អន្តរជាតិ
ឥណ្ឌូណេស៊ី ហាម​ដៃគូ​រកស៊ី​របស់លោក ត្រាំ ចេញពី​ប្រទេស​ព្រោះ​គំរាម​រដ្ឋអាជ្ញា​
28, Jun 2017 , 10:39 pm        
រូបភាព
​ដៃគូ​ជំនួញ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ឥណ្ឌូណេស៊ី ត្រូវបាន​អាជ្ញាធរ​ហាមឃាត់​ចាក​ចេញពី​ប្រទេស បន្ទាប់ពី​រង​ការចោទប្រកាន់ថា​បាន​គំរាម​មន្ត្រី​រដ្ឋអាជ្ញា​ម្នាក់​តាមរយៈ​សារ​ទូរ​សព្ទ​។ លោក Hary Tanoesoedibjo បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​លោក ត្រាំ ដើម្បី​សាងសង់​កន្លែង​កំសាន្ត​ប្រណីត​នៅ​កោះ​បាលី​។ យ៉ាងណាក្ដី មេធាវី​លោក Hary Tanoesoedibjo អះអាងថា សេដ្ឋី​រូបនេះ​មិនបាន​ធ្វើ​ខុស​ដូច​ការចោទប្រកាន់​ឡើយ​។



​មហាសេដ្ឋី​ឥណ្ឌូណេស៊ី លោក Hary Tanoesoedibjo ដែល​រកស៊ី​ជំនួញ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​អាជ្ញាធរ​ដាក់​បម្រាម​ចាក​ចេញពី​ប្រទេស​រយៈ​២០​ថ្ងៃ ក្រោយ​មាន​សំណើ​ពី​អង្គភាព​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​របស់​ប៉ូលិស​ឥណ្ឌូណេស៊ី​។ បើតាម​ការប្រកាស​រប​ស់​អ្នកនាំពាក្យ​នាយកដ្ឋាន​អន្តោប្រវេសន៍​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​២៨ ខែមិថុនា លោក Tanoesoedibjo បាន​បំពាន​ច្បាប់​ស្ដីពី​ព័ត៌មាន និង​ការផ្ទេរ ព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Tanoesoedibjo ដែល​ល​ជា​ម្ចាស់​ក្រុមហ៊ុន MNC រកស៊ី​លើ​វិស័យ​សារព័ត៌មាន​ដល់​វិស័យ​អចលនទ្រព្យ ត្រូវបាន​ជាប់​ឈ្មោះ​ជា​ជនសង្ស័យ​ម្នាក់​ដែល​បាន​ផ្ញើ​សារ​គំរាម​ទៅ​ឲ្យ​រដ្ឋអាជ្ញា​ម្នាក់ ស្របពេល​រដ្ឋអាជ្ញា​នេះ​កំពុង​ស៊ើបអង្កេត​ក្រុមហ៊ុន​សារព័ត៌មាន​ចំណុះ​ឲ្យ MNC ។ ប៉ុន្តែ​មេធាវី​ការពារ​ក្ដី​លោក Tanoesoedibjo និយាយថា សារ​របស់​កូនក្ដី​ខ្លួន​មិនបាន​គំរាម​អ្នកណា​ឡើយ​។

​ដោយឡែក​លោក Tanoesoedibjo វិញ ក៏បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងឡាយ​មកលើ​រូបលោក​ដែរ​។ ក្នុងករណី​រកឃើញថា​មាន​កំហុស​មែន​នោះ លោក Tanoesoedibjo ត្រូវ​ជាប់ពន្ធនាគារ​ដ​ល់​ទៅ​៤​ឆ្នាំ ហើយ​ត្រូវ​ពិន័យ​ទឹកប្រាក់​ចំនួន​៥៦០០០​ដុល្លារ​ថែមទៀត​។

​សូមបញ្ជាក់ថា លោក Tanoesoedibjo បាន​បង្កើត​បក្សនយោបាយ​មួយ​ក្នុង​ឆ្នាំ​២០១៥ បន្ទាប់ពី​បាន​ចូលរួម​ប្រជែង​កៅអី​អនុ​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៤ ប៉ុន្តែ​មិន​ទទួលបាន​ជោគជ័យ​ឡើយ​។ លោក​ក៏​កំពុង​ពិចារណា​ចូលរួម​ការបោះឆ្នោត​ប្រធានាធិបតី​ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០១៩ ផងដែរ​។ សេដ្ឋី​រូបនេះ ចាត់ទុក​ជ័យជម្នះ​របស់លោក ត្រាំ គឺជា​ការជំរុញ​ចិត្ត​របស់​អ្នកនយោបាយ​ជើង​ថ្មី មិន​សម្បូរ​បទពិសោធ​។​

​បច្ចុប្បន្ននេះ ក្រុមហ៊ុន​សំណង់​របស់លោក Tanoesoedibjo កំពុង​សាងសង់​រី​សត​ចំនួន​ពីរ​កន្លែង មួយ​នៅ​កោះ​បាលី និង​មួយទៀត​នៅ​ខេត្ត​ជ្វា​ខាងលិច​។ រី​សត​ទាំងពីរ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុមហ៊ុន Trump Hotel Collection ដែលជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ជាច្រើន​របស់​ប្រធានាធិបតី​អាមេរិក​។ ដោយសារ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជិតស្និទ្ធ​ជាមួយ​លោក ត្រាំ លោក Tanoesoedibjo ក៏​ចង់​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស​ទៀតផង​៕  
    


Tag:
 ឥណ្ឌូណេស៊ី​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  Hary Tanoesoedibjo
© រក្សាសិទ្ធិដោយ thmeythmey.com