អន្តរជាតិ
ប្រធានាធិបតី​កូរ៉េ​ថ្មី​លោក មូ​ន ចេ​អ៊ី​ន ត្រៀម​ជួប​លោក ដូ​ណា​ល់ ត្រាំ ជា​លើកដំបូង​
29, Jun 2017 , 2:14 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន ទៅ​ក្រុង​វ៉ាស៊ីនតោន​ថ្ងៃ ២៨ ខែមិថុនា​ដើម្បី​ជួប​ជាមួយ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ​។ ជំនួប​រវាង​ប្រធានាធិបតី​ទាំងពីរ នឹង​ផ្ដោត​សំខាន់​លើ​ការស្វែងរក​វិធាន​ការដែល​អាច​ទប់ស្កាត់​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ពង្រឹង​សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​



​លោក មូ​ន ចេ​អ៊ី​ន ចេញ​ពី​កូរ៉េ​នៅ​ថ្ងៃ​ពុធ​ទី ២៨ មិថុនា​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​បួន​ថ្ងៃ​នៅ​អាមេរិក និង​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​។  វា​ជា​ជំនួប​លើកដំបូង​បំផុត​ដែរ​ចាប់ពី​ពេលដែល​លោក​ឡើងកាន់តំណែង​ខែ​មុន​។​

 កន្លងមក​លោក ត្រាំ ក៏បាន​ចូលរួម​អបអរ​លោក មូ​ន ចេ​អ៊ី​ន តាម​ទូរ​សព្ទ​ដែរ​មុនពេល​លោក​ឡើងកាន់តំណែង​ជា​ផ្លូវការ​។ ដំណើរ​ទស្សនកិច្ច​លោក​ទៅកាន់​អា​មេ​រិល​នេះ ធ្វើឡើង​តាម​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី ត្រាំ​។

​មន្ត្រី​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​លើកឡើងថា ការកសាង​ចំណងមិត្តភាព និង​សេចក្ដីទុកចិត្ត​រវាង​លោក មូ​ន ចេ​អ៊ី​ន និង​លោក ដូ​ណា​ល់ ត្រាំ ពិតជា​សំខាន់​ខ្លាំងណាស់​។ នេះ​ក៏​ព្រោះថា ប្រធានាធិបតី​ទាំងពីរ​នឹងត្រូវ​ដឹកនាំ​ប្រទេស​សម្ព័ន្ធមិត្ត​យ៉ាងហោចណាស់​ក៏​បួន​ឆ្នាំ​ទៀត​ដែរ​។

​លោក​Chung Eui-yong ប្រធាន​ផ្នែក​សន្តិសុខ​ជាតិ​នៃ​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ពោល​ដូច្នេះ​ថា​៖«​យើង​សង្ឃឹមថា​ប្រធានាធិបតី​ទាំងពីរ​នឹងមាន​ទំនាក់ទំនង​ជិតស្និទ្ធ និង​មាន​ទំនុកចិត្ត​ចំពោះ​គ្នា​ទៅវិញទៅមក​។​ដូច្នេះ ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ​ទៀត​អ្នក​ទាំងពីរ​ប្រឹក្សា​យោបល់​តាម ទូរស័ព្ទ​នៅពេលដែល​មានការ​ចាំបាច់ និង​អាច​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​ឬ​មាន​ជំនួប​ជាមួយគ្នា​ផងដែរ »​។​

​គួរបញ្ជាក់​ផងដែរ​ថា លោក ដូ​ណា​ល់ ត្រាំ​នឹង​ចប់​អាណត្តិ​នៅ​ឆ្នាំ​២០២២ ចំណែកឯ​លោក​មូ​ន​ចេ​អ៊ី​ន​នឹង​ចប់​អាណត្តិ​ក្នុង​ឆ្នាំ​២០២៣ ខែឧសភា​។​
​ដើម្បី​បង្ហាញ​ពី​សំខាន់​នៃ​សម្ព័ន្ធភាព​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង ហើយ​លោក​មូ​ន​ចេ​អ៊ី​ន​ផ្ទាល់​ក៏មាន​ប្រវត្តិ​ទាក់ទង​នឹង​សង្គ្រាម​កូរ៉េ​ឆ្នាំ ១៩៥០ ដែរនោះ លោក​នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​កន្លែង​គោរព​វិញ្ញាណក្ខន្ធ Jangjin Lake Campaign ដែល​ស្ថិតនៅ​រដ្ឋ Virginia​។​

​បន្ថែម​ពីនេះ លោក  មូ​ន ចេ​អ៊ី​ន និង​ភរិយា​ក៏​នឹងចូលរួម​ពិសារ​អាហារ​ពេល​ល្ងាច​ជាមួយនឹង​ក្រុមគ្រួសារ​របស់លោក ដូ​ណា​ល់ ត្រាំ នៅ​សេត​វិមាន​នា​ថ្ងៃ​ព្រហស្បតិ៍ ដែរ​។​

​សូម​ជម្រាប​ផងដែរ​ថា សមរភូមិ​ឆ្នាំ​១៩៥០ គឺជា​ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បំផុត​មួយ​ក្នុងចំណោម​សមរភូមិ​ផ្សេងទៀត​ក្នុង​សង្គ្រាម​កូរ៉េ​ចន្លោះ​ពី​ឆ្នាំ​១៩៥០ ដល់​១៩៥៣​។ សមរភូមិ​នេះហើយ​បាន បាន​ពន្យារ​ការ​រុលចូល​មកដល់​របស់​ក​ង​ទ័ព​ចិន និង​កូរ៉េខាងជើង ហើយ​វា​អនុញ្ញាត​ឲ្យ​មានការ​ជម្លៀស​ប្រជាជន​ប្រមាណ​ជា​៩​ម៉ឺន​នាក់​ចេញពី​ខេត្ត​Hungnam​ដែល​បច្ចុប្បន្ន​ជា​ទឹកដី​កូរ៉េខាងជើង​។​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ក្រុមគ្រួសារ​របស់លោក មូ​ន ក៏បាន​ស្ថិត​ក្នុងចំណោម​ប្រជាជន​៩​ម៉ឺន​នាក់​ដែល​ត្រូវ​ជម្លៀស​នេះដែរ ដោយសារតែ​ការជម្លៀសចេញ​នេះហើយ​ទើប​លោក និង​ក្រុមគ្រួសារ​អាចមាន​ជី​វីត​មកដល់​សព្វថ្ងៃ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com