អន្តរជាតិ
អាមេរិក​ព្រមាន​ថា របប អាសាដ​នឹង​ប្រឈម​បញ្ហា​ធំ បើ​ហ៊ាន​ប្រើប្រាស់​អាវុធ​គីមី​ជាថ្មីទៀត
27, Jun 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុង​វ៉ាស៊ីនតោន​បាន​ព្រមាន​ថា រដ្ឋាភិបាល​ស៊ី​រីនឹង​ប្រឈម​បញ្ហា​ធំ បើសិនជា​របប​នេះ​ហ៊ាន​ប្រើប្រាស់​អាវុធ​គីមី​ជាថ្មីទៀត​ប្រឆាំង​ជន​ស៊ីវិល​នោះ​។ អាមេរិក​អះអាងថា ស៊ី​រី​ពិត​មាន​គម្រោង​និង​កំពុង​រៀបចំ​ប្រើប្រាស់​អាវុធ​គីមី​ជាថ្មីទៀត ដូចដែល​របប​នេះ​ធ្លាប់ធ្វើ​នៅ​ថ្ងៃ ៤ ខែមេសា​កន្លងមក​ដែរ​។​



​ថ្ងៃ​ចន្ទ​ទី ២៦ មិថុនា សេត​វិមាន​បាន​ចេញមុខ​ចោទប្រកាន់​ថា រដ្ឋាភិបាល​ស៊ី​រី​និង​កងទ័ព​ខ្លួន​កំពុង​ត្រៀមលក្ខណៈ​ប្រើប្រាស់​អាវុធ​គីមី​ជាថ្មីទៀត​ដើម្បី​កម្ចាត់​អ្នកប្រឆាំង​ខ្លួន​។ អាមេរិក​បាន​ព្រមាន​ផងដែរ​ថា រដ្ឋាភិបាល​ស៊ី​រីនឹង​ប្រឈម​បញ្ហា​ធំ​ជាក់​ជាមិនខាន​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ្នកនាំពាក្យ​សេត​វិមាន Sean Spicer បញ្ជាក់ថា​៖« សហរដ្ឋអាមេរិក​បាន​រកឃើញថា របប​ដឹកនាំ បា​សា អាល់​អាសាដ រៀបចំ​ការវាយប្រហារ​ដោយ​ប្រើប្រាស់​អាវុធ​គីមី​ជាថ្មីទៀត​ដែល​អាច​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើនសន្ធឹក​រួមទាំង​កុមារ​តូចៗ​ផងដែរ​»​។​

​លោក Spicer សង្កត់ធ្ងន់ថា​៖ «​បើសិនជា​មានការ​ប្រើប្រាស់​អាវុធ​គីមី​ម្តងទៀត​ដែល​សម្លាប់​រង្គាល​ជន​ស៊ីវិល អាសាដ និង​កងទ័ព​របស់គេ​នឹងត្រូវ​ប្រឈម​បញ្ហា​ធំ​ជាក់​ជាមិនខាន​»​។​
 
​បើតាម​ការចោទប្រកាន់​របស់​សេត​វិមាន​អាមេរិក ស៊ី​រី​កំពុង​រៀបចំ​ការវាយប្រហា​រ​ដោយ​អាវុធ​គីមី​ដូច​កាលពី​ថ្ងៃ ៤ មេសា​កន្លង​ដែរ​។ នៅ​ថ្ងៃ ៤​មេសា រដ្ឋាភិបាល​ស៊ី​រី​រង​ការចោទប្រកាន់​មួយ​ពាក់ព័ន្ធ​ការប្រើប្រាស់​អាវុធ​គីមី​នៅ​ក្រុង Khan Sheikhoun ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៧០​នាក់​ស្លាប់បាត់​បង់ជីវិត​នោះ​។ ប៉ុន្តែ​ស៊ី​រី​បាន​បដិសេធ​ការចោទប្រកាន់​នេះ​។ ឆ្លើយតប​ការវាយប្រហារ​ដោយ​អាវុធ​គីមី​នេះ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ  បាន​បញ្ជា​ឲ្យ​កងទ័ព​អាមេរិក​បាញ់​ផ្លោង​មី​ស៊ី​ល​ជិត​៦០​គ្រាប់​ចូល​មូលដ្ឋាន​ទ័ពអាកាស Shayrat

