កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao អាច​ជួប Floyd ម្តងទៀត បើ​ឈ្នះ​ការប្រកួត​ជាមួយ Horn
29, Jun 2017 , 7:19 pm        
រូបភាព
​ការប្រកួត​រវាង Floyd Mayweather និង Manny Pacquiao អាច​នឹង​កើតឡើង​ម្តងទៀត​ប្រសិនបើ​អ្នក​ប្រដាល់​ហ្វីលីពីន​ដ៏​ល្បីល្បាញ​រូបនេះ ឈ្នះ​ការប្រកួត​ជាមួយនឹង​កីឡាករ​អូស្ត្រាលី Jeff Horn នៅ​ចុង​សប្តាហ៍​នេះ​។ នេះ​ជាស​ម្តី​លោកគ្រូ​បង្វឹក​របស់ Pacquiao ដែល​បាន​ប្រាប់​ក្រុម​អ្នកការ​សែត​ក្នុង​ទីក្រុង Brisbane នៅ​ថ្ងៃ​អង្គារ ទី​២៧ ខែមិថុនា​នេះ​។​



​គ្រូបង្វឹក​របស់​ស្តេច​ប្រដាល់​អាស៊ី​លោក Freddie Roach មិនបាន​បោះបង់​ការប្រកួត​ជាមួយ អ្នក​ប្រដាល់​មិន​ស្គាល់​ចាញ់ Mayweather ឡើយ​ហើយ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ការប្រកួត​រវាង​កំពូល​អ្នក​ប្រដាល់​ទាំងពីរ​នឹង​កើត​ឡើងជា​លើក​ទី​២​។​


​​              លោក  Freddie Roach (ឆ្វេង) គ្រូបង្វឹក Manny Pacquiao

​សារព័ត៌មាន​កីឡាប្រដាល់​ពិភពលោក World Boxing News បានបង្ហាញ​សេចក្តីអធិប្បាយ​របស់ Roach នៅមុខ​ការប្រកួត​រវាង Pacquiao-Horn យ៉ាងនេះ​ថា​៖«Pac-Man ត្រូវតែ​ឈ្នះ​ក្នុងការ​ប្រកួត​នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​ជួប​ជាមួយ Floyd នៅលើ​សង្វៀន​ម្តងទៀត​។ តែ​បើសិនជា​គាត់​ចាញ់ ខ្ញុំ​ប្រហែលជា​ជំរុញ​ឲ្យ​គាត់​ចូលនិវត្តន៍​ហើយ​»​។​

​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​៨​ស្ថាប័ន​វ័យ​៣៨​ឆ្នាំ​សញ្ជាតិ​ហ្វីលីពីន ធ្លាប់​ចាញ់​អ្នក​ប្រដាល់​អាមេរិក​វ័យ​៤០​ឆ្នាំ​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ​២០១៥ ដែល​ការប្រកួត​នោះ​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​ជួបគ្នា​ប្រចាំ​សតវត្សរ៍​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាប្រដាល់​ផងដែរ​។​

Pacquiao នឹង​ឡើង​ការពារ​ខ្សែក្រវាត់ WBO របស់ខ្លួន​ជាមួយ​អ្នក​ប្រដាល់​អូស្ត្រាលី Jeff Horn នា​កីឡដ្ឋាន Suncorp Arena ស្ថិតក្នុង​ទីក្រុង Brisbane ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃទី​២​ខែកក្កដា​សប្តាហ៍​នេះ​។ ចំណែក Floyd នឹង​ឡើង​វាយ​ជាមួយ​កំពូល​អ្នក​វាយ​ក្នុង​ទ្រុង Conor McGregor ក្នុង​ប្រភេទ​ទម្ងន់​មធ្យម នា​ថ្ងៃទី​២៦ ខែសីហា​ខាងមុខនេះ នៅ​ទីក្រុង Las Vegas៕


Tag:
 ប្រដាល់​
  Manny Pacquiao
  Floyd Mayweather
© រក្សាសិទ្ធិដោយ thmeythmey.com