អន្តរជាតិ
បារាំង​ស៊ើបអង្កេត​ករណី​មន្ត្រី​យោធា​ជាន់ខ្ពស់​យក​យន្តហោះ​ចម្បាំង​ជិះ​ទៅផ្ទះ​ខ្លួនឯង
28, Jun 2017 , 4:51 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង​បាន​បញ្ជា​ឲ្យ​គេ​ស៊ើបអង្កេត​ករណី​មន្ត្រីជាន់ខ្ពស់​ម្នាក់​ដែលមាន​ឋានន្តរស័ក្តិ​ជា​មេបញ្ជាការរង​កងទ័ព​អាកាស លួច​ប្រើប្រាស់​យន្តហោះ​ចម្បាំង​សម្រាប់​ជិះ​ទៅផ្ទះ​ពេល​ចុង​សប្តាហ៍​។ បើសិន​ព័ត៌មាន​នេះ​ជាការ​ពិត មន្ត្រី​រូបនេះ​នឹងត្រូវ​រង​ពិន័យ​កងទ័ព​ធ្ងន់ធ្ងរ​ផងដែរ​។​



​ថ្ងៃ​ពុធ​ទី ២៨ មិថុនា​នេះ ទស្សនា​វ​ដ្តី​រូប​ត្លុក​បារាំង Canard Enchaîné បាន​ផ្សព្វផ្សាយ​ថា​លោក  Richard Reboul ដែលជា​មេបញ្ជាការរង​កងទ័ព​ជើង​អាកាស​បារាំង​នោះបាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង Dornier Alpha ដែលជា​យន្តហោះ​សម្រាប់​ហ្វឹកហ្វឺន​សម្រាប់ធ្វើ​ជិះ​ទៅផ្ទះ​របស់ខ្លួន​ចុង​សប្តាហ៍​។

​សារព័ត៌មាន​នោះបាន​ចោទថា លោក Richard Reboul ជួល​យន្តហោះ​ចម្បាំង​របស់​កងទ័ពអាកាស​ជា​ច្រើនដង​មកហើយ​ចាប់ពី​ខែសីហា​ឆ្នាំមុន ដើម្បី​ជិះ​ពី​សាលារៀន​បើក​យន្តហោះ​ចម្បាំង​ពី​ក្រុង Bordeaux ទៅកាន់​ភូមិ Salon-de-Provence ដែល​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ដែលជា​មូលដ្ឋាន​ទ័ពអាកាស​បារាំង​តាំងនៅ​នោះ​។ គេ​ដឹង​ច្បាស់​ថា ការជួល​យន្តហោះ​ចម្បាំង​ជិះ​ទៅ​ភូមិ Salon-de-Provence មិនមាន​ពាក់ព័ន្ធ​ការងារ​ស្ថាប័ន​ឡើយ ហើយ​លោក​គ្រាន់តែ​ជិះ​ទៅ​លំហែកាយ​នៅ​លំនៅដ្ឋាន​របស់ខ្លួន​ប៉ុណ្ណោះ​។​

​ក្រៅពីនេះ ទស្សនា​វ​ដ្តី​ដដែល​ក៏បាន​អះអាង​ថែម​ទៀតថា លោក Richard Reboul ក៏​រក្សាទុក​យន្តហោះ​ដឹក​យោធា​សម្រាប់​ដឹកជញ្ជូន​មួយគ្រឿង​ដែលមាន​អ្នកបើក​ផងដែរ សម្រាប់​ប្រើប្រាស់​ពេល​ចាំបាច់​ផ្ទាល់ខ្លួន​ផង​។​

​សារព័ត៌​មានបារាំង Le Monde   ផ្សាយ​ថា ឆ្លើយតប​នឹង​ការចោទប្រកាន់​នេះ ក្រសួងការពារជាតិ​បារាំង​បានចេញ​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត​បន្ទា​ន់​មួយ​ពាក់ព័ន្ធ​បញ្ហា​នេះ​។ លោកស្រី Florence Parly រដ្ឋមន្ត្រី​ការពារជាតិ​បារាំង​ចេញ​បញ្ជា​ផ្ទាល់​ទៅកាន់​ភ្នាក់ងារ​អធិការកិច្ច​ប្រចាំ​ក្រសួងការពារជាតិ​ចាប់ផ្តើម​ស៊ើបអង្កេត​បញ្ហា​ដើម្បី​ជម្រះ​មន្ទិល​សង្ស័យថា តើ​របាយការណ៍​នេះ​ត្រឹមត្រូវ​ឬ​អត់​នោះ​។​

​ដោយឡែក នាយសេនាធិការ​កងទ័ព​អាកាស​បារាំង​លោក  André Lanata ក៏បាន​ចេញ​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត​ផ្ទៃក្នុង​ពាក់ព័ន្ធ​បញ្ហា​នេះដែរ ហើយ​ការស៊ើបអង្កេត​នេះ​ចាប់ផ្តើម​តាំងពី​ថ្ងៃ​២៣ ខែមិថុនា​សប្តាហ៍​មុន​ម្ល៉េះ​។​

​ក្នុងករណី​ដែល​គេ​រកឃើញថា មេបញ្ជាការរង​កងទ័ព​អាកាស​ខាងលើ​ពិតជា​ប្រើ​ប្រា​សើ​យន្តហោះ​ចម្បាំង​របស់​ស្ថាប័ន​ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​មែន លោក​នឹងត្រូវ​ប្រឈមមុខ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​សម្រាប់​កងទ័ព​ផងដែរ​៕


Tag:
 បារាំង​
  Canard Enchaîné
  Richard Reboul
  Richard Reboul
© រក្សាសិទ្ធិដោយ thmeythmey.com