អន្តរជាតិ
បញ្ហា​ព្រំដែន​ឥណ្ឌា​-​ចិន កម្រើក​ជាថ្មី ខណៈ​នាយករដ្ឋមន្ត្រី ម៉ូ​ឌី ជួប​ប្រ​ធានា​ធិ​ប​តិ ត្រាំ​
27, Jun 2017 , 10:39 pm        
រូបភាព
​បញ្ហា​ព្រំដែន​ឥណ្ឌា​ចិន​ផ្ទុះឡើង​ជាថ្មី​នៅ​ដើម​សប្តាហ៍​នេះ បន្ទាប់ពី​កងទ័ព​ល្បាត​ព្រំដែន​របស់​ឥណ្ឌា​ឆ្លងដែន​ចូល​ដី​ចិន​នៅ​តំបន់​ទី​បេ​។ ចិន​បានទាមទារ​ឲ្យ​ឥណ្ឌា​គោរព​បូរណភាព​ដែនដី​ខ្លួន និង​ទារ​ឲ្យ​កងទ័ព​ឥណ្ឌា​ចាកចេញ​ភ្លាមៗ​ដើម្បី​បញ្ចៀស​បញ្ហា​ប្រឈម​។ បញ្ហា​ព្រំដែន​នេះ​កើតឡើង​ស្រប​ពេលដែល​នាយករដ្ឋមន្ត្រី​ឥណ្ឌា​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក ដើម្បី​រឹតបន្តឹង​ចំណង​ការទូត​ទ្វេភាគី​រវាង​ឥណ្ឌា​និង​អាមេរិក​ក្រោម​អាណត្តិ​លោក ដូ​ណា​ល់ ត្រាំ​។



​ក្រសួងការពារជាតិ និង​ក្រសួងការបរទេស​ចិន​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ចោទប្រកាន់ថា កងកម្លាំង​ល្បាត​ព្រំដែន​របស់​ឥណ្ឌា បាន​ឆ្លងដែន​ចូល​ទឹកដី​ខ្លួន​នៅ​ថ្ងៃ ២៦ មិថុនា​នេះ​។
​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា រដ្ឋាភិបាល​ចិន ហាក់​បង្ហាញ​ការខឹង​សម្បារ​ខ្លាំង​នៅពេល​ដែលមាន​កងទ័ព​ឥណ្ឌា​ឆ្លងដែន​ចូល​ទឹកដី​ខ្លួន​ពីរ​ដ្ឋ ស៊ី​គីម (Sikkim) ចូលដល់​តំបន់​ទី​បេ​នោះ​។

​ក្រសួងការបរទេស​ចិន​បាន​អំពាវនាវ​ឲ្យ​ឥណ្ឌា​ប្រញាប់ប្រញាល់​ដកទ័ព​ចេញពី​ទឹកដី​ខ្លូន គោរព​បូរណភាព​ដែនដី និង​គោរព​រាល់​សន្ធិសញ្ញា​ដែល​ភាគី​ទាំងពីរ​បាន​ចុះ​រួមគ្នា​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​នោះ​។ ក្រសួង​ដដែល​នេះ​បាន​បញ្ជាក់ថា​ខ្លួន​ក៏បាន​សម្រេច​ផ្អាក​ការអនុញ្ញាត​ឲ្យ​មាន​ការដើរ​ក្បួន​ធម្ម​យាត្រា​ឆ្លងកាត់​ភ្នំ Nathu La ដែល​ភ្ជាប់​រដ្ឋ​ស៊ី​គីម​របស់​ឥណ្ឌា​ជាមួយ​តំបន់​ទី​បេ​ដែរ​។​

​តាមពិតទៅ​តំបន់ភ្នំ Nathu La ជា​តំបន់​ដែល​ភ្ជាប់​ទឹកដី​ចិន និង​ឥណ្ឌា ហើយ​វា​ក៏​ជាទី​តាំង​ដែល​សង្គ្រាម​ព្រំដែន​រវាង​ឥណ្ឌា​និង​ចិន​កើតឡើង​នៅ​ឆ្នាំ ១៩៦៧​ដែរ​។​

​ថ្វីបើ​មានការ​ចោទប្រកាន់​សំណាក់​ចិន​ក៏ដោយ​ចំពោះ​ការ​បំពារបំពាន​ព្រំដែន​នេះ​ក្តី គេ​មិនទាន់​ឃើញ​មានការ​ឆ្លើយតប​ពី​ខាង​ឥណ្ឌា​ឡើយ​មកដល់ពេលនេះ​។

