​លោក ស៊ី ជិន​ភីង​
27, Jun 2017 , 5:19 pm        
រូបភាព
ក្រុមគាំទ្រប្រជាធិបតេយ្យហុងកុងនាំគ្នាបាតុកម្មតវ៉ា និងយកទង់ខ្មៅគ្រប់រូបចម្លាក់តំណាងហុងកុង មុនពេលលោក ស៊ី ជិនភីង មកទស្សនកិច្ច (រូបភាព៖ Reuters)
ក្រុមគាំទ្រប្រជាធិបតេយ្យហុងកុងនាំគ្នាបាតុកម្មតវ៉ា និងយកទង់ខ្មៅគ្រប់រូបចម្លាក់តំណាងហុងកុង មុនពេលលោក ស៊ី ជិនភីង មកទស្សនកិច្ច (រូបភាព៖ Reuters)
ដោយ:
​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ភីង (XI JINPING) នឹង​បំពេញ​ទស្សនកិច្ច​ទៅ​ហុងកុង​ដើម្បី​ប្រារព្ធ​ខួប ២០​ឆ្នាំ​ដែល​អង់គ្លេស​បានប្រគល់​ទឹកដី​ហុងកុង​មក​ឲ្យ​ចិន​វិញ​។  ប៉ុន្តែ​គេ​ឃើញ​មាន​ចលនា​បាត​កម្ម​របស់​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​ដែល​កាន់​ទង់​ពណ៌​ខ្មៅ​គ្របពីលើ​រូបចម្លាក់​តំណាង​ឲ្យ​ហុងកុង​ក្នុង​គោលបំនង​ទាមទារ​ឲ្យ​មានការ​កែទម្រង់​ប្រជាធិបតេយ្យ​។​



​ក្រុម​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​នៅ​ហុងកុង​ដឹកនាំ​ដោយ​លោក Joshua Wong បាននាំគ្នា​តវ៉ា​ទាមទារ​ការដោះលែង​សកម្មជន​សិទ្ធិមនុស្ស និង​កែទម្រង់​ការគ្រប់គ្រង​តាមបែប​ប្រជាធិបតេយ្យ មុនពេល​ប្រ​ធា​ធិបតី​ស៊ី ជិន​ភីង មក​ទស្សនកិច្ច​នៅ​ហុងកុង ថ្ងៃ​ព្រហស្បតិ៍​នេះ​។ វា​ជា​ដំណើរ​ទស្សនកិច្ច​ដំបូង​របស់លោក ស៊ី  មកកាន់​តំបន់​រដ្ឋបាល​ពិសេស​នេះ​ចាប់តាំងពី​លោក​ចូលកាន់​តំណែង​ឆ្នាំ​២០១៣​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ការបំពេញ​ទស្សនកិច្ច​ទៅកាន់​ទឹកដី​ហុងកុង​របស់លោក ស៊ី ជិន​ភីង នេះ​គឺ ដើម្បី​ចូលរួម​ការ​ខួប​លើក​ទី​២០ ដែល​ទឹកដី​ហុងកុង​ត្រូវបាន​ផ្ទេរ​មក​ឲ្យ​ចិន​វិញ​នោះ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​បី​ថ្ងៃ ប្រមុខរដ្ឋ​ចិន​រូបនេះ​ក៏​នឹងចូលរួម​ក្នុង​ពិធី​ចូលកាន់​តំណែង​របស់​មេ​ដឹកនាំ​ថ្មី​នៃ​ទឹកដី​ហុងកុង​លោក Carrie Lam ដែរ ។

​ទស្សនកិច្ច​របស់លោក ស៊ី ជិន​ភីង ក៏​កើតឡើង​ស្របពេល​ដែលមាន​ការបា​រ​ម្ភ​ខ្លាំង​ថា ក្រុង​ប៉េកាំង​នឹង​ចាប់ផ្តើម​លូកលាន់​កាន់តែ​ជ្រៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ជាពិសេស​ការដឹកនាំ​នយោបាយ​, គ្រប់គ្រង​វិស័យ​អប់រំ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផងដែរ​ក្នុង​ទឹកដី​ពាក់កណ្តាល​ស្វយ័ត​នេះ​។​

