អន្តរជាតិ
រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​អាច​បាត់​តំណែង ក្រោយ​និយាយថា​កងទ័ព​គាំទ្រ​បក្ស​កាន់អំណាច​
28, Jun 2017 , 7:19 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិជប៉ុន Tomomi Inada (រូបភាព AP)
រដ្ឋមន្ត្រីការពារជាតិជប៉ុន Tomomi Inada (រូបភាព AP)
​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោកស្រី Tomomi Inada បាន​រង​ការរិះគន់​យ៉ាងខ្លាំង បន្ទាប់ពី​លោកស្រី​បាន​យក​កងទ័ព​ទៅ​ភ្ជាប់​ជាមួយ​សារ​នយោបាយ​។ ក្នុងពេល​ឃោសនា​ឲ្យ​បក្ស​កាន់អំណាច​ប្រជាធិបតេយ្យ​សេរីភាព (LDP) សម្រាប់​ការបោះឆ្នោត​សភា​ក្រុង​តូ​ក្យូ នៅ​ថ្ងៃទី​២៧ ខែមិថុនា លោកស្រី Inada បាន​ប្រាប់​ឲ្យ​អ្នកបោះឆ្នោត​គាំទ្រ​បេក្ខជន​បក្ស​លោកស្រី ព្រោះ​វា​ជា​សំណើ​របស់​កងទ័ព និង​ក្រសួងការពារជាតិ​។ ប៉ុន្តែ​ពេល​មានប្រតិកម្ម​ច្រើន លោកស្រី​ដក​សម្ដី​វិញ​ដោយ​ចាត់ទុក​នេះ​ជាការ​យល់ច្រឡំ​។​



​សារ​នយោបាយ​មួយ​ឃ្លា​របស់​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោកស្រី Tomomi Inada ដែល​យក​កង​ស្វ័យការពារ​ទៅ​ឡូកឡំ​ក្នុង​រឿង​នយោបាយ កំពុង​ធ្វើ​ឲ្យ​លោកស្រី​រង​ការរិះគន់​រហូតដល់​មាន​សំណើ​ឲ្យ​លោកស្រី​លាលែង​ពី​តំណែង​ទៀត​។ អំឡុង​ពេលចេញ​ឃោសនា​ឲ្យ​បក្ស​កាន់អំណាច​ប្រជាធិបតេយ្យ​សេរី (LDP) នៅ​សង្កាត់ Itabashi លោកស្រី Inada បាន​ប្រាប់​ឲ្យ​ប្រជាជន​ជ្រើសរើស​បេក្ខជន​បក្ស​លោកស្រី ព្រោះ​ជាការ​ចង់បាន​របស់​ក្រសួងការពារជាតិ កងទ័ព រដ្ឋមន្ត្រី​ការពារជាតិ និង​បក្ស LDP ។​

​សារ​នយោបាយ​ខាងលើ​របស់​លោកស្រី បង្កប់​អត្ថន័យ​ថា កងទ័ព​ជប៉ុន​គាំទ្រ​បេក្ខជន​បក្ស​កាន់អំណាច​ក្នុងការ​បោះឆ្នោត​សភា​ក្រុង តូ​ក្យូ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២ ខែកក្កដា​ខាងមុខ​។ បើតាម​សារព័ត៌មាន Japan Times ប៉ុន្មាន​ម៉ោង​ក្រោយមក រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ​បាន​ដក​ការអធិប្បាយ​ខាងលើ​វិញ ដោយ​លើក​ហេតុផល​ថា វា​អាច​បង្ក​ការយល់ច្រឡំ​។ ប៉ុន្តែ​លោកស្រី Inada មិនអាច​ចៀស​ផុតពី​ពាក្យរិះគន់​បានឡើយ​។​

​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ ដែលជា​បក្សប្រឆាំង បានស្នើ​ឲ្យ​លោកស្រី Inada លាលែង​ពី​តំណែង ព្រោះ​លោកស្រី​បង្ហាញ​ជំហរ​លម្អៀង​ទៅរក​បក្សនយោបាយ​មួយទៀត បើទោះជា​លោកស្រី​កំពុង​កាន់តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​ដែល​ត្រូវមាន​ជំហរ​កណ្ដាល​ដាច់ខាត​ក៏ដោយ​។ យ៉ាងណាមិញ ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga និយាយថា លោកស្រី Inada អាច​បន្ត​តំណែង​បាន ព្រោះ​លោកស្រី​បាន​លុបចោល​សម្ដី​វិញ​ហើយ​។  

​សូមបញ្ជាក់ថា តាមច្បាប់​របស់​ជប៉ុន កង​ស្វ័យការពារ​មិនអាច​លូកលាន់ ឬ​ប្រកាន់​ជំហរ​ទៅរក​បក្សនយោបាយ​ណាមួយ​ឡើយ តែ​ត្រូវ​បម្រើ​ផលប្រយោជន៍​សាធារណៈ​។ ជាមួយនឹង​ជំហរ​អព្យាក្រឹត សកម្មភាព​កង​ស្វ័យការពារ​នេះ ត្រូវបាន​រឹតត្បិត​យ៉ាង​តឹងតែង​បំផុត​ដោយ​ច្បាប់ ហើយ​ពួកគេ​ក៏​មិនអាច​បង្ហាញ​សកម្មភាព​នយោបាយ​ណាមួយ​បានដែរ​។ ដូចនេះ ការលើកឡើង​របស់លោក​ស្រី Inada ពិតជា​បង្ក​ការយល់ច្រឡំ​លើ​តួនាទី​របស់​កង​ស្វ័យការពារ​។  

​មិន​ត្រឹមតែ​បក្សប្រឆាំង​ទេ សមាជិក​បក្ស​កាន់អំណាច LDP ក៏​មិនសូវ​ពេញចិត្ត​ការអធិប្បាយ​រប​ស់​រដ្ឋមន្ត្រី​ការពារជាតិ​ខាងលើ​ដែរ​។ អតីតរដ្ឋមន្ត្រី​ម្នាក់​របស់​បក្ស LDP បាន​ប្រាប់​ឲ្យ​លោកស្រី Inada សុំទោស​ជា​សាធារណៈ ដើម្បី​ការពារ​ប្រជាប្រិយភាព​របស់​បក្ស​មុន​ការបោះឆ្នោត​ក្រុង​តូ​ក្យូ​មកដល់​។ ថ្វី​ដ្បិត​ជាការ​បោះឆ្នោត​ថ្នាក់​តំបន់ ការបោះឆ្នោត​ថ្ងៃទី​២ ខែកក្កដា គឺជា​ការសាកល្បង​ប្រជាប្រិយភាព​បក្ស LDP របស់​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ ដែល​រង​ការចោទប្រកាន់​មិនចេះចប់​៕


Tag:
 ជប៉ុន​
  Tomomi Inada
© រក្សាសិទ្ធិដោយ thmeythmey.com