​តាមពិតទៅ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ឥណ្ឌា​និង​ចិន​មិនសូវ​ល្អ​យូរ​មកហើយ​ដោយសារតែ​ជម្លោះព្រំដែន​រួមគ្នា ប៉ុន្តែ​ទំនាក់ទំនង​កាន់តែ​ធ្លាក់ចុះ និង​ល្អក់កករ​ខ្លាំង​ក្នុង​រយៈពេល​ចុងក្រោយ​។ វា​កាន់តែ​អាក្រក់​ក៏ដោយ​សារ​ក្រុង​ប៉េកាំង​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ឥស្លាម​ម៉ា​បាត​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​របស់ខ្លួន ហើយ​គម្រោង​សង់​ច្រករបៀង​សេដ្ឋកិច្ច​នឹងត្រូវ​ឆ្លងកាត់​តំបន់​កា​ស្មៀ​ដែលជា​តំបន់​ជម្លោះ​រ៉ាំរ៉ៃ​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​នោះ​។ ឥណ្ឌា​បាន​ពហិកា​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​ដែល​រៀបចំឡើង​នៅ​ក្រុង​ប៉េកាំង​កាលពី​ខែឧសភា​កន្លងមក​ដែរ ដើម្បី​បង្ហាញ​ការមិន​បំពេញចិត្ត​ចំពោះ​គម្រោង​ចិន​និង​ប៉ា​គី​ស្ថាន​គ្រោង​សម្រេច​រួមគ្នា​នេះ​។​

- បញ្ហា​ព្រំដែន​កើតឡើង​ស្របពេល​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ទស្សនកិច្ច​នៅ​អាមេរិក​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​បញ្ហា​ប្រទាញប្រទង់​ព្រំដែន​រវាង​មហា​យក្ស​អាស៊ី​ទាំងពីរ​នេះ​កើតឡើង​ស្រប​ពេលដែល​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បំពេញ​ទស្សនកិច្ច​ទៅកាន់​ក្រុង​វ៉ាស៊ីនតោន​។ ទស្សនកិច្ច​នេះ​គឺ​ផ្តោត​សំខាន់​លើ​ព​ង្រឹ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​អាមេរិក​ក្រោម​អាណត្តិ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​

​មហា​យក្ស​ចិន​មិនសូវ​សប្បាយចិត្ត​ទេ​នៅពេលដែល​ឥណ្ឌា និង​អាមេរិក​កាន់តែ​ខិតជិត​គ្នា​និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ស៊ី​រី​ជម្រៅ​នោះ​។ កាលពី​ឆ្នាំមុន​ចិន​អាក់អន់ចិត្ត​ចំពោះ​ឥណ្ឌា​ម្តង​រួចទៅហើយ​ព្រោះ​ឥណ្ឌា​និង​អាមេរិក​បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​ភស្តុភារ​យោធា (Logistics Support Agreement) ដែល​អនុញ្ញាត​ឲ្យ​ភាគី​ទាំងពីរ​អាច​ប្រើប្រាស់​ដែនទឹក ដែន​គោក ដែនអាកាស​គ្នា​ទៅវិញទៅមក​ដើម្បី​បើក​ប្រតិបត្តិការ​យោធា​, ផ្គត់ផ្គង់​ភស្តុភារ និង ជួស​ជុស​ផងដែរ​។ ការសម្រេច​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​នេះ​បង្ហាញ​ពី​ការ​ខិតជិត​គ្នា​រវាង​មហាអំណាច​ប្រជាធិបតេយ្យ​ទាំងពីរ ហើយ​អ្វីដែល​សំខាន់ ទាំង​ចិន និង ប៉ា​គី​ស្ថាន​សុទ្ធតែ​បារម្ភ​ពី​បញ្ហា​នេះ​។​