​ត្រឡប់មកវិញ ក្រុម​អ្នកគាំទ្រ​ប្រជាធិបតេយ្យ បាន​ព្យាយាម​យក​ទង់​ពណ៌​ខ្មៅ​គ្រប​លើ​រូបចម្លាក់​ផ្កា ដែលជា​និមិត្តសញ្ញា​ក្រុង​ហុងកុង​ផងដែរ​។ អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​សន្តិសុខ​ដក​ទង់​ពណ៌​ខ្មៅ​នោះ​ចេញពី​រូបចម្លាក់​ដែរ​។ រូបចម្លាក់​នោះ​ស្ថិតនៅ​ទល់​មជ្ឈមណ្ឌល​សន្និសីទ​ដែល​លោក ស៊ី ជិន​ភីង ចូលទៅ ដើម្បី​ប្រា​ព្ធ​ខួប​លើក​ទី​២០ នៃ​ការផ្ទេរ​ហុងកុង​មកកាន់​ចិន​វិញ​ដែរ​។​

​មេដឹកនាំ​ចលនា​ប្រជាធិបតេយ្យ​លោក Joshua Wong  បាន​លើកឡើងថា ប្រជាជន​ហុងកុង​មិន​ពេញចិត្ត​ចំពោះ​រដ្ឋាភិបាល​ចិន​ដែល​គ្រប់គ្រង​ហុងកុង​ខុសពី​កិច្ចព្រមព្រៀង​ចាប់តាំងពី​ឆ្នាំ​១៩៩៧ ឡើយ ហើយ​គេ​អះអាង​ប្រទេសមួយ​ប្រព័ន្ធគ្រប់គ្រង​ពីរ​ដែល​គេ​អនុវត្ត​កន្លង​មកជា​រឿង​បោកប្រាស​សុទ្ធសាធ​។  លោក Wong  ក៏​ទាមទារ​ឲ្យ​មានការ​កែទម្រង់​ប្រជាធិបតេយ្យ​ដូច​មានចែង​ក្នុង​កិច្ចព្រមព្រៀង និង​ប្ដូរ​ប្រព័ន្ធគ្រប់គ្រង​ដែល​ជ្រើស​យកតែ​មេដឹកនាំ លំអៀង​ឬ​ស្ដាប់​តាម​រដ្ឋាភិបាល​ចិន​នេះ​ចោល​។​

​លើសពីនេះទៅទៀត គណបក្ស​លោក  Wong  គឺ​គណបក្ស Demosisto ចង់​ឲ្យ​មាន​ការធ្វើប្រជាមតិ​មួយ​ពាក់ព័ន្ធ​អនាគត​ក្រុង​ហុងកុង​នៅ​ឆ្នាំ ២០៤៧ ជា​ឆ្នាំ​កិច្ចព្រមព្រៀង​ផ្ទេរ ហុងកុង​ឲ្យ​រដ្ឋាភិបាល​ចិន​អស់​សុពលភាព​។​

​ក្រោយពេល​អង់គ្លេស​ប្រគល់​ហុងកុង​ឲ្យ​ចិន​ឆ្នាំ​១៩៩៧ រដ្ឋាភិបាល​ចិន​ព្រមព្រៀង​កំណត់​ដាក់​ហុងកុង​ជា​តំបន់​រដ្ឋបាល​ពិសេស​ពាក់កណ្តាល​ស្វយ័ត ហើយ​រដ្ឋាភិបាល​ចិន​ក៏​សន្យា​រក្សា​ប្រព័ន្ធ​នយោបាយ​បែប​ប្រជាធិបតេយ្យ និង​សេដ្ឋកិច្ច​របស់​ហុងកុង​ដែរ​។ ប៉ុន្តែ​ការ​រឹតត្បិត​សិ​ទិ្ធ​សេរីភាព ជាពិសេស​ការអប់រំ សិទ្ធិ​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន រួមទាំង​សិ​ទិ្ធ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ផង​នៅតែ​កើតមាន​ដដែល​៕


Tag:
 ហុងកុង​
  ស៊ី ជិន​ភីង​
  Joshua Wong
© រក្សាសិទ្ធិដោយ thmeythmey.com