អន្តរជាតិ
ហ្វីលីពីន​អនុម័ត​ច្បាប់​ដាក់ពិន័យ​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ច្រៀង​បទ​ភ្លេងជាតិ​មិនបាន​ត្រឹមត្រូវ​
28, Jun 2017 , 9:35 am        
រូបភាព
ដោយ:
​ដើម​សប្តាហ៍​នេះ សភា​ហ្វីលីពីន​បានសម្រេច​អនុម័ត​បទបញ្ញត្តិ​ដែលមាន​គោលដៅ​ផាកពិន័យ​យ៉ាង​ធ្ងន់​ធ្ង​រលើ​ប្រជាជន​ដែល​សម្ដែង​ខុស​ឬ​ច្រៀង​បទ​ភ្លេងជាតិ​ខុស ហើយក៏​តម្រូវ​ឲ្យ​សាធារណៈជន​ទាំងអស់​ច្រៀង​តាម​គ្រប់គ្នា​នៅពេល​ដែលមាន​ការគោរព​ទង់ជាតិ​។​



​ដោយសារតែ​ប្រជាជន​ហ្វីលីពីន​ច្រៀង និង​គោរព​បទ​ភ្លេងជាតិ Lupang Hinirang មិន​ត្រឹមត្រូវ សភា​ហ្វីលីពីន​សម្រេច​អនុម័ត​ច្បាប់​ដែល​អាច​ផាកពិន័យ​ជា​ទឹកប្រាក់​ហ្វីលីពីន​ចំនួន​ពី មួយ​ពាន់​ដុល្លារ ទៅដល់​ជិត ពីរពាន់​ដុល្លារ​ចំពោះ​ប្រជាជន​ណា​ដែល​ច្រៀង និង​សម្ដែង​ខុសពី​លំនាំ​បទ​ដើម​នៃ​បទ​ភ្លេងជាតិ រួមមាន​កាយវិការ ចង្វាក់ និង​ពាក្យពេចន៍​ក្នុង​ចំរៀង​ផង​។​

​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Inquirer ខ្លឹមសារ​នៃ​បទបញ្ញត្តិ​ថ្មី​នេះ​បាន​ចែងថា នៅពេល​ដែលមាន​ការគោរព​ទង់ជាតិ ប្រជាជន​ទាំងអស់​ដាច់ខាត​ត្រូវ​ឈរ​ឲ្យ​ត្រង់​ខ្លួន​និង​ច្រៀង​តាម​បទ​ភ្លេង​ទាំងអស់គ្នា​ឲ្យ​បាន​ត្រឹមត្រូវ ។ នៅពេលដែល​ភ្លេង​បន្លឺឡើង ប្រជាជន​ទាំងអស់​ត្រូវគោរព​ដោយ​យកដៃ​ស្ដាំ​ដាក់​ពីលើ​ទ្រូង​ខាងឆ្វេង​។​

​ក្រោម​បទបញ្ញត្តិ​ដែល​សភា​ស្នើឡើង​មកនេះ រាល់​មន្ត្រី​រដ្ឋការ​សាធារណៈ​ទាំងអស់​អ្នក​ដែល​មិន​គោរព​និង​ប្រតិបត្តិ​តាម​បាន​ត្រឹមត្រូវ​ពេល​មាន​ការគោរព​ទង់ជាតិ​នោះ នឹងត្រូវ​ប្រឈមមុខ​នឹង​ការអនុវត្ត​វិធាន​រដ្ឋបាល​តាម​ស្ថាប័ន​ផងដែរ​។​

​យ៉ាងណាមិញ ក្នុង​ការរៀបចំ​បទបញ្ញត្តិ​ថ្មី សភា​ហ្វីលីពីន​ក៏បាន​អនុគ្រោះ​ដល់​ប្រជាជន​កាន់សាសនា​ផ្សេង​ដែល​ហាម​ច្រៀង​តាម  ដោយ​ពួកគេ​ត្រឹមតែ​ឈរ​គោរព​ដោយ​យកចិត្តទុកដាក់​បាន​។ សភា​ក៏បាន​លុបចោល​ការហាមឃាត់​ការដាក់​បង្ហាញ​ទង់ជាតិ​ហ្វីលីពីន​នៅមុខ​ស្ថាប័ន​ឬ​អគារ​ដែល​គ្រប់គ្រង​ដោយ​ជនបរទេស​ដែរ​។​
​ម្យ៉ាង​បទ​ភ្លេងជាតិ Lupang Hinirang ដែល​សភា​ទទួលស្គាល់ គឺ​ច្រៀង​ដោយ​តារាចម្រៀង Julian Felipe​តែប៉ុណ្ណោះ​។​

​សេចក្ដីព្រាងច្បាប់​នេះ​នឹងត្រូវ​រួម​ធានា​អនុវត្ត​ដោយ​ស្ថាប័ន​ជាតិ​មួយចំនួន​មានដូចជា​ក្រសួង​អប់រំ  គណៈកម្មការ​អប់រំ​ថ្នាក់ខ្ពស់ និង​អាជ្ញាធរ​អភិវឌ្ឍ​ជំនាញ​និង​ការអប់រំ​បច្ចេកវិទ្យា​ធ្វើយ៉ាងណា​ឲ្យ​សិស្ស​ស្គាល់​និង​ច្រៀង​បទ​ភ្លេងជាតិ​Lupang Hinirang​ឲ្យ​បាន​ត្រឹមត្រូវ​។ ក្រសួង​ប្រវត្តិសាស្ត្រ​ជាតិ​ហ្វីលីពីន​ក៏បាន​ទទួលបញ្ជា​ចែកចាយ​ក្រដាស​ចម្រៀង​បទ​ភ្លេងជាតិ​ដើម្បី​ឲ្យ​ប្រជាជន​ច្រៀង​ឲ្យ​ត្រូវ​លំនាំ​និង​ស្ដង់ដា​បទ​ដើម​។​

​សូម​ជម្រាប​ផងដែរ​ថា ក្រោយ​សភា​អនុម័ត​កាលពី​ថ្ងៃ​ចន្ទ ច្បាប់​នេះ​នឹង​បញ្ជូនទៅ​ឲ្យ​ព្រឹទ្ធសភា​ពិចារណា​៕


Tag:
 ហ្វីលីពីន​
  Lupang Hinirang
  បទ​ភ្លេងជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com