​ត្រឡប់មកវិញ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ម៉ូ​ឌី បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក រិច ធី​ល័​រ​សិន និង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ជេ​ម ម៉ា​ទី​ស មុននឹង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី ត្រាំ​។  ប្រធានបទ​ជាច្រើន​ត្រូវបាន​មេដឹកនាំ​ទាំងពីរ​លើក​មក​ជជែក​គ្នា​ក្នុងជំនួប​ជា​លើកដំបូង​នេះ ក្នុងនោះ​មាន​បញ្ហា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទ្វេភាគី​, ការពារជាតិ​,  សន្តិសុខ និង​បញ្ហា​ផ្សេងទៀត​ជាច្រើន​ផ្សេងទៀត​។ ឥណ្ឌា​និង​សហរដ្ឋអាមេរិក​ប្តេជ្ញា​ពង្រឹង​ចំណង​ទំនង​ទ្វេភាគី​ដើម្បី​ប្រឆាំង​ភេរវកម្ម និង​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើតឡើង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ស្រប​ពេលដែល​អាមេរិក​ត្រៀម​បញ្ជូន​ទ័ព ៥​ពាន់​នាក់​បន្ថែម​ទៅ​ទីនោះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  លោក ត្រាំ បាន​អះអាងថា ទំនាក់​រវាង​ឥណ្ឌា​និង​អាមេរិក​គ្មាន​ពេលណា​ដែល​រឹងមាំ និង​ល្អប្រសើរ​ដូច​ពេលនេះ​ទេ​។ ចំណែក​លោក ម៉ូ​ឌី ឯណោះ​វិញ​សង្ឃឹមថា ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក និង​ឥណ្ឌា​កាន់តែ​ប្រសើរឡើង ជាពិសេស​វិស័យ​ពាណិជ្ជកម្ម​តែម្តង​។ ឥណ្ឌា​ស្វាគមន៍​កក់ក្តៅ​ចំពោះ ក្រុមហ៊ុន​អាមេរិក​ដែល​ចង់​ដាក់ទុន​រកស៊ី​នៅ​ឥណ្ឌា​ផងដែរ​នៅពេល​អនាគត​។​

​ទំនាក់ទំនង​ឥណ្ឌា​និង​អាមេរិក​កាន់តែ​ប្រសើរឡើង​ក្នុង​ជំនាន់​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា ដោយ​អាមេរិក​បានសម្រេច​លុប​ចោលការ​ហាមឃាត់​ទិដ្ឋាការ​ធ្វើដំណើរ​ប្រឆាំង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី ក្រោយ​លោក​ជាប់ឆ្នោត​នៅ​ឆ្នាំ ២០១៤​។ លោក អូ​បា​ម៉ា ក៏បាន​អញ្ជើញ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​មក​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​ដែរ ហើយ​លោក​ក៏​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទីមួយ​ដែល​អញ្ជើញ​ចូលរួម​ថ្ងៃ​បង្កើត​រដ្ឋធម្មនុញ្ញ​ក្រោយ​ឥណ្ឌា​ទទួលឯករាជ្យ​ឆ្នាំ ១៩៤៧​។

​ប៉ុន្តែ​ទោះជា​បែបណាក៏ដោយ ភាគី​ឥណ្ឌា​ហាក់បីដូចជា​រក្សា​ភាព​ស្ងៀមស្ងាត់​ពាក់ព័ន្ធ​បញ្ហា​ប្រឈម​ការប្រែប្រួល​អាកាសធាតុ ហើយ​បញ្ហា​នេះ​មិនត្រូវ​បានលើកឡើង​ក្នុងជំនួប​ទ្វេភាគី​រវាង​មេដឹកនាំ​ទាំងពីរ​ឡើយ​។ គេ​ចាំ​ច្បាស់​ថា ប្រធានាធិបតី ត្រាំ បាន​ចោទថា ឥណ្ឌា​នេះ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ក្រុងប៉ារីស ក៏​ព្រោះតែ​ចង់បាន​ជំនួយ​ប៉ុណ្ណោះ​។​ឥណ្ឌា​ខឹងសម្បា​រដែរ ហើយ​ឆ្លើយតប​វិញ​ភ្លាមៗ​ថា ខ្លួន​មិនមែន​ព្រោះតែ​ចង់បាន​ជំនួយ​ទេ តែ​ខ្លួន​មាន​ឆន្ទៈ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ពិភពលោក​ប៉ុណ្ណោះ​។​


Tag:
 អាមេរិក​
  ឥណ្ឌា​
  ដូ​ណា​ល់ ត្រាំ​
  នា​រិ​ន្ទ្រា ម៉ូ​ឌី
© រក្សាសិទ្ធិដោយ thmeythmey.com