អន្តរជាតិ
អាមេរិក បារម្ភ​រុស្ស៊ី​លូកដៃ​ជួយ​កូរ៉េខាងជើង​ជំនួស​ចិន​
28, Jun 2017 , 11:36 am        
រូបភាព
អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley (រូបភាព Reuters)
អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley (រូបភាព Reuters)
​អាមេរិក​កំពុង​ចាប់ដៃ​ចិន​យ៉ាង​ណែន​ដើម្បី​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ឲ្យ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ និង​ការបាញ់​មី​ស៊ី​ល ហើយ​ចិន​ក៏បាន​ឆ្លើយតប​វិញ​ដែរ ទោះជា​មិនទាន់​ទទួលបាន​លទ្ធផល​ជា​ដុំកំភួន​ក្ដី​។ ខណៈ​អាមេរិក​ទាមទារ​ឲ្យ​ចិន​ធ្វើតាម​ការចង់បាន​រប​ស់​ខ្លួន​នោះ អាមេរិក​ក៏​កំពុង​បារម្ភ​ថា​រុស្ស៊ី​ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​កូរ៉េខាងជើង អាច​លូកដៃ​ជួយ​មិត្ត​របស់ខ្លួន​។ នេះ​ក៏​ព្រោះតែ​ការ​ងាក​ចេញ​របស់​ចិន​អាចជា​ឱកាស​សម្រាប់​រុស្ស៊ី​យកចិត្ត​កូរ៉េខាងជើង​បាន​។​



​ដោយសារតែ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន ហាក់​ស្អិតល្មួត​ជាង​មុន​។ ជា​ញឹកញយ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយ​សរសើរ​ចិន​លើ​ការប្រឹងប្រែង​ក្នុងការ​លុបបំបាត់​នុយ​ក្លេ​អ៊ែរ​របស់​កូរ៉េខាងជើង បើទោះជា​មិនទាន់បាន​ផល​ដូច​ចិត្ត​ក្ដី​។ បើតាម​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ ការ​ខិតជិត​គ្នា​រវាង​មហាអំណាច​ទាំងពីរ​លើ​បញ្ហា​កូរ៉េខាងជើង អាច​ក្លាយជា​ឱកាស​សម្រាប់​មហាអំណាច​មួយទៀត​ក្នុងការ​ចាប់ដៃ​កូរ៉េខាងជើង​ជំនួស​ចិន​។​

​អគ្គរដ្ឋទូត​អាមេរិក លោកស្រី Nikki Haley បារម្ភ​ថា​រុស្ស៊ី​នឹង​ឆ្លៀតឱកាស​អាមេរិក​ចាប់ដៃ​ចិន​ដើម្បី​ចាប់យក​កូរ៉េខាងជើង​។ យ៉ាងណាក្ដី ក្នុង​ការផ្ដល់​សក្ខីកម្ម​ឲ្យ​សភា​នៅ​ថ្ងៃទី​២៧ ខែមិថុនា លោកស្រី Haley មិនបាន​បង្ហាញ​ភស្តុតាង​ការពារ​អំណះអំណាង​របស់លោក​ស្រី​ទេ តែ​លោកស្រី​បានស្នើ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់បំផុត​។ លើសពីនោះ អាមេរិក​ក៏​កំពុង​តាមដាន​ស្ថានការណ៍​នេះ​យ៉ាង​ខ្ជាប់ខ្ជួន​ដែរ ព្រោះ​រុស្ស៊ី​មិនសូវមាន​ជំហរ​តឹងរ៉ឹង​ដាក់​កូរ៉េខាងជើង​ឡើយ​។​

​ជាមួយនឹង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កូរ៉េខាងជើង អា​មេ​រិ​ក៏បាន​ទទូច​ឲ្យ​ប្រទេស​ដទៃ​បន្ថយ​ទំនាក់ទំនង​ការទូត​ជាមួយ​កូរ៉េខាងជើង​ផងដែរ​។ ប៉ុន្តែ​រុស្ស៊ី​មិនបាន​ខ្វាយខ្វល់​អ្វី​ឡើយ តែ​បាន​បង្កើន​ចំណង​ការទូត​យ៉ាង​ជិតស្និទ្ធ​ទៅទៀត តាមរយៈ​ការបង្កើត​សេវាកម្ម​ស្រឡាង​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំងពីរ​ទៀតផង​។ ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏​តែង​និយាយ​ដែរ​ថា រុស្ស៊ី​ចង់បាន​ការចរចា​ជាជាង​ការ​គំរាម​ក្នុងការ​ដោះស្រាយ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អគ្គរដ្ឋទូត​អាមេរិក​បាន​ប្រាប់​សមាជិកសភា​ថា ការដាក់​សម្ពាធ​លើ​ចិន​នៅតែ​បន្ត តែ​ក៏ត្រូវ​បន្ត​តាមដាន​សកម្មភាព​រប​ស់​រុស្ស៊ី​ជាមួយ​កូរ៉េខាងជើង​ដែរ​។ ក្នុងពេល​ដដែល​នោះ លោកស្រី​ហាក់​បង្ហាញ​ជំហរ​របស់​រដ្ឋបាល​ប្រធានាធិបតី ត្រាំ ចំពោះ​បញ្ហា​កូរ៉េខាងជើង ពោលគឺ​អាមេរិក​ចង់​ឲ្យ​កូរ៉េខាងជើង​បញ្ចប់​ក្ដី​ស្រមៃ​នុយក្លេអ៊ែរ​ត្រឹមនេះ ហើយ​អាមេរិក​ក៏​មិន​មានបំណង​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ព្យុងយ៉ាង​នោះដែរ​។

​រដ្ឋបាល​ប្រធានាធិបតី ត្រាំ បាន​សង្កត់​រដ្ឋាភិបាល​ចិន​យ៉ាងខ្លាំង​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង ព្រោះនេះ​ជាការ​គំរាមកំហែង​សន្តិសុខ​អាមេរិក​ផង និង​ស្ថិរភាព​ពិភពលោក​ផង​។ ក្រៅពី​វិធានការ​លើ​កូរ៉េខាងជើង​តាមរយៈ​ចិន និង​ក្រុមប្រឹក្សាសន្តិសុខ អាមេរិក​ក៏​ស្នើ​ប្រទេស​ផ្សេង​ជួយ​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​។ អាមេរិក​ក៏​គំរាម​ឈប់​ធ្វើ​ពាណិជ្ជកម្ម ឬក៏​អាច​ឈានដល់​ការដាក់ទណ្ឌកម្ម​លើ​ប្រទេស ឬ​ក្រុមហ៊ុន​ដែរ​បន្ត​រកស៊ី​ជាមួយ​កូរ៉េខាងជើង​ទៀតផង​៕

Tag:
 អាមេរិក​
  រុស្ស៊ី​
  ចិន​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com