​ត្រឡប់មកវិញ បើទោះជា​មានការ​ចោទប្រកាន់​បែបនេះ​ក៏ដោយ សហរដ្ឋអាមេរិក​មិនបាន​បកស្រាយ​ឲ្យ​បានច្បាស់លាស់​ឡើយ​ពាក់ព័ន្ធ​បញ្ហា​នេះឡើយ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ សេត​វិមាន​ក៏​មិន​ឆ្លើយតប​ចំពោះ​ការស្នើសុំ​មតិយោបល​បន្ថែម​ពាក់ព័ន្ធ​ព័ត៌មាន​លម្អិត​ឬ​របាយការណ៍​ចារកម្ម​ដែល​អាមេរិក​ទទួលបាន​មុន​ចោទប្រកាន់​រដ្ឋាភិបាល​ស៊ី​រី​បែប​នេះដែរ​។​

​មន្ត្រី​ចារកម្ម​អាមេរិក​ម្នាក់​ដែល​ធ្វើ​ការងារ​ជាមួយ​មន្ត្រី​ចារកម្ម​សម្ព័ន្ធមិត្ត​អាមេរិក​ដែល​មិនបាន​បញ្ចេញ​អត្ត​សញ្ញា​បង្ហើប​ថា គេ​ពិតជា​កំណត់​បាន​សញ្ញា​មិន​ប្រក្រតី​មួយចំនួន​ដែល​គេ​សង្ស័យថា អាសាដ ពិតជា​លួច​ការ​លាក់ទុក​អាវុធ​គីមី​ថ្មី​ទុក​ផង​។ ដូច្នេះហើយ​ទើបបានជា សេត​វិមាន​អាមេរិក​ព្រមាន​របប​ដឹកនាំ​ស៊ី​រី​ជាមុន ក្រែង​មានការ​វាយប្រហារ​ដោយ​ប្រើប្រាស់​អាវុធ​គីមី​ដូច​ការសង្ស័យ​មែន​នោះ​។​

​កាលពី​ខែមេសា​កន្លងទៅ រដ្ឋាភិបាល​ស៊ី​រី​បាន​អះអាងថា ខ្លួន​បោះបង់ចោល​អាវុធ​គីមី ១០០​ភាគរយ​ហើយ គ្មាន​អាវុធ​ពី​ណា​យកទៅ​ប្រើប្រាស់​ប្រឆាំង​ជន​ស៊ីវិល​ដូច​គេ​ចោទប្រកាន់​ឡើយ​។​

​ចាប់ពី​មានការ​ប្រើប្រាស់​អាវុធ​គីមី​ខែមេសា​មក សហរដ្ឋអាមេរិក​បង្កើន​ការវាយប្រហារ​តាមផ្លូវ​អាកាស​ប្រឆាំង​ទាហាន​រដ្ឋាភិបាល អាសាដ ផង ហើយ​អាមេរិក​ក៏​បង្ហាញ​ឆន្ទៈ​វាយប្រហារ​កម្លាំង​ដែល​ជួយ​ជ្រោមជ្រែង​ទាហាន​អាសាដ រួមទាំង​អ៊ីរ៉ង់​ផង​ដែល​។ ក្នុង​ខែមិថុនា​នេះ អាមេរិក​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រដ្ឋាភិបាល អាសាដ មួយគ្រឿង​ដោយ​ចោទថា យន្តហោះ​នេះ​វាយប្រហារ​លើ​ទីតាំង​ដែល​កងទ័ព​សម្ព័ន្ធ​អន្តរជាតិ​ស្ថិតនៅ​។ ប៉ុន្តែ​ស៊ី​រី​អះអាងថា ខ្លួន​វាយប្រហារ​លើ​ក្រុម​ភេរវជន​ដែ​ស្ហ (Daesh) ឬ​ក្រុម​រដ្ឋ​ឥស្លាម​ប៉ុណ្ណោះ ហើយ​អាមេរិក​កំពុង​ព្យាយាម​ការពារ​ក្រុម​ភេរវជន​ទាំងនេះ​ផង​៕

Tag:
 អាមេរិក​
  Sean Spicer
  បា​សា អាល់​អាសាដ​
  អាវុធ​គីមី
© រក្សាសិទ្ធិដោយ thmeythmey.com