កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងជើង​ច្រានចោល​សំណើ​កូរ៉េខាងត្បូង​ដែល​ចង់​ឲ្យ​មាន​ក្រុមកីឡា​រួមគ្នា​នៅ​អូឡាំពិក​
28, Jun 2017 , 8:39 am        
រូបភាព
​មន្ត្រីជាន់ខ្ពស់​ផ្នែក​កីឡា​របស់​កូរ៉េខាងជើង​ជឿជាក់ថា​វា​យឺត​ពេល​ទៅហើយ​ក្នុងការ​ពិចារណា​សំណើរ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in ដើម្បី​បង្កើត​ក្រុម​បង្រួបបង្រួម​គ្នា​មួយ​សម្រាប់​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ ២០១៨ នៅ​ទីក្រុង​ព្យុង​ឆាង (Pyeongchang)​។ មន្ត្រី​ដដែល​បដិសេធ​គំនិត​នេះ ដោយ​លើកឡើងថា​គួរតែ​ត្រូវ​ដោះស្រាយ​ភាព​តានតឹង​ផ្នែក​នយោបាយ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បាន​រួចរាល់​ជាមុនសិន​។​



​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅក្នុង​ពិធី​បើក​ការប្រកួត​តេ​ក្វាន់​ដូ​ពិភពលោក​ឆ្នាំ​២០១៧ នៅក្នុង​ក្រុង Muju ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​សៅរ៍ ទី​២៤ ខែមិថុនា ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in បាន​និយាយថា​លោក​ចង់ឱ្យ​កូរ៉េ​ទាំងពីរ​រួមគ្នា​ជា​ក្រុម​មួយ​ដើម្បី​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការ​កីឡា​អូឡាំពិក​នៅ​ឆ្នាំក្រោយ​។ ប្រធានាធិបតី​ថ្មី​រូបនេះ​ក៏បាន​រម្លឹក​រឿង​កាលពី​អតីតកាល​មួយ​ដែល​កូរ៉េ​ទាំងពីរ​ធ្លាប់​ពួតដៃគ្នា​ក្នុងការ​ប្រកួត​កីឡា​វាយ​កូន​បាល់​លើ​តុ​ពិភពលោក World Table Tennis Championships កាលពី​ឆ្នាំ​១៩៩១ ជា​ឧទាហរណ៍​ផងដែរ​។​

​ទោះ​មានការ​ស្នើយ៉ាងនេះ​ក្តី សមាជិក​គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ​របស់​កូរ៉េខាងជើង (IOC) លោក Chang Ung បាន​ច្រានចោល​គំនិត​របស់​កូរ៉េខាងត្បូង​ដោយ​ប្រាប់​កាសែត Dong-a Ilbo ថា​វា​ជា​គោលបំណង​មិន​ពិត​នៅក្នុង​បរិយាកាស​នយោបាយ​បច្ចុប្បន្ន ខណៈដែល​ប្រទេស​ជាប់​របង​ទាំងពីរ​កំពុងមាន​បញ្ហា​នឹង​គ្នា​យ៉ាងខ្លាំង​នោះ​។​

​យ៉ាងណាក៏ដោយ ការបដិសេធ​សំណើរ​ខាងលើ​ពី​សំណាក់​ភាគី​កូរ៉េខាងជើង​នេះ មិន​ធ្វើ​ឲ្យ​លោក Moon រាថយ​នោះទេ ដោយ​សន្យាថា​នឹង​ចូលទៅ​ឲ្យ​គៀក​ក្រុង​ព្យុងយ៉ាង​ដើម្បី​ប្រើ​វិធីសាស្ត្រ​ក​ម្រិ​មធ្យម​របស់លោក​ទៀតផង​។​


ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in (ឆ្វេង) ចាំដៃលោក Chang Ung សមាជិក IOC កូរ៉េខាងជើង នាពិធីបើកការប្រកួតតេក្វាន់ដូពិភពលោកឆ្នាំ២០១៧

​លើសពីនេះ ប្រធានាធិបតី​កូរ៉េខាងត្បូង​ដែល​ទើប​ជាប់ឆ្នោត​ឡើងកាន់តំណែង​កាលពី​ខែឧសភា​កន្លងទៅ ជឿជាក់ថា​អាច​បញ្ចុះបញ្ចូល​កូរ៉េខាងជើង​ឲ្យ​បោះបង់ចោល​នូវ​កម្មវិធី​នុយក្លេអ៊ែ និង​ការសាកល្បង​គ្រាប់​មី​ស៊ី​ល​បាលី​ស្ទីក​បាន​ផងដែរ​។​

​សូមបញ្ជាក់ថា នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ​២០១៨​ខាងមុខ ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ទីក្រុង Pyeongchang ភាគី​កូរ៉េខាងត្បូង ក៏បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ជាប់​របង​កូរ៉េខាងជើង​ចូលរួម​ផងដែរ​។ លើសពីនេះទៅទៀត​នោះ កូរ៉េខាងត្បូង​ក៏បាន​បង្ហាញ​កាយវិការ​សន្តិភាព​មួយ​ដោយ​អនុញ្ញាត​ឲ្យ​ក្រុម​អត្ត​ព​លិ​ក​កូរ៉េខាងជើង​អាច​ឆ្លងតាម​ច្រកព្រំដែន​ដែលជា​តំបន់​ការពារ​ដ៏​តឹងរឹង​មកកាន់​ទឹកដី​ខ្លួន​បាន បើទោះបីជា​តំបន់​នេះ​ជា​តំបន់ហាមឃាត់​រវាង​ប្រទេស​ទាំងពីរ​ក៏ដោយ​៕


Tag:
 ឧបទ្វីប​កូរ៉េ​
  កីឡា​